Popular Posts

Monday, April 9, 2012

ជូនពរឆ្នាំថ្មី

http://limchamroeun.blogspot.com/


           

(បទពំនោល)

                   ១.    ខ្ញុំសូមជូនពរឆ្នាំថ្មី                           ខ្មែរជួបសិរី                ប្រុសស្រីទូរទាំងរដ្ឋា។
                ២.    រកស៊ីមានបានផ្លែផ្កា                       សំបូរហឺហារ                ត្រូវការមិនខ្វះប្រាក់ចាយ។
                ៣.   សុវត្ថិភាពជិតឆ្ងាយ                        គ្រប់គ្នាសប្បាយ                ខ្វល់ខ្វាយរលាយបាត់អស់។
                ៤.    ទុក្ខសោកកម្មពៀរកៀនកោះ            ត្រូវបានស្រាយអស់                ដូរដោះប្តូរវិញសុខសាន្ត។
                ៥.    ក្មេងចាស់ប្រុសស្រីគ្រប់ប្រាណ        រស់សុខក្សេមក្សាន្ត                ជួបបានតែក្តីមង្គល។
                ៦.    សត្រូវកុំឲ្យជួបជល់                        ប្រែមិត្តយោគយល់                និមលឈ្នះទាំងអស់គ្នា។
                ៧.   កើនយសកើតទ្រព្យហូរហៀរ           ខ្មែរឈប់ឈ្លោះគ្នា                សុខជាឈ្នះគ្រប់ទិសទី។
                ៨.    ព្រះនាងកិមិរាទេវី                          គ្រងបឋវី                នាទីទេព្តាឆ្នាំថ្មី។
                ៩.    លោកប្រោសប្រទានពរជ័យ            ដល់ខ្មែរគ្រប់វ័យ                ផុតភ័យមិនមានចន្លោះ។
                ១០.  ខ្មែរក្នុងខ្មែរក្រៅទាំងអស់                 ចិត្តខ្មៅប្តូរដោះ                ស្ម័គ្រស្មោះរួបរួមសាមគ្គី។                                                                                            

សំគាល់ៈ ពាក្យ បឋវី គឺអានថា (បៈឋៈវី)​   ប្រែថា ផែនដី ...។                                                             លីម ចំរើន ០៣.០៤.២០១២

កូនស្រីភ្ញាក់ឡើង



(បទពំនោល)
     ១.  កូនស្រីភ្ញាក់ឡើងណាពៅ          អាសូរម៉ែឪ                   រងនូវទឹកភ្នែករាល់ថ្ងៃ។
     ២. ព្រោះតែកូនស្រីថ្លើមថ្លៃ             បំផ្លាញតម្លៃ                  ស្រីថ្លៃមាសមេខ្លួនឯង។
     ៣. ដើរលេងសប្បាយឥតក្រែង       ស្នេហ៍ស្និទ្ធអួតស្តែង       សម្ញែងមិនខ្មាស់អ្នកផង។
     ៤.  កៀកអើយផ្អែមល្ហែមអូនបង      ​នៅមុខក្រោយខ្នង         តបស្នងសងគុណឪម៉ែ។
     ៥.  ធ្វើខ្លួនចរិតប៉ោឡែ                   ខ្វះញាតិគេស្នេហ៍          មានតែនិយាយដើមហុយ។
     ៦.  កិត្តិយសខូចខុសប្រែផុយ          ហាក់រលួយស្អុយ           ក្លិនហុយអសោចគ្រួសារ។
     ៧. គ្មានចិត្តអាសូរម៉ាក់ប៉ា               ទ្រូងសែនខ្លោចផ្សា        ហួសថ្លាថ្លែងបៀមទុក្ខព្រួយ។
     ៨.  ពិតជាត្រូវការជំនួយ                 ឲ្យកូនស្រីស្ទួយ             សោះជួយព្រួយសោកនៅមុខ។
     ៩.  សូមឲ្យប៉ាម៉ាក់ផុតទុក្ខ               ទ្រូងក្តៅគគុក               នៅមុខរលាយសោះសូន្យ។
     ១០.ឱកូន!កូនស្រីអើយកូន             សូមធ្វើជាក្បូន              សណ្តូនចំលងម៉ែឪ។ `
     ១១.នាំទុក្ខសូមកុំឲ្យនៅ                 លុបលាងអាស្រូវ           ម៉ែឪមានកិត្តិយស។
     ១២.គ្រួសារយើងបានខ្ពង់ខ្ពស់         កូនស្រីពីរោះ                មានឈ្មោះកូនកតញ្ញូ។
     ១៣.អ្នកផងពិតយកគំរូ                  កូនឈប់មូទូ                 គិតគូកិត្តិយសគ្រួសារ។
     ១៤.អ្នកផងគេកោតរអា                 កូនស្រីបញ្ញា                 រក្សាតម្លៃខ្លួនឯង។
     ១៥.ម៉ែពុកមិនមែនកំប្លែង               ការពិតជាក់ស្តែង           ត្រូវក្រែងថែវង្សត្រកូល។               

លីម ចំរើន
០៩.០៤.១២




http://limchamroeun.blogspot.com

ក្រឡានស្ទឹងត្រែង

 
(បទពំនោល)

      ១.    ឱ!ខេត្តស្ទឹងត្រែងខ្ញុំអ្ហើយ              ខ្ញុំព្រាត់អ្នកហើយ           គួរឲ្យស្រណោះអាល័យ។
     ២.    ខ្ញុំនឹកអ្នកណាស់ពេកក្រៃ             ចងចាំស្រមៃ                 រាល់ថ្ងៃចងជាប់ក្នុងប្រាណ។
     ៣.   ស្រណោះក្លិនឈ្ងុយក្រឡាន        ភូមិហាងខូបាន           គ្រប់ប្រាណប្រាថ្នាស្នេហ៍ស្និទ្ធ។
     ៤.    បើបានញ៉ាំម្តងជាប់ចិត្ត                ស្កាត់ទីឆ្ងាយជិត            ប៉ងគិតទិញផ្ញើគ្នីគ្នា។
     ៥.    ខ្ញុំមិនមែនអួតពណ៌នា                 ក្រឡានគឺជា                 វិជ្ជាតំណរគ្រួសារ។
     ៦.    ក្រឡានស្ទឹងត្រែងនេះណា          មិនផ្អែមទេណា             ពិសាពិតប្លែកអារម្មណ៍។
     ៧.   ទុក្ខព្រួយលាក់ទុកក្រៀមក្រំ          ក្រឡានអ្នកស្អំ              បន្លំបន្លប់បាត់ព្រួយ។
     ៨.    បើមកស្ទឹងត្រែងសូមជួយ            ភ្លក់ក្រឡានមួយ           ដូចស្ទួយលើកកិត្តិយសខេត្ត។
     ៩.    ពិសាឆ្ងាញ់ហើយបានឆ្អែត           ចិត្តហាក់អណ្តែត           ព្រោះហេតុក្រឡានខុសគេ។
     ១០.  មិនផ្អែមមិនប្រៃខ្លាំងទេ                រស់ឆ្ងាញ់ឥតរេ          មិនជេរក្រឡានស្ទឹងត្រែង។                
លីម ចំរើន ០៩.០៤.២០១២



http://limchamroeun.blogspot.com