Popular Posts

Friday, May 25, 2012

ខ្ញុំត្រូវឈប់ខុស

(បទបថ្យាវត្ត)
            ១.  ចិត្តលោភល្មោភជ្រើមហាក់ខ្ពើមក្តីសុខ                   កាមរាគអុកឡុកគិតរឿងឥតន័យ
              មានគ្រួសារហើយនៅឡើយលួចឆី                        ស្រីមួយពីរបីហាក់មិនស្ងប់ចិត្ត។
            ២.  ឬមួយរូបខ្ញុំទុក្ខព្រោះតែក្តិត                                     កាមគុណជាប់ស្អិតខ្ញុំស្រាយមិនបាន
                  មានប្រពន្ធកូនមិនផ្តល់សុខសាន្ត                            បែរប្រឹងរុញច្រានឲ្យសោយទឹកភ្នែក។
            ៣.  បីដូចជាឃ្មុំទ្រនំបាក់មែក                                        ញាតិមិត្រយំយែកកូនចៅវេទនា
                  គ្រួសារសុខុមហាក់ត្រូវកំព្រារ                                 រស់រងរងាក៏ព្រោះខ្លួនឯង។
            ៤.  នេះហើយឫកខ្ញុំចិត្តធំជាក់ស្តែង                              ហ៊ានមកលេងល្បែងបំផ្លាញគ្រួសារ
                  ជាប្រុសចិត្តព្រានស្តែងឫកសាវា                             បីដូចសត្វឆ្មាល្បិចលាក់ក្រចក។
            ៥.  ឬធៀបរូបខ្ញុំបីដូចជាចក                                          ដែលអណ្តែតខកចាកឆ្ងាយផុតច្រាំង
                  ខ្លួនឯងខ្សោយទេតែចិត្តហាក់ខ្លាំង                          ចង់ល្បងកំលាំងតតាំងល្បែងស្នេហ៍។
            ៦.  ដឹងខុសការពិតតែមិនព្រមកែ                                 ឬចង់ប៉ោឡែដល់ក្ស័យសង្ខារ
                  ទើបខ្លួនអស់ចិត្តចាញ់ល្បែងស្នេហា                       ដែលក្នុងលោកាមិនងាយអ្នកឈ្នះ។
            ៧.  តើពេលណាទៅទើបខ្ញុំប្រឹងលះ                              ដុសលាងឲ្យជ្រះកំអែលសាវា
                  ដែលលាក់ក្នុងចិត្តក្រាស់ក្តាំងអស្ចារ្យ                      ឈប់ឆ្កួតស្នេហាគ្រួសារសុខសាន្ត។
            ៨.  ឱ!ប្រពន្ធអើយនិងកូនពីរប្រាណ                             សង្សារកណ្យាណបងពិតខុសក្រៃ
                  បើបោះចោលមួយមួយពិតអាល័យ                        ឬមានតែក្ស័យទើបខ្ញុំផុតទុក្ខ។
            ៩.  បើធ្វើបែបនេះដូចមិនសមមុខ                                 ក្នុងនាមឪពុកជាមេគ្រួសារ
                  មានតែលះចិត្តកាត់ពីសង្ខារ                                   ចាំសាងស្នេហានៅជាតិក្រោយវិញ។
            ១០.ទាល់ធ្វើដូចនេះទើបផុតទុក្ខម្នេញ                           ដែលនៅទួកទេញបំផ្លាញអារម្មណ៍
                  បើចិត្តមិនដាច់ពិតនៅតែក្រំ                                    ទោះសមមិនសមខ្ញុំត្រូវឈប់ខុស។
លីម ចំរើន
ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១២(ម៉ោងៈ ២ៈ១០នាទីព្រឹក)

ស្ម័គ្រឈឺព្រមទាំងពីរប្រាណ

(បទបថ្យាវត្ត)
១.       ភ្នែកខ្ញុំប្រឹងធ្មេចបំភ្លេចរូបស្រី                    តែហាក់ឥតន័យធ្មេចឥតបានការ
          ព្រោះវង្សភក្រ័្តស្រីផ្តិតជាប់ចិន្តា                  ទោះចង់ប្រាថ្នាក៏លុបមិនបាន។
២.      បើរឹងបំភ្លេចទុក្ខមករំខាន                         ហាក់ធ្លាក់ក្នុងឋានស្នេហ៍ក្នុងសុបិន
          ពិតដូចមិនពិតត្រឡប់ត្រឡិន                   ម្តងឆៅម្តងឆ្អិនឲ្យខ្ញុំវង្វេង។
៣.      ទោះចង់រត់គេចមាត់ថាឈប់លេង             តែចិត្តឃ្លោងឃ្លេងកាត់មិនដាច់ឡើយ
          ព្រោះខ្ញុំឈានហួសពិបាកបកក្រោយ         ខ្ញុំ.នាងលេងហើយគ្មានអ្នកចង់ចាញ់។
៤.      ទាំងដឹងការពិតមិនគួរស្រលាញ់                តែចិត្តត្របាញ់ស្រលាញ់ជ្រុលហួស
          បើឈប់ឥលូវពិតគ្មានអ្វីជួស                    ក្រៅពីជំនួសសោយទុក្ខពីរប្រាណ។
៥.      ម្យ៉ាងព្រោះស្នេហ៍នេះទើបផ្តើមសុខសាន្ត    ពិតមិនចង់បានទឹកភ្នែកនោះទេ
          តើធ្វើម្តេចទៅទាំងខ្ញុំទាំងគេ                      ស្នេហ៍រួមរឹតទ្វេគ្មានអ្នកចង់ឈប់។
៦.      ក៏ដឹងដូចគ្នាស្នេហ៍ដូចថ្ងៃយប់                   ព្រលឹមព្រលប់ជួនអណ្តែតលិច
          ពិបាកខ្លាំងណាស់កាត់ចិត្តបំភ្លេច              បីដូចថ្ងៃលិចគ្មានអ្នកឃាត់វា។
៧.      ឯស្នេហ៍ពួកខ្ញុំអាចធៀបដូចគ្នា                  ជួនក្តៅរងានិន្ទាចុងក្រោយ
          ស្នេហ៍ខុសច្បាប់ក្បួនផុងខ្លួនទៅហើយ       ឱ!ម្ចាស់ថ្លៃអ្ហើយខ្ញុំជ្រើសផ្លូវណា?
៨.      ម្ខាងប្រពន្ធកូនម្ខាងជាសង្សារ                   តើចោលមួយណាឬទុកមួយណី?
          បើម្នាក់ម្ខាងៗសុទ្ធស្មោះភក្តី                     គ្រាន់មួយចាស់.ថ្មីតម្លៃដូចគ្នា។
៩.      ឬខុសពីរខ្ញុំចិត្តល្មោភពាលា                      ឆ្កួតកាមចិត្តមារអាត្មានិយម
          តាំងខ្លួនជាព្រានឫកដូចសត្វឃ្មុំ                 ប៉ងឲ្យស្រីយំទើបខ្ញុំអស់ចិត្ត។
១០.    នេះគឺទុក្ខធំដូចចំរៀងពិត                         ទុក្ខសោករួមរឹតព្រោះប្រពន្ធពីរ
          គ្មានទុក្ខអ្វីស្មើនៅលើធរណី                      កាយមួយចិត្តពីរលំបាកបែងចែក។
១១.    បើផ្គាប់ចិត្តម្ខាងម្ខាងពិតយំស្រែក              ទ្រូងខ្ញុំស្ទើរបែកពេលគិតម្តងៗ
          មិនគួរអ្វីខ្ញុំមិនស្រាយចំណង                    បែរប្រឹងរឹងចងលេងល្បែងស្នេហា។
១២.    មានប្រពន្ធហើយប្រឹងលួចសាវា                ឬកម្មពៀរចារបន្សល់ជាតិមុន?
          អាណិតជាងគេកូនហើយប្រពន្ធ                តែទុក្ខរឹងធ្ងន់ស្រីខ្ញុំស្រលាញ់។
១៣.   បើខ្ញុំនិងនាងពិតមិនព្រមចាញ់                  រឹងរឹតស្រលាញ់ដល់ថ្ងៃបែកគ្នា
          ស៊ូរកាត់កេរ្តិ៍ខ្មាស់រងពាក្យនិន្ទា                  ព្រោះស្នេហ៍ហូរហៀរដួសអស់មិនបាន។
១៤.    មានតែស្ម័គ្រឈឺព្រមទាំងពីរប្រាណ           ទើបស្នេហ៍ទៅបានបន្តខាងមុខ
          ទ្រាំលេបគ្រួសថ្មរង់ចាំសោយទុក្ខ              បីដូចជាប់គុកដែលឥតស្រមោល។
១៥.    សូមផ្តាំប្រុសស្រីកុំប្រឹងតាមបោល             ឈោងចាប់ស្រមោលស្នេហ៍ដូចសុបិន
          មានគូឥតគូកុំធ្វើឯងប៉ិន                          លេងល្បែងស្នេហ៍សិនខុសដូចពួកខ្ញុំ។


លីម ចំរើន
ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២(ម៉ោងៈ ៣ៈ១០នាទីព្រឹក)

http://limchamroeun.blogspot.com

កុំត្រាប់តាមខ្ញុំ

(បទបថ្យាវត្ត)
            ១. ដឹងដែរឮដែរតែគេចមិនបាន              អារម្មណ៍រំខានបង្ខំឲ្យគិត
                ដូចមេឃស្រឡះផ្លាស់ប្រែងងឹត         ទុក្ខសោករួមរឹតខ្ញុំព្រួយម្នាក់ឯង។
            ២. ដឹងដែរស្នេហ៍នេះបីដូចជាផ្សែង         ឬដូចជាល្បែងគង់ចាញ់រហាម
                ហេតុអ្វីក៏ខ្ញុំនៅប្រឹងឆ្កួតតាម               មាត់ខ្ញុំប្រឹងហាមតែចិត្តមិនស្តាប់។
            ៣.មិនឃើញមុខម្តងចិត្តហាក់ប៉ងស្លាប់     ស្នេហ៍ខ្ញុំម្តេចយ៉ាប់សាងឡើងខុសគេ
                ប្រុសច្រើនគគោកខ្ញុំមិនស្នេហ៍ទេ       ឬកម្មបុព្វេស្នេហ៍ប្រុសមានម្ចាស់។
            ៤. ចំណែករូបគេក៏ស្នេហ៍ខ្ញុំណាស់          ស៊ូកាត់កេរ្តិ៍ខ្មាស់ឆ្លៀតជួបរាល់ថ្ងៃ
                បើធ្វើយ៉ាងនេះម្តេចដាច់អាល័យ        ឱព្រះម្ចាស់ថ្លៃខ្ញុំគិតយ៉ាងណា។
            ៥. បើបន្តទៀតពិតរងទុក្ខា                     ស្រក់ទឹកនេត្រាថ្ងៃមួយមិនខាន
                ឬមួយកម្មខ្ញុំតាមមករំខាន                 ខ្ញុំគួរទប់ប្រាណខ្លាចរងកម្មក្រាស់។
            ៦. តើធ្វើម្តេចទៅទើបខ្ញុំស្វាងច្បាស់?       ឈប់ស្នេហ៍ផ្តេសផ្តាស់ផ្លាស់ចិត្តស្រស់ថ្លា
                ជួយប្រាប់ខ្ញុំផងត្រូវធ្វើបែបណា          ឈប់ឆ្កួតស្នេហាស្រវាប្តីគេ។
            ៧. កុំត្រាប់តាមខ្ញុំសុខុមគ្មានទេ            ទុក្ខសោករឹតទ្វេឆ្កួតក្នុងសុបិន
                សូមស្រីគ្រប់ប្រាណកុំស្មានឯងប៉ិន     ស្នេហ៍ត្រូវគិតសិនខ្លាចខុសដូចខ្ញុំ។

លីម ចំរើន
(តែងសម្រាប់នារីម្នាក់)
១៩.០៥.២០១២ (ម៉ោងៈ ៩ៈ២០នាទីព្រឹក)


http://limchamroeun.blogspot.com

គុណព្រះរស់

បទបថ្យាវត្ត
     ១.  យំខ្សឹកយំខ្សួលយំរំជួលអង្គ                               អង្គុយមិនត្រង់ឈរក៏មិនស្ងៀម
          អារម្មណ៍ភិតភ័យព្រួយដំណក់ឈាម                   កុំពុងទំបៀមក្នុងផ្ទែមាតា។
     ២. សំលេងស្រែកថ្ងូរសូរសែនអនិច្ចា                        ម្តាយខ្លះឈឺផ្សាព្រោះឈឺចាប់ផ្ទៃ
          មិនថាលោកពុកតាយាយក៏ភ័យ                         បន់អស់មេឃដីយមរាជហាមឆក់។
     ៣. ដង្ហើមខ្សត់ខ្សោយដង្ហើយដង្ហក់                          ភ្នែកសស្លើសស្លក់ឈឺសព្វកាយា
          អារម្មណ៍ក្តុកក្តួលរំជួលចិន្តា                               បន់អស់ដូនតាទេព្តាសព្វឋាន។
     ៤.  សូមជួយម្តាយកូនជួបតែសុខសាន្ត                      ផុតគ្រោះពីរប្រាណជួបតែសិរី
          ឈ្នះអស់កម្មកាចកំណាចអប្រិយ៍                        ឆ្លងផុតទុក្ខភ័យជួបតែសប្បាយ។
     ៥.  នេះគឺរឿងពិតជីវិតអ្នកម្តាយ                               មានកូនគ្រប់កាយពេលឆ្លងទន្លេ
          ពិតសែនលំបាកមិនងាយស្រួលទេ                      កូនគួរគ្នាន់គ្នេរតបគុណព្រះរស់។
     ៦.  មិនថាអ្នកម្តាយពុកក៏យ៉ាប់ហួស                         បីបមថ្នមពោះនឿយហត់ឥតល្ហែ
          ច្របាច់ដៃជើងលើកគ្រាមើលថែ                         ឪហើយនិងម៉ែមានគុណធំក្រៃ។
     ៧. គុណលោកទាំងពីរធំហួសវិស័យ                        មិនអាចកាត់ថ្លៃបូកគុណដឹងបាន
          តម្រូវកូនៗប្រុសស្រីគ្រប់ប្រាណ                         សង់គុណឲ្យបានទាន់លោកនៅរស់។
     ៨.  កុំទាល់លោកស្លាប់នាំគ្នាយំគោះ                         តែលោកស្លាប់ហួសមិនត្រឡប់ឡើយ
          ទើបផ្តើមសោយសោកស្រណោះយំក្រោយ          ពិតគ្មានផលឲ្យត្រឹមស្តាយលុះក្ស័យ។
         
   នៅៈថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១២ (ម៉ោងៈ ១៦ៈ៤៥ នាទីថ្ងៃល្ងាច)
Tel: ០១២ ៥១៩ ១៣៧/០១០ ៧៣០ ០៨៣

http://limchamroeun.blogspot.com

ស្រណោះស្នាមខាំ

បទបថ្យាវត្ត
              ១.  ស្រណោះស្នាមខាំចំណាំក្រឡែត                        ខាំមិនអត់ហេតុខាំព្រោះស្រលាញ់
                   បងដឹងច្បាស់ហើយថាសារ៉ែនក្នាញ់                    បងសូមចុះចាញ់ណាកែវព្រលឹង។
              ២. បើស្នេហ៍យ៉ាងនេះបងក៏ចេះខឹង                          បើខាំម្លឹងៗដាច់សាច់ចេញឈាម
                   អូនត្រូវតែសងសំណងនៅស្ងៀម                        ឲ្យបងថើបភ្លាមទើបបងស្ងប់ចិត្ត។
              ៣. ឲ្យសារ៉ែនអើយកែវស្រស់វរមិត្រ                        តើកម្មអ្វីពិតនាំយើងជួបគ្នា
                   តើល្អអាក្រក់ឬកម្មវេរា?                                     បង្កើតផ្តើមជាស្នេហាខុសក្បួន។
              ៤.  បងចង់បំភ្លេចគេចពីរូបស្ងួន                               តែឈឺចាប់ផ្ទួនជាងជួបរូបស្រី
                   តើធ្វើយ៉ាងណាសូមសួរមេឃដី                          ឬស្នេហ៍មានន័យត្រឹមក្នុងសុបិន។



   ស្រណោះស្នាមធ្មេញ


បទបថ្យាវត្ត
     ១.  ស្រណោះស្នាមធ្មេញញេញខាំស្រលាញ់              សារ៉ែនអូនក្នាញ់ខាំដល់ចេញឈាម
                   ដៃបងជាំខ្មៅតែប្រឹងទ្រាំស្ងៀម                            អូនដឹងលួងភ្លាមបងលួចថើបស្រី។
              ២. ថ្ពាល់អូនក្រអូបឆក់ស្រូបហទ័យ                         បងភ្លេចខឹងស្រីថែមរឹតស្នេហា
                   អូនឃើញចេញឈាមភ័យរត់ឆ្លេឆ្លា                      រកប្រេងក្រឡាលាបដៃឲ្យបង។
              ៣. រួចធ្វើម្ញិកម្ញ៉ក់រត់ពួនបែរខ្នង                                បងចាប់នួនល្អងប្រលោមក្តីស្នេហ៍
                   ទិដ្ឋភាពនេះពិតមិនអាចកែប្រែ                           បងខ្វល់ឥតល្ហែពេលឃ្លាតពិសី។
              ៤.  តើថ្ងៃណាទៅបានថ្មមកាយស្រី?                         ដូចប្រពន្ធប្តីរួមខ្សែវាសនា
                   ព្រោះបងជាប្រុសដែលមានគ្រួសារ                     កាត់ចិត្តទ្រាំផ្សាខ្លាចញាតិនិន្ទា។

ស្ទឹងត្រែង ថ្ងៃ អង្គារទី៨ ខែឧសភា ឆ្នាំ២០១២
តែងចប់ ម៉ោង ១០ៈ ២០​ នាទីព្រឹក

http://limchamroeun.blogspot.com

អាសូរខ្លះផង

(បទបថ្យាវត្ត)
       .ប៉ាស្ទើរស្រក់ឈាមបៀមទុក្ខក្នុងទ្រូង                  បីដូចអន្លូងសំពងក្បាលប៉ា
          កូនគេមានខ្សែរចាក់ថ្នាំបង្ការ                              កូនខ្ញុំលេសថាអត់ធ្វើការងារ។
       .កូនង៉ែតជិតខាងយំឆ្លើយឆ្លងគ្នា                          ខ្ញុំឮវេទនាសង្វេគចិត្តក្រៃ
          ឬកូនខ្ញុំថោកឯកូនគេថ្លៃ                                    មិនស្មើសត្វចៃឬឆ្កែស្រុកគេ។
       .កូនខ្ញុំកូនមនុស្សមិនមែនឆ្កែទេ                           តម្លៃក្រៃទ្វេក៏ត្រូវការរស់
          ធ្វើឲ្យសមរម្យសង្គមផ្តល់ឈ្មោះ                          តម្លៃកិត្តិយសគង់វង្សអមតៈ។
       .ល្មមឈប់ចែកទៅសង្គមវណ្ណៈ                           សំអាងពួកបក្សអាក្រក់ណាស់ណា
          ត្រូវការសង្រ្គោះចាយសុទ្ធដុល្លារ                         ចុះស្រែចំការគេអាងពឹងអ្វី?។
       .កូនខ្ញុំតើពេទ្យគេទុក្ខដូចស្អី?                              និងកូនដទៃអ្នកក្រវិញនោះ
          ក៏សុទ្ធតែខ្មែរគឺជាមនុស្ស                                   សូមពេទ្យខូចនោះអាសូរខ្លះផង។
     ៦.  ឈប់ខុសពាលាសាងរឿងសៅហ្មង                    អាក្រក់កន្លងជាតិខ្មែរដូចគ្នា
          គួរប្រឹងព្យាបាលមេត្តាឆាប់ជា                             កុំប្រឹងស្ទុះស្ទារឆ្ងាញ់តែដុល្លារ។
     ៧. រក្សាតម្លៃសីលធម៌ផងណា                                កុំឲ្យបាតផ្សារអ្នកផងនិន្ទា
          យើងជាតិតែមួយត្រូវប្រឹងជួយគ្នា                        ទើបសមមុខងារគ្រូពេទ្យគំរូ។
     ៨.  បានលុយឥតលុយសូមកុំរអ៊ូ                              ព្យាបាលស្បើយធូរគេគង់នឹកគិត
          ជូនខ្លះតិចតួចតាមសទ្ទាពិត                               សូមកុំតូចចិត្តអ្នកខ្លះក្រក្រី។
     ៩.  ពេទ្យគេធ្វើល្អខ្ញុំសូមអភ័យ                                មិនប៉ះពាល់អីមានតែគោរព
          ដឹងគុណគ្រប់គ្នាមិនថាថ្ងៃយប់                            សុខសាន្តលើសលុបជួបតែមង្គល។
     ១០.បើពេទ្យខូចខឹងមេត្តាស្វែងយល់                        ថ្ងៃក្រោយជួបជល់សិរីហូរហៀរ
          អស់អ្នកជំងឺឈប់ស្តីនិន្ទា                                   ពេទ្យខ្មែរគ្រប់គ្នាល្បីល្បាញរុងរឿង។

ស្ទឹងត្រែង ថ្ងៃ អង្គារទី៨ ខែឧសភា ឆ្នាំ២០១២
តែងចប់ ម៉ោង ២ៈ ២០ ព្រឹក

http://limchamroeun.blogspot.com

កង្វល់ខ្ញុំ

ជំរាប់សួរមិត្តអ្នកអានព្រមទាំងបងៗអ៊ំៗទាំងអស់
ដែលបានធ្លាប់ស្គាល់ឈ្មោះខ្ញុំ លីម ចំរើន ព្រមទាំងបានជួយគាំទ្រស្នាដៃរបស់ខ្ញុំកន្លងមក។ សូមមេត្តាលើកលែងអភ័យទោសឲ្យរូបខ្ញុំបាទដោយអនុគ្រោះផងចុះ ទោះជាទង្វើទាំងឡាយនោះខុស ដោយចេតនាឬដោយអចេតនាក្តី។ ថ្ងៃនេះទោះជាហួសពេលបន្តិចទៅហើយក្តីក៏រូបខ្ញុំសូមប្រាប់ដំណឹង ដ៏ល្អបំផុតនិងការឈឺចាប់បំផុតរបស់ខ្ញុំ។សូមជួយឲ្យអ្នកទាំងអស់គ្នាមេត្តាជួយសប្បាយរីករាយជាមួយខ្ញុំផងនិងជួយរំលែកទុក្ខក្នុងចិត្តរបស់ខ្ញុំផងនៅពេលនេះដែរ។ ខ្ញុំចង់ប្រាប់ថា ប្រពន្ធបស់ខ្ញុំបានជួយបង្កើត សមាជិតថ្មីម្នាក់ទៀតឲ្យខ្ញុំហើយ គឺ ខ្ញុំមានកូនស្រីម្នាក់ទៀតហើយ ឈ្មោះថា​ លីម លក្ស្មី  កើតថ្ងៃអាទិត្យ ទី០៦ ខែឧសភា ២០១២ កន្លងទៅនេះ ដោយលំបាក់បំផុត គឺដោយ បូមយកចេញមក ទាំងម្តាយទាំងកូនខ្សោយណាស់លំបាក់ តែបានជោគជ័យហើយ​ ប៉ុន្តែខ្ញុំសែនតូចចិត្តបន្តិចដែលមិនបាន ចាក់ថ្នាំបង្ការ ជំងឺរបេង និង រលាកថ្លើមប្រភេទបេ ឲ្យបានទាន់ពេលវេលាដូចកូនគេ ធ្វើទេព្យមាន ខ្សែទាក់ទងយកមកចាក់ខ្លួនឯងទាន់ពេលវេលា។ខុសកូនប្រុសខ្ញុំមុនឈ្មោះ លីម ឧត្តមមុនី បាន យាយវានាំយកទៅចាក់នៅពេទ្យឯកជនខាងក្រៅទាន់ពេលក្នុងកំឡុងពេល ២៤ម៉ោង បន្ទាប់ពីកើតមក តែកូនស្រីខ្ញុំវិញគឺ២យប់ហើយមិនទាន់បានចាក់ផងគេថាចាំទៅមណ្ឌលសុខភាពវិញបានគេចាក់ថ្នាំឲ្យ ។ តើពេទ្យបង្អែកខេត្តមួយទាំងមូលពិតជាមិនមានថ្នាំវាក់សាំងចាក់ឲ្យមែន? ព្រោះថ្នាំនេះគេថាមានប្រសិទ្ធ ភាពល្អក្នុងតែ ២៤ម៉ោងទេ ល្អបំផុតនោះ បើក្រោយ និងហេង ស៊យ ទេ។ (ខ្ញុំក៏មិនដឹងឡើយ) នៅពេលនេះកូនពេទ្យនោះដេកយ៉ាងស្ញៀមស្ងាត់ មិនលំបាក់ដូនកូនស្រីខ្ញុំ និងអ្នកជិងខាងក្នុងបន្ទប់ជា មួយគ្នាត្រូវដេករងចាំពេទ្យធ្វើការចាក់ថ្នាំបង្ការថ្ងៃស្អែក ទាំងអស់គ្នានោះ៥នាក់កំពុងធ្វើទុក្ខម្តាយឪពុក យាយតាវា។ឯអ្នកខ្លះហួសពេល៣ថ្ងៃមកហើយ។តើត្រង់នេះសមទេ? ខ្ញុំក៏មានលុយខ្លះដែលតែមិនដឹង ធ្វើយ៉ាងម៉េចព្រោះមិនធ្លាប់អាងម៉ែឪ ឥលូវ ពួកគាត់លំបាករវល់ផងមិនបានមកជួយជាប់លាប់ទេ ព្រោះ សំអាងថាមានខ្ញុំជាប្តីមកហើយ តែប្តីឡឺកឺ មិនដឹងធ្វើយ៉ាងម៉េចមានតែអង្គុយសរសេរកំណាព្យរៀបរាប់ ការឈឺចាប់តែម្នាក់ឯងស្តាប់កូននិងម្តាយស្រែកយំថ្ងូរព្រមជាមួយកូនអ្នកជិតខាងគួរឲ្យសង្វេងខ្លោចចិត្ត បំផុតព្រោះមិនអាចជួយកូននិងប្រពន្ធបានជាមួយកូនអ្នកជិតខាងយំឲ្យឆ្លើយឆ្លងពេញបន្ទប់គ្មានអ្នកគ្រូ ពេទ្យឬលោកគ្រូពេទ្យណាមកជួយសួរនាំអ្នកជំងឺកូនខ្ចី​ពីមូលហេតុយំ ឬត្រូវការអ្វី? បែបទៅជានាំគ្នា ទៅធ្វើអ្វីផ្សេងឥតប្រយោជន៍ទៅវិញ ដូចជា ដេក,ជុំគ្នាលេងល្បែង...។តែខ្ញុំសូមនិយាយចំពោះតែអ្នកខុស ទេអ្នកជួយខ្ញុំគេជួយ ល្អត្រឹមត្រូវខ្ញុំសូមមិននិយាយមើលងាយប៉ះពាក់ពួកលោកទេ មានតែដឹងគុណនិង កោតសរសើរអំពីឧត្តគតិរបស់គាត់ពិតៗជួយមនុស្ស។ ក្រៅពីអ្នកក្រជិតខាងគ្នាជួយសួរនាំយក អាសារគ្នា ទៅវិញទៅមកនោះគ្មានឡើយ។
          ថាខ្ញុំចុះលំបាក អ្នកខ្លះទៀតក្បាលមួយគ្មានអ្នកណាមកជួយមើលថែប្តីរវល់ផឹកនៅជាប់គ្រែកូនខ្ញុំ ដេកមានតែពីរនាក់កូន ហើយមានអ្នកខ្លះទៀតកូនយំស្ទើរពេញមួយយប់ព្រោះគ្មានទឹកដោះឲ្យកូនបៅគ្រប់ ទាំងអស់នេះគឺជាទិដ្ឋភាពខ្ញុំបានជួបផ្ទាល់ខ្លួនឯងពិតៗក្នុងមួយជីវិតខ្ញុំ​ វាពិតជាលំបានចិត្តកាយណាស់។ ខ្ញុំក៏ធ្លាប់បានតែងកំណាព្យនិយាយអំពីគ្រូពេទ្យនេះដែរកន្លងមកតែមិនសូវឈឺចាប់បំផុតធ្លាក់ចំពោះកូនឯង នៅពេលនេះទេ។ ខ្ញុំមិនបានដេកស្ទើពេញមួយយប់ព្រោះកូនមិនស្រួលដេកមិនសូវលក់បារម្ភពេក។ ទើបសរសេរកំណាព្យមួយបទទុកគ្រាន់បានមានប្រិយមិត្រអ្នកស្គាល់ខ្ញុំជួយបានបង្ហោះការឈឺចាប់ របស់ខ្ញុំផងព្រមទាំងជួយបង្ហាញជូនពិភពលោកឲ្យបានដឹងថាអ្នកជំងឺខ្លះនៅស្រុកខ្មែរមិនបានស្មើឆ្កែមួយ ក្បាលនៅស្រុកក្រៅផងបើតាមខ្ញុំមើលឯកសារសត្វ។ (ខ្ញុំឈឺចាប់ឈឺចិត្តណាស់)
សំគាល់
ខ្ញុំសូមសួរសំនួរមួយផងបើបងប្អូនណាដឹងមេត្តាជួយស្រាយកង្វល់ខ្ញុំផង ខ្ញុំឮគេថាកូនកើតដោយបូម ដូចនេះ១០នាក់មាន៩នាក់មានបញ្ហាខួរក្បាលនៅពេលធំ?ឬអាចស្លាប់ផង? តើពិតទេ?បើបងប្អូនណា បានស្គាល់អ្នកចេះដឹងសូមមេត្តាជួយសួរពន្យល់បកស្រាយខ្លីក៏បាន ឲ្យខ្ញុំបានយល់ដឹងខ្លះការពារទាន់ ពេលវេលាផង។ ខ្ញុំជាឪពុកក្មេងខ្ចីម្នាក់នេះល្ងង់បារម្ភខ្លាចណាស់។

សូមមេត្តាទទួលយកការរាប់អានដោយស្មោះអំពីខ្ញុំផង។
លីម ចំរើន

(ផ្តើមសរសេរគិតម៉ោង​ ១២ៈ២៥ រំលងអធ្រាត្រ ដល់ ២ៈ២៥ ព្រឹក)

(ថ្ងៃអង្គារ​​ ទី៨ ខែឧសភា ឆ្នាំ២០១២)

http://limchamroeun.blogspot.com

នឹកឡើងឈឺចាប់

បទបថ្យាវត្ត
              ១. នឹកឡើងឈឺចាប់តើប្រាប់អ្នកណា?                  ទ្រូងសែនខ្លោចផ្សាទួញសោកម្នាក់ឯង
                   ខ្ញុំឃើញពេទ្យច្បាស់ជុំគ្នាលេងល្បែង                ក្តិបពេទ្យជាក់ស្តែងខូចខុសសីលធម៌។
             
              ២. ពេលខ្ញុំឃើញភ្លាមចិត្តខឹងក្តៅញ័រ                     ប្រឹងទ្រាំមិនពាល់ព្រោះគិតវែងខ្លី
                   ខាំមាត់លែបទុក្ខទ្រាំមិនចេញស្តី                       តែក្នុងចិត្តភ័យកូនស្រីឥតស្បើយ។
              ៣. ម្យ៉ាងមិននិយាយពេទ្យគេល្អឡើយ                   តែសុំផ្តាំឲ្យពេទ្យខុសកែខ្លួន
                   រក្សាក្រិតក្រមសីលធម៌ច្បាប់ក្បួន                     ឲ្យបានមាំមួនថ្លៃថ្នូរខ្លះផង។
              ៤. ខ្ញុំនិងប្រពន្ធឈឺចាប់កន្លង                               កូនយំស្រែកផងតើពឹងអ្នកណា?
                   គ្មានពេទ្យមកក្បែរសូរនាំបញ្ហា                         បើមកពេលណាប្រាថ្នាតែប្រាក់។
              ៥. ហុចឲ្យតិចតួចលួចមកថ្នមថ្នាក់                       សួរនាំលើកដាក់វាចាផ្អែមល្ហែម
                   តែបើគ្មានប្រាក់មុខស្អុយជេរថែម                     ល្បិចពេទ្យលេងតែមក្លែមឆ្ងាញ់តែប្រាក់។
              ៦. តើថ្ងៃណាទៅពេទ្យខ្មែរលុបថ្នាក់?                     ឈប់ស្នេហ៍តែប្រាក់គិតក្រមសីលធម៌
                   ឲ្យជាតិដ៏ទៃគេទទួលស្គាល់                             ពេទ្យខ្មែរខ្ពើមពាល់មិនឆ្ងាញដុល្លារ។
              ៧. លើកយសពេទ្យខ្មែរឲ្យខ្ពស់ថ្លៃថ្លា                      ត្រកូលខេមរាពូជសាងអង្គរ
                   អ្នកឈឺជាតិខ្មែរឈប់ដៀលជេរថ្ងូរ                    ទេព្តាជូនពរសុខសាន្តអមតៈ។              


-ក្តិបពេទ្យគឺៈ សំដៅលើពេទ្យចូលថ្មីៗនិងពេទ្យស្តាថ្មីៗ មានអ្នកសំអាតផង។

នៅៈថ្ងៃចន្ទ័ ​ទី១៤ ខែឧសភា ឆ្នាំ២០១២ (ម៉ោងៈ ០៩ៈ៣៥ នាទីព្រឹក)
Tel: ០១២ ៥១៩ ១៣៧/០១០ ៧៣០ ០៨៣

http://limchamroeun.blogspot.com