Popular Posts

Friday, October 21, 2011

សូមទុក្ខឃ្លាតទៅ

(បទកាកគតិ)
  .     មេឃមីខ្មៅអែ              ស្ទើរពេញស្រុកខ្មែរ      ទួញសោកអង្រួន
            ហាក់ដឹងរឿងពិត         ខ្លោចចិត្តជាប់ខ្លួន         ខ្មែររងទុក្ខផ្ទួន
                                              ទឹកលិចភូមិស្រុក។
  .     ស្រូវស្រែដំណាំ           រស់រងទុក្ខកម្ម              ពិបាកនៅសុខ
            លិចលង់រលួយ           ខូចត្រួយចាប់ចុក         ជាមួយអ្នកស្រុក
                                              ប្រជាខេមរា។
  .     សូម្បីបុណ្យជាតិ          ឆ្នាំនេះត្រូវឃ្លាត           ភ្លេចពីនេត្រា
            ប្រទីប.អុំទូក                គ្រូកៗសង្ហារ               អុំលើជលសា
                                              ឃ្លាតទំាងអាល័យ។
  .     ថាចុះឆ្នាំមុន                ទុក្ខខ្មែរសែនធ្ងន់          ហាក់នៅស្រមៃ
            ខ្មែរស្លាប់ច្រើនហើយ   នៅឡើយចង្រៃ           ឆ្នាំនេះថោកក្រៃ
                                              ទឹកជំនន់ទៀត។
  .     សូមទុក្ខឃ្លាតទៅ         ផ្តល់មង្គលនៅ             គ្រប់ខ្មែរឥតឃ្លាត
            ផ្តល់លាភ.សិរី             ឈ្នះភ័យកម្មជ្រៀត      ខ្មែរសាមគ្គីជាតិ
                                              ឈប់ព្យាបាទគ្នា។

នៅៈថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ២០១១ (ម៉ោងៈ ១១ៈ៤៥ នាទីថ្ងៃត្រង់)
លីម ចំរើន


http://limchamroeun.blogspot.com/

កូនគួរស្តាប់ឪ!

(បទកាកគតិ)
  .     កុំជ្រើមកុំជ្រួល             កុំផ្តេកកុំផ្តួល               រមួលតាមចិត្ត
            ឃើញរូបខាងក្រៅ       កុំខ្លៅឥតគិត               កាមរាគជាប់ស្អិត
                                              អាប់អស់បញ្ញា។
  .     កើតមកជាប្រុស          កុំនាំឲ្យខុស                 គ្រោះព្រោះតណ្ហា
            វង្វេងមាស.ប្រាក់         បុណ្យសក្កិដុល្លារ         ឆ្កួតល្បែងស្រីស្រា
                                              ខូចយសពូជផៅ។
  .     ធម្មតាស្រីល្អ               មិនមែនរូបស              ល្អតែខាងក្រៅ
            កាយគង់ទ្រុឌទ្រោម     ស្វិតស្គមជាំខ្មៅ           កូនពិតសោកសៅ
                                              អាចស្តាយពេលក្រោយ។
  .     ស្រីដែលល្អពិត           សំដៅគំនិត                 ចេះគិតឆ្លងឆ្លើយ
            មិនស្តីឡិកឡក់           ម៉្ញិកម៉្ញក់ជ្រើមឡើយ      ប្រយ័ត្នមុខក្រោយ
                                              មារយាទខ្ជាប់ប្រាណ។
  .     កូនគួរស្តាប់ឪ!             ពាក្យចាស់ច្រើនត្រូវ     តាំងពីបុរាណ
            លោកប្រឹងផ្តែផ្តាំ          ចំណាំប្រាប់ហាម         បើកូនធ្វើតាម
                                              ផ្តល់តែមង្គល។                  


នៅៈថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០១១ (ម៉ោងៈ ២០ៈ៤៥ នាទីយប់)
លីម​ ចំរើន


http://limchamroeun.blogspot.com

Saturday, October 8, 2011

រឿង សត្វកណ្តុរព្រៃ.ឆ្មាអប្រិយ និងម្ចាស់ផ្ទះឆោតល្ងង់

កាលព្រឹកថ្ងៃសៅរ៍មួយ ខ្ញុំមិនបានទៅធ្វើការនៅកន្លែងទេ។ខ្ញុំក្រោកពីដំណេកតាំងពីព្រលឹមរៀបចំខ្លួននិង ឥវ៉ាន់រុញទៅឲ្យប្រពន្ធលក់នៅផ្សារបន្លែដូចសព្វមួយដង។ ប៉ុន្តែមុនទៅដល់ផ្សារ ប្អូនស្រីរបស់ខ្ញុំបានប្រាប់ ខ្ញុំថា យប់ម៉ិញដេកអត់លក់ស្រួលសោះ ព្រោះតែថ្លង់ជាមួយឆ្កែអ្នកជិតខាងនោះនាំគ្នាដេញខាំសត្វកណ្តុរមួយស្រែក ដោយការឈឺចាប់គួរព្រឺខ្លាចណាស់​។ ​ពេលព្រឹកឡើងខ្ញុំឃើញមានសត្វកណ្តុរធំមួយងាប់នៅមុខតូបហាងអ៊ុត សក់ខ្ញុំមែន។ ក្រោយនាងនិយាយប្រាប់ខ្ញុំរួចមក ពាក្យសត្វកណ្តុរហាក់នៅដក់ជាប់ក្នុងត្រចៀកនិងអារម្មណ៍ របស់ខ្ញុំស្ទើរបំភ្លេចមិនបានសោះ។ ខ្ញុំក៏មិនដឹងដែរថាមកពីមូលហេតុអ្វីឲ្យច្បាស់នោះទេ...?
            ខ្ញុំក៏រៀបចំឥវ៉ាន់រុញមកក្រៅរបងផ្ទះបំរុងទៅផ្សារហើយ តែមិនអស់ចិត្តនិងសម្តីរបស់ប្អូនស្រីខ្ញុំ ប្រាប់ក៏ បានចោលភ្នែកក្រឡេកសម្លឹងមើល ទៅកាន់ខាងមុខតូបរបស់នាង បានឃើញ​​សត្វកណ្តុរធំមួយងាប់ ដូចពាក្យ នាងប្រាប់ខ្ញុំមែន។ ខ្ញុំដកដង្ហើមធំ ហ៊ឺ...យ៉ាងវែងហាក់ដូចសង្វេគ និងធុញថប់ក្នុងចិត្ត រឹតតែគិតរឿងទាំងអស់នេះ ថែមទៀតជាមួយការមិនដឹងមូលហេតុ​ថា​ មកពីអ្វី...? ​ហើយក៏បន្តរុញឥវ៉ាន់ឲ្យប្រពន្ធទៅលក់នៅផ្សារទៅ ប៉ុន្តែ ចៃដន្យអ្វី..មិនដឹង? ដល់ពាក់កណ្តាលផ្លូវពីផ្ទះទៅផ្សារ មុខផ្ទះមួយមានយីហោជាអក្សរខ្មែរធំៗ ឈ្មោះថាៈ យៀប ហុង លក់គ្រឿងអគ្គីសនីគ្រប់ប្រភេទនិងមានទទួលជួសជុលគ្រឿងអេឡិចទ្រនិច។ ខ្ញុំក៏បានប្រទះជួបសត្វកណ្តុរ ឈ្មោលកញ្ចាស់ធំមួយទៀតងាប់បះជើងឡើងលើ​ មាត់បែកឈាម ធ្លាយពោះវៀនចេញមកក្រៅ ជាមួយឈាម ប្រលាក់ថ្នល់នៅឡើយទេ។ ខ្ញុំឃើញទិដ្ឋភាពទាំងអស់នេះអាចឲ្យខ្ញុំគិតយល់ស្មានបានថាសត្វកណ្តុរមួយនេះក៏ មានវាសនាមិនល្អដូចកណ្តុរងាប់នៅមុខតូបប្អូនខ្ញុំអម្បិញម៉ិញនេះដែរ។ គឺងាប់ដោយសារឆ្កែខាំព្រោះនៅជាប់ផ្ទះ យៀប ហុង នោះក៏មានឆ្កែកាចៗ មួយ,ពីរចាំការពារផ្ទះនេះដូចគ្នា។ ក្រោយពីបានឃើញព្រឹត្តិការណ៍គួរឲ្យចម្លែក ក្នុងចិត្តទាំងអស់នេះមកថ្ងៃនោះខ្ញុំដូចជាមានអារម្មណ៍មិនសូវស្ងប់សោះគិតរវើរវាយនាយអាយ ច្រើនជាពន់ពេក មិនដឹងគិតស្អីជាស្អីថាឲ្យត្រូវទេ។ នេះប្រហែលជាខ្ញុំខ្វាយខ្វល់រឿងធ្វើរបាយការណ៍ប្រចាំខែនៅកន្លែងធ្វើការងារ ខ្លាំងពេកហើយមើលទៅទើបខ្ញុំមានសំពាធក្នុងអារម្មណ៍ខ្លាំងដូចនេះ។
            ដល់ពេលរាត្រីកាលឈានចូលមកដល់បន្តិចម្តងៗ ហាក់បញ្ជាក់ថាថ្ងៃចាស់ជិតផ្លាស់ចូលដល់ថ្ងៃថ្មីហើយ ក្រោយហូបបាយល្ងាចជាមួយប្រពន្ធកូនរួចមក។ ថ្ងៃនោះខ្ញុំហាក់ដូចជាអស់កំលាំងណាស់ចូលដេកតាំងពីក្បាល ព្រលប់ម៉ោងមិនទាន់ដល់ ៨យប់ ស្រួលបួលផង ខ្ញុំក៏ដេកលក់បាត់ទៅហើយបើតាមសម្តីប្រពន្ធខ្ញុំបានប្រាប់។
តើប្រិយមិត្រអ្នកអានទាំងឡាយអាចជឿបានទេ...? ថាតើមានអ្វីកើតឡើងគួរឲ្យអស្ចារ្យចម្លែកក្នុងសុបិននោះ...? គឺគ្មានអ្វីក្រៅពីសាច់រឿងទាក់ទងអំពី សត្វកណ្តុរ ដូចដែរខ្ញុំបានជួបឃើញការពីព្រឹកថ្ងៃសៅរ៍នោះទេ។ រឿងនេះខ្ញុំ សុំលើកដំណើររឿងប្រាប់ប្រិយមិត្រអ្នកអានតាមសុបិនរបស់ខ្ញុំដូចខាងក្រោមតទៅនេះ៖
            កាលគ្រាមួយនោះ មានសត្វកណ្តុរព្រៃមួយល្បីល្បាញ់ណាស់មានអំនួតអួតអាង ខាងប៉ិនលបលួចស៊ី ចំណីឆីតាមចិត្តគ្មានអ្នកណាម្នាក់ហ៊ានតតាំងប្រឆាំង និងវាឡើយ។ សំរាប់ក្នុងហ្វូងកណ្តុរដូចគ្នាវាប្រៀបបីដូចជា ស្តេចកណ្តុរអញ្ចឹង ទោះបីជាសត្វកណ្តុរព្រៃទើបមករស់នៅក្នុងផ្ទះបុរាណខ្មែរមួយនេះក្រោយគេក៏ដោយ។ វានេះ ហើយមានចិត្តដាច់ហ៊ានខ្លាំងណាស់ខាងបំផ្លាញសម្បត្តិក្នុងផ្ទះនេះ ធៀបដូចជាគ្រប់របស់ ចំណីចំណុក ឲ្យតែស៊ី បានគឺវាលួចទាំងអស់ទៅ ចិញ្ចឹមចែកចាយ បក្សពួកញាតិមិត្ររបស់វាដោយឥតខ្មាស់អៀន ឬភ័យខ្លាច សត្វឆ្មា កញ្ចាស់ក្នុងផ្ទះនោះសោះឡើយ ទោះបីជាវាដឹងថាមានកូនឆ្មាក្មេងៗ រង់ចាំបន្តវេនកាងក្នុងផ្ទះនេះក៏ដោយចុះ។
វាធ្វើនេះហាក់បីដូចជាចាត់ទុកពួកក្រុមឆ្មាទាំងអស់នោះ គឺជាឆ្មាឈឺ.ឆ្មាក្រដាស់ឬទីងមោងគ្មានវិញាណអញ្ចឹង។ នៅក្នុងផ្ទះនោះទាំងមូលគ្មាននរណាបានសុខសោះ ទុកអ្វីក៏មិននៅ​ក៏មិនគង់ទេ។ គឺត្រូវបានសត្វកណ្តុរព្រៃចិត្ត ហ៊ាននោះលួចបំផ្លាញស៊ីខូចខាតទាំងអស់។ ទោះបីជារបស់ប្រើប្រាស់ក៏ដោយក៏សត្វកណ្តុរព្រៃ​ និង​ បរិវារ​នាំគ្នា កាត់ស៊ីបំផ្លាញចោលអស់ស្ទើរគ្មានសេសសល់ មិនថាតែសត្វកណ្តុរស្រុកទេមិនបានសុខ។ សូម្បីតែម្ចាស់ផ្ទះគ្រប់ គ្នាក៏អស់សង្ឃឹមនិងទាល់គំនិតដែរ ព្រោះតែការំខានដោយសត្វកណ្តុរព្រៃនេះ។ ម្យ៉ាងក៏រឹតតែខ្វាយខ្វល់ចិត្តថែម ទៀតនៅពេលដែលមើលឃើញពួកឆ្មាកម្ជិលទាំងចាស់ទាំងក្មេងទាំងអស់នោះ មិនសូវប្រឹងធ្វើការងារចាំតែស៊ី ស្រាប់ៗហាក់គ្មានសិទ្ធិអំណាចអ្វីបន្តិចសោះ ក្នុងការចាប់សម្លាប់បក្សពួក​ ក្រុមញាតិរបស់សត្វកណ្តុរនោះទេ។
តែផ្ទុយទៅវិញ ឆ្មាទាំងអស់នោះប៉ិនណាស់តែម្យ៉ាងខាងប្រខាំគ្នាដណ្តើមមេញីឬចំណីគ្នាគ្មានគំនិតអ្វីគិតសំភីចាត់ ចែងកម្ចាត់ ពួកកណ្តុររំខានក្នុងផ្ទះទាំងអស់នោះឡើយ។​ បើរដូវរកញីវិញមិនថាឆ្មាកូនឆ្មាឪវាសម្តែងឫទ្ធិប្រណាំង គា្នយំ ហ្ងោង!ហ្ងោង!ៗកាត់ស្បៃអន្ធកាលគួរឲ្យព្រឺខ្លាចស្ទើររាល់រាត្រី។ ជួនកាលខ្លះទៀតពួកឆ្មាចាស់ក្មេងទាំង អស់នោះត្រូវប្រខាំគ្នារវាងឆ្មាខាងក្រៅ ឬឆ្មាបងប្អូនឯងព្រោះតែអំណាចក្នុងផ្ទះ និងកាងមីឆ្មាញីៗទាំងអស់នោះ។ តែដល់ពេលកណ្តុរព្រៃកំពូលល្បិចចូលផ្ទះ បែរជាល្ងីល្ងើភ្លីភ្លើគ្រប់គ្នាគ្មានអ្នកណាទទួលខុសត្រូវសោះគិតតែផល ប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួចភ្លេចតួនាទីថាជាសត្វឆ្មាចាប់កណ្តុរអស់ទាំងនោះសោះសូន្យ។​ ហាក់បីដូចជាមាន អាថ៌កំបាំងអ្វីមួយនៅពីក្រោយខ្នងក្នុងសាច់រឿងនេះដែរម្ចាស់ផ្ទះមិនដឹង​ ព្រោះគេមិនចេះស្តាប់ភាសាសត្វ យើង​ក៏មិនដឹងថាមានរឿងអ្វីមួយឲ្យច្បាស់ឬយ៉ាងណាដែរ? បានជាឆ្មាទាំងអស់នោះមិនចាប់សត្វកណ្តុរសោះ​ឬដូចជា ធ្វើខ្វាក់ភ្នែកមិននាំគ្នា កម្ចាត់សត្វកណ្តុរទាំងអស់នោះឡើយ។ តែតាមការពិតគ្រប់សត្វកណ្តុរទាំងអស់នៅក្នុងផ្ទះ បុរាណខ្មែរនោះ សុទ្ធតែដឹងច្បាស់ថា មូលហេតុមាន កណ្តុរច្រើនដូចនេះ ព្រោះតែការធ្វេសប្រហែសមិនយកចិត្ត ទុកដាក់​ការពារផ្ទះពីសំណាក់សត្វឆ្មាទាំងនោះ ​គិតតែស៊ីដេកៗឈ្លោះគ្នាដណ្តើមអំណាចលាភសក្ការៈគ្នា គិតតែ ប្រយោជន៍ ផ្ទាល់ខ្លួនឆ្កួតនិងកាមគុណ​ មីញីក្តិត ស ល្អរូបមិន មែនសណ្តានរបស់ខ្លួន​ គឺមកពីស្រុកក្រៅ។​
            ដូចនេះហើយទើបឆ្មាឪកញ្ចាស់ នៅក្នុងផ្ទះនេះមិនហ៊ានឡូឡាតតាំង ប្រឆាំងនិង​ពួកសត្វកណ្តុរព្រៃ អប្រិយទាំងអស់នោះទេផ្សំជាមួយកណ្តុរនៅផ្ទះល្ងង់ឆោតចាញ់ការបោកបញ្ឆោតបើកដៃផ្តល់ឱកាសឲ្យទៀតទើប សត្វកណ្តុរព្រៃនោះអាចដណ្តើមអំណាចក្នុងផ្ទះធ្វើឫកដូចជាស្តេចក្រាញ់។ ម្យ៉ាងរឿងមួយទៀតគួរ ឲ្យយើងស្វែង យល់ពីប្រវត្តិ សត្វកណ្តុរព្រៃកាចមួយនេះដែរនោះមានដូចតទៅ៖​ តាមការពិតសត្វកណ្តុរព្រៃនោះ កាលពីដើម ឡើយមានពូជពង្សារបស់គេក៏ជាសត្វកណ្តុរស្រុកនៅក្នុងផ្ទះបុរាណខ្មែរមួយនេះដែរ។ តែដោយសារនៅសម័យ នោះស្រុកទេសមានសង្រ្គាមដណ្តើមអំណាចគ្នា នៃអ្នកដឹកនាំប្រទេសទើបធ្វើឲ្យផ្ទះបុរាណខ្មែរមួយនេះរងនូវ ការ ខូចខាតជាដំណំស្ទើរផុតពូជសត្វកណ្តុរស្រុក​ សល់តែកណ្តុរស្រុកពីរបីក្បាលប៉ុណ្ណោះ។ នៅមានជីវិតចិត្តកាច ហ៊ានត្រូវបានសត្វកណ្តុរព្រៃផ្ទះផ្សេងទៀតសង្រ្គោះកទៅចិញ្ចឹមបំប៉នបណ្តុះមនោគមវិជ្ជាផ្សេងៗ ឲ្យមានគំនិត មិនល្អជាមួយផ្ទះបុរាណខ្មែរ ដែរដូនតាខ្លួនធ្លាប់រស់នៅរាប់ជំនាន់មកហើយ សង្ឃឹមរងចាំមានឱកាសល្អបោកប្រើ ប្រាស់កេងប្រវ័ញ្ចចំណេញប្រយជន៍ ព្រោះសត្វកណ្តុរមួយនេះមានចិត្តហ៊ានស្តាប់បង្គាប់ប្រើបានងាយ វាឆ្កួតនិង​ អំណាច។ រីឯផ្ទះបុរាណខ្មែរមួយនោះទៀតសោធនក៏រងការខូចខាត់មិនតិចទេស្ទើររលាយសូន្យពីផែនដី។​ ប៉ុន្តែ ដោយសារការសាមគ្គីគ្នារវាងបងប្អូនញាតិមិ្រតម្ចាស់ផ្ទះ​ នាំគ្នាកសាងបានផ្ទះថ្មីមួយនោះម្តងទៀតយ៉ាងលំបាក។ ទោះជាវាមិនបានល្អដូចដើមមួយ១០០ភាគរយ ក៏វាគួរសមដែរមានផ្ទះមួយរស់នៅសមរម្យដូចអ្នកជិតខាង​មិន រលាយរូបលុបបាត់ពីផែនដីយើងនេះ។តែការកសាងផ្ទះបុរាណចាស់មួយនេះឡើងវិញក៏ត្រូវពឹងពាក់អ្នកជិតខាង​ជាច្រើនផងដែរ ហើយម្ចាស់ថ្មីផ្ទះបុរាណខ្មែរនេះទៀតសោធន។ហាក់បីដូចជាមានជាប់លក្ខខណ្ឌជាច្រើនដោយ​ សម្ងាត់ក្រោយរឿងនេះមិនអាចនិយាយបានមិនដឹង ទើបបណ្តោយឲ្យអ្នកក្រៅលួចមកបង្កប់គ្រប់គ្រងផ្ទះមួយនេះ ស្ទើរគ្រប់ផ្នែកសុទ្ធតែគ្នាគេទាំងអស់។ ទោះបីជាអ្នកក្រៅទាំងអស់នោះចង់បានអ្វីក៏ម្ចាស់ផ្ទះក្មេងខ្ចីល្បីនោះលួច​លាក់បើកដៃក្រោយខ្នងឲ្យអ្នកក្រៅចូលលួចយកទ្រព្យសម្បត្តិ មានតម្លៃនៅផ្ទះបុរាណខ្មែរនោះ តាមចិត្តហាក់មិន ហ៊ានតវ៉ា ប្រឆាំងអ្វីជាមួយគេទេ។ មិនតែត្រឹមនេះទេគេលួចលាក់កុហកបងប្អូន កូនចៅនៅក្នុងផ្ទះនោះជាច្រើន​ លើកជាច្រើនគ្រាទៀត ដូចជា៖​​ ជួនពេលខ្លះឃើញអ្នកក្រៅទាំងអស់នោះចូលមកយកសម្បត្តិនៅផ្ទះបុរាណនេះ ស្រស់ៗដោយឥតអៀនខ្មាស់ ឬខ្លាចញញើតម្ចាស់ផ្ទះនិងសមាជិកទាំងអស់នោះឡើយ។ ម្យ៉ាងមួយទៀតពេល​មានអ្នកផ្ទះខ្លះមិនពេញចិត្តនូវទង្វើអស់ទាំងនេះ​បងប្អូនទទួលរងគ្រោះ ​ដឹងការពិតពីកលល្បិចដ៏ពិសពុល និង បំណងរបស់អ្នកក្រៅចង់រំលោភយកផ្ទះបុរាណនេះ។ ពួកគេធ្វើការតវ៉ាតែគ្មានបានផលសោះបានត្រឹមតែរងទុក្ខ វេទនានិងឈ្លោះទាំងបងប្អូនជាតិឯង ព្រោះតែអ្នកគ្រប់គ្រងផ្ទះគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួកក្រុមញាតិ ខ្លួនប៉ុណ្ណោះមិនសូវគិតពីផលប្រយោជន៍រួមទេ។
            នៅពេលបានឱកាសល្អដឹងថា ម្ចាស់ផ្ទះបុរាណខ្មែរឈ្លោះគ្នាឯងសមបំណងហើយ ពួកអ្នកជិតខាងទាំង អស់នោះមានចិត្តមិនស្មោះបានបង្កលទ្ធភាពឲ្យសត្វកណ្តុរព្រៃដើមកំណើតសត្វកណ្តុរស្រុក វង្វេងជាតិកំណើត មួយនេះចូលមកផ្ទះបុរាណខ្មែរមុនគេ។ដើម្បីកកូរកកាយរំខានដល់ម្ចាស់ផ្ទះ និងបើកផ្លូវឲ្យកណ្តុរព្រៃដទៃទៀត។ កាច់សំបុកថ្មីចាស់ ជាច្រើនបង្កើនបង្កើតពូជកណ្តុរព្រៃដែលពីមុនធ្លាប់រស់នៅផ្ទះអ្នកជិតខាងសោះ ឲ្យមករស់នៅ រកស៊ីក្នុងផ្ទះបុរាណនោះយ៉ាងរំភើយ សំបូរសប្បាយគ្រប់បែបយ៉ាងក្អេងក្អាងកាងលើសត្វកណ្តុរស្រុកម្ចាស់ផ្ទះ ធ្លាប់រស់នៅយ៉ាងសុខសាន្ត តាំងពីដូនតាច្រើនជំនាន់រួចមកហើយនោះទៀតផង។ ដណ្តើមចំណីកណ្តុរស្រុកកេង ចំណេញប្រវ័ញ្ច កំលាំងសត្វកណ្តុរស្រុកម្ចាស់ផ្ទះ ឲ្យលំបាកវេទនា ស៊ីអត់ ស៊ីឃ្លាន រកចំណីបំរើ បក្សពួកក្រុម សត្វកណ្តុរព្រៃក្រៅស្រុកទាំងអស់នោះថែមទៀត។ បណ្តាលឲ្យសត្វកណ្តុរព្រៃទំាងពួងនោះរីកមុខរីកមាត់សំបូរ​សប្បាយបែកសាច់បែកឈាមនៅក្នុងផ្ទះនោះបង្កើតកូនចៅបង្កើនកំលាំងឥតឈប់ឈរព្រោះបានសត្វកណ្តុរព្រៃ កំណើតសត្វកណ្តុរស្រុកបើកដៃកាងអំណាចឲ្យ គ្មានសត្វកណ្តុរស្រុកណាមួយហ៊ានតតាំងប្រឆាំងតវ៉ាបានទេ។
            ដូចនេះមានតែស៊ូទ្រាំឲ្យសត្វកណ្តុរព្រៃដទៃកេងចំណេញលើក្បាលស្រស់ៗ ប្លន់ស្រូវអង្ក ត្រីសាច់ដែររក បានតាមទំនើងចិត្តគ្មានកោតក្រែងម្ចាស់ផ្ទះឬសត្វកណ្តុរស្រុកទេ។ មានដែរសត្វកណ្តុរស្រុកខ្លះទៀតទ្រាំទ្ររ និង ការកៀបសង្កត់ជិះជាន់កេងចំណេញប្លន់ចំណីពីពួកសត្វ​កណ្តុរព្រៃទាំងអស់នោះមិនបាននាំគ្នាស្រែកតវ៉ា​ ប៉ុន្តែ ហាក់គ្មានបានផលគ្មានអ្នកជួយដោះស្រាយឲ្យឡើយ។ តែផ្ទុយទៅវិញសត្វកណ្តុរទាំងឡាយនោះតែងបាត់ខ្លួន កាលណាហ៊ានតវ៉ាប្រឆាំងខ្លាំង ត្រូវមេសត្វកណ្តុរព្រៃបញ្ជាបក្សពួក បរិវារឲ្យចាប់យកទៅសម្លាប់ឬចាប់យកបោះ ឲ្យឆ្មាកញ្ចាស់កម្ជិលអាំងផេះប្រើច្បាប់ព្រៃសម្លាប់ធ្វើជាចំណីឆីលេងតាមចិត្តប្រាថ្នាដូចល្បែងកំសាន្ត។ ដល់យូរៗ ទៅសត្វកណ្តុរព្រៃមេបានដៃអាងយ៉ាងកាងក្នុងផ្ទះ មិនខ្ចីខ្វល់រឿងអ្វីឡើយ។ ម្យ៉ាងដោយបានទទួលជំនួយពី សត្វកណ្តុរព្រៃសញ្ជាតិក្រៅនៃផ្ទះក្រៅជួយពីក្រោយផងបានដៃ កើនអំនួតអួតលែងខ្លាចឆ្មា ខ្លាចមនុស្ស លួចស៊ី លាក់លួចដូចមុនទៀតហើយ គឺសម្ញែងខ្លួន និងអំណាចឲ្យម្ចាស់ផ្ទះ ជាមួយពពួកសត្វកណ្តុរស្រុកឃើញយ៉ាង សម្បើម ហាក់ផ្ទះនេះវាជាអ្នកមានសិទ្ធិមានអំណាចគ្រប់គ្រងខ្លាំងជាងមនុស្សទៅទៀត។ ពេលខ្លះវា ចេញមក ស៊ីចំណីទាំងថ្ងៃយប់ទាំងព្រឹកបង្ហាញខ្លួនស្រស់ៗ ស្ទើររត់បុកឆ្មានិងម្ចាស់ផ្ទះបុរាណខ្មែរនោះក៏សឹងមានដែរ។
ម្យ៉ាង បែបអាងឫទ្ធិអំណាច នៃម្ទាស់ផ្ទះក្រៅដែលមានសិទ្ធិអំណាចល្បិចខ្ពស់លើម្ចាស់ផ្ទះបុរាណខ្មែរនោះស្រាប់ ផងក៏មិនដឹងទើបកណ្តុរព្រៃវង្វេងកំនើតព្រហើនដូចនេះ។
            បើនិយាយពីមនុស្សជាសមាជិកផ្ទះបុរាណខ្មែរនេះវិញ ធ្វើការតវ៉ាឥតឈប់ឈរស្ទើររាល់ថ្ងៃ ពីការរងទុក្ខ វេទនាទទួលយកដោយអយុត្តិធម៌ ពីអ្នកក្រៅមកប្លន់យកដីស្រែ,ចំការច្បារដំណាំ នៃអ្នកជិតខាងផ្ទះក្រៅរំលោភ បំពានមិនខ្លាចច្បាប់វិន័យដែលមានចែងក្នុងផ្ទះបុរាណខ្មែរមួយនេះទេ។ ទោះបីច្បាប់ទាំងអស់នោះធ្លាប់បានប្រើ ប្រាស់តាំងពីរយូរមកហើយ ទាំងច្បាប់ចាស់ច្បាប់ថ្មីក៏ដោយ។តែផ្ទុយទៅវិញម្ចាស់ថ្មីក្មេងខ្ចីនោះមិនគិតប្រយោជន៍ រួមទេថែមទាំងបានតាក់តែងច្បាប់ថ្មីការពារផលប្រយោជន៍អ្នកផ្ទះក្រៅ ផ្តល់សិទ្ធិ ដីស្រែ, ចំការជាច្រើនហិតាឲ្យ ធ្វើការអភិវឌ្ឍន៍នៅកន្លែង ហើយប៉ះពាល់ដល់ប្រយោជន៍បាវព្រាវខ្ញុំបំរើក្នុងផ្ទះ អ្នកតូចអ្នកតាច មិនគិតជួយរក យុតិ្តធម៌ដោះស្រាយឲ្យទេ។ គិតតែការពារប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួកក្រុមញាតិដែលធ្វើតាមខ្លួន ចំណេញ ប្រយោជន៍លុយកាក់ច្រើនអនេក។ ឯអ្នកបំរើក្នុងផ្ទះបុរាណខ្មែរទាំងអស់នោះវិញគ្មានបានទទួលផលប្រយោជន៍ ណាស់ណាសោះទេ ពីការអភិវឌ្ឍន៍នេះ។ តែច្រើនទទួលបានតែទុក្ខវេទនាយំស្រែកទឹកភ្នែកគ្មានសិទ្ធិតវ៉ាប្រឆាំងឬហ៊ានចេញមុខព្រោះតែខ្លាចបាត់ខ្លួនធ្លាក់ ដំណែងអំណាចទើបអ្នកទាំងអស់នោះ ខ្លះបានត្រឹមតែទ្រាំបើកភ្នែក មើលអ្នកបំរើតូចតាចទាំងអស់នោះរងការបំពាន ដោយអយុត្តិធម៌គ្មានអ្នកជួយដោះស្រាយឲ្យយុតិ្តធម៌ទេ បាន ត្រឹមតែហីអើៗ តាមគេបញ្ជាទៅ។ ជួនពេលខ្លះទៀតក៏មានដែលការជួយដោះស្រាយរកយុត្តិធម៌ឲ្យ តែបានបន្តិច បន្តួតទេរឿងបញ្ហាដីស្រែ, ចំការ,ទាំងអស់នេះ។ម្យ៉ាងព្រោះតែអាចទទួលរងការកៀបសង្កត់ផ្សេងៗ​ពីអ្នកខាងក្រៅ ដ៏ទៃទៀត ដែលគេមានចិត្តអាណិតអាសូរដល់អ្នកបំរើតូចទាប ឆោតល្ងង់រងទុក្ខលំបាកដោយអយុត្តិធម៌កន្លង មក។ ឬបែបម្ចាស់ផ្ទះថ្មីក្មេងខ្ចីនោះ ចង់រក្សាមុខមាត់​,កេរ្តិ៍ឈ្មោះកិត្តិយស របស់ខ្លួនទើបខំជួយដោះស្រាយបញ្ហាឲ្យអ្នកតូចអ្នកទាបជាសមាជិកក្នុងផ្ទះបុរាណខ្មែរមួយនេះក៏មិនដឹង...?
            អស់រយៈពេលកន្លងទៅយូរខែឆ្នាំ ម្ចាស់ផ្ទះបុរាណខ្មែរនោះឈ្លក់វង្វង និងអំណាច យសបុណ្យសក្កិ កាង ក្នុងផ្ទះមួយនេះមិនបានគិតការពារឲ្យបានរឹងមំាពីការបំពានរបស់អ្នកជិតខាងផ្ទះកន្លងមកទេ។តែងតែលួចបញ្ជូន កូនចៅញាតិមិត្ររបស់គេមករស់នៅប្រកបមុខរបរស៊ី ដណ្តើមការងាររបស់ម្ចាស់ស្រុកទាំងស្រុងហូរហែកន្លងមក ឡើយ។ ធ្វើឲ្យពួកអ្នកក្រៅទំាងអស់នោះបង្កបង្កើនបានគ្នាច្រើន បែកគំនិតគិតចង់រំលោភយកផ្ទះបុរាណខ្មែរនោះ ដោយងាយស្រួល។ ទោះបីជាម្ចាស់ផ្ទះនោះចង់បណ្តេញឲ្យគេទៅនៅផ្ទះគេវិញក៏មិនងាយស្រួលឡើយ ព្រោះ កំលាំងគ្នាឯងមានតិចតួចហើយបែកបាក់សាមគ្គីភាពគ្នាទៀត។ ម្យ៉ាងដោយខ្លួនឯងម្ចាស់ផ្ទះឆោតល្ងង់ខ្វះគំនិត គិតឲ្យបានវែងឆ្ងាយ គិតតែស៊ីចាយ សប្បាយលុយខ្ចីគេ មកសម្ញែញគេឯងហាក់អួតថាខ្លួនគ្រាន់បើ គ្រប់គ្រងក្នុង ផ្ទះមានអំនួតក្រៃពេកឥតកោតក្រែងគិតខុសថាមានតែអញទេដែរពូកែគ្រប់គ្រងផ្ទះគេដទៃមិនកើតទេ។ ទោះបីជា បងប្អូនកូនចៅផ្តល់គំនិតឲ្យក៏ដោយ គឺអស្មិមានះអញត្រូវទាំងអស់មិនថានរណាលំបាកប៉ុន្មានក៏ខ្លួនមិនសូវខ្វាយ ខ្វល់ទេគិតតែអំណាចក្រាញមិនចុះចេញពីកៅអី។ បំណងតែម្យ៉ាងគឺដើម្បីតែគ្រប់គ្រងការពារក្រុមញាតិរបស់ខ្លួន មួយក្តាប់តូចខ្លាចខូចខាត់បាត់បង់ផលប្រយោជន៍។ ដោយមិនខ្ចីខ្វល់អាណិតអាសូរដល់អ្នកបំរើតូចតាចស្ថិតនៅ ក្រោមដំបូលផ្ទះតែមួយលំបាកវេទនាឡើយ។ ដល់យូរទៅមួយថ្ងៃជាមួយថ្ងៃ មួយខែជាមួយខែ មួយឆ្នាំជាមួយឆ្នាំ ជាច្រើនខែឆ្នាំកន្លងផុតទៅមិនខ្ចីនៅរង់ចាំ ផ្លាស់វេនគ្នាយ៉ាងរហ័សឥតឈប់ឈរ ផ្សំជាមួយការឆោតល្ងង់របស់ ខ្លួនផង។ បំណុលក៏កើនឡើងជាលំដាប់ឥតស្រកស្រាកស្រាន្ត អ្នកជិតខាងផ្ទះក្រៅគិតតែគាប់សង្កត់ជាញឹកញាប់ ទារឲ្យសងលុយគេវិញផងដែរ បូកជាមួយការលង់ខ្លួនជ្រុលហួសទៅហើយនោះគេក៏គ្មានជម្រើស។
            ដូចនេះមានតែបណ្តោយឲ្យទៅតាមយថាកម្ម ផ្តល់ផ្ទះបុរាណខ្មែរនោះទៅឲ្យអ្នកជិតខាងផ្ទះក្រៅតាម សម្រួលឥតលក្ខខណ្ឌ ហើយព្រមទទួលធ្វើជាម្ចាស់ផ្ទះទីងមោង តែគ្មានសិទ្ធិអំណាចខ្លាំងក្លាដូចពេលមុនទេ។ ធ្វើអ្វីតែតាមគេបញ្ជាញាក់ខ្សែឲ្យទៅឆ្វេងគឺទៅខាងឆ្វេង,ឲ្យទៅខាងស្តាំគឺទៅស្តាំគ្មានសិទ្ធិប្រឆាំងតវ៉ា។ ព្រោះតែ ចង់ថែរក្សាជីវិតផ្ទាល់ខ្លួននិងក្រុមញាតិទ្រាំបើកភ្នែកមើលអ្នកក្រោមបង្គាប់កាលពីមុនទទួលរងទុកលំបាកវេទនាត្រូវអ្នកខាងក្រៅប្រមាថមើលងាយវាយដំច្រំធាក់ឥតត្រាប្រណី ដូចជាញាតិមិត្របងប្អូនគេអ្នកនៅក្រៅឡើយ។ ដល់ចំណារតៗមកទៀតអ្នកក្រៅគេបណ្តុះគ្នាគេនូវចំណេះដឹងសព្វការបានរឹងមាំហើយនោះ ម្ចាស់ផ្ទះបុរាណខ្មែរ ឆោតល្ងង់ដ៏កំសត់ត្រូវបានអ្នកផ្ទះក្រៅនោះដកសេចក្តីទុកចិត្ត ចាប់លើកបណ្តុបគ្នាគេកាន់ដំណែងនិង អំណាច ជំនួសវិញ។ ព្រោះម្ចាស់ផ្ទះចាស់នោះអស់តម្លៃនិងប្រើប្រាស់ទៀតហើយ សព្វការទាំងអស់ក្នុងផ្ទះគេក៏អាចគ្រប់ គ្រងដោយខ្លួនឯងយ៉ាងស្រួលដោយមិនបាច់ប្រើមនុស្សឥតបានការវង្វេងជាតិកំនើត និងអាត្មានិយមនេះទៀត ទេ ម្យ៉ាងបង្កាកុំឲ្យថ្ងៃក្រោយខ្លាចម្ចាស់ផ្ទះបុរាណម្នាក់នេះក្បត់គេវិញបាន។ ឯសត្វកណ្តុរព្រៃដ៏គួរឲ្យខ្លាចពីមុន ក៏ត្រូវអស់សិទ្ធិអំណាចដូចម្ចាស់ផ្ទះបុរាណនេះដូចគ្នា។ ព្រោះត្រូវសត្វកណ្តុរព្រៃខាងក្រៅបែកគំនិតប្រមូលផ្តុំគ្នា គេបានច្រើនធ្វើការប្រឆាំងតវ៉ាខាំបង្រ្កាបសត្វកណ្តុរដ៏អភ័ព្វដែរធ្លាប់ក្អេងក្អាងក្នុងផ្ទះពីមុនមក ឲ្យបាក់ស្បាតបាត់ បង់អំនួតធ្លាប់មានពីមុនមកយ៉ាងអាម៉ាស់ជាទីបំផុតដូចជាម្ចាស់ផ្ទះបុរាណខ្មែរម្នាក់នោះដែរ។ សូម្បីតែក្រុមពួកឆ្មា ចាស់ក្មេងឥតបានការទាំងអស់នោះក៏មិនបានរស់នៅសុខស្រួលក្នុងផ្ទះបុរាណខ្មែរនោះទេ ក៏ត្រូវរស់នៅរសាត់ អណ្តែតតែលតោលក្លាយទៅជាឆ្មាអនាថាគ្មានទីពឹង អាណិតស្រលាញ់ដូចពេលមុនដែរ។ ព្រោះតែទង្វើដែល គ្មានមារយាទកម្ជិលអាំងផេះរបស់ខ្លួននិងក្រុមឆ្មាចិញ្ចឹមបំបង់បាយឥតប្រយោជន៍ទាំងអស់នោះ។
ក្រោយពីហេតុការណ៍ទាំងអស់នេះកើតឡើងមក ទាំងសត្វកណ្តុរព្រៃ,សត្វឆ្មាអប្រិយ,និងម្ចាស់ផ្ទះឆោត ល្ងង់ទទួលរងនូវភាពអាម៉ាស់ ជាមួយវិប្បដិសារីក្នុងអារម្មណ៍ ធ្វើជាអ្នកបំរើគេវិញដោយគ្មានជម្រើសផ្លូវដើរល្អ ជាងនេះ ផ្សំគិតជាច្រើនផងដល់ធ្លាក់ខ្លួនឈឺស្លាប់រកទីបំផុតគ្មាន។ បន្សល់ទុកនូវកេរ្តិ៍ឈ្មោះអាក្រក់ក្នុងប្រវត្តិ សត្វ កណ្តុរ, ប្រវត្តិសត្វឆ្មា, និងប្រវត្តិមនុស្សអ្នកគ្រប់គ្រងខ្វះមនសិការ ស្រលាញ់ទ្រព្យសម្បត្តិផ្ទះបុរាណខ្មែររបស់ ខ្លួន។ថែមទាំងបានបំផ្លាញមរតកដូនតាបន្សល់ទុកមកឲ្យជាច្រើនជំនាន់មកហើយគួរឲ្យសោកស្តាយជាទីបំផុត។ រីឯផ្ទះបុរាណខ្មែរដ៏អភ័ព្វនេះក៏ត្រូវបានអ្នកជិតខាងផ្ទះក្រៅចិត្ត អាក្រក់ទាំងអស់នោះគ្រប់គ្រងបានទាំងស្រុង និង ទាញយកផលប្រយោជន៍បានប្រាក់ចំណូលជាច្រើនបំផុតរៀងរាល់ឆ្នាំ តាមរយៈអ្នកទេសចរណ៍ដែលចូលមក ទស្សនាផ្ទះបុរាណខ្មែរនេះ។ វាកើនឡើងជាលំដាប់ជាមួយឧស្សាហ៍កម្មគ្មានផ្សែង យ៉ាងសំបូរសប្បាយសាយកូន ចៅសោយសុខប្រយោជន៍មិនចេះរីងស្ងួតយ៉ាងសុខសាន្ត។ ហើយថែមទាំងធ្វើឲ្យអ្នកដទៃ អាចភ្លេចបាត់អស់ លែងស្គាល់ប្រវត្តិម្ចាស់ពិតនៃផ្ទះបុរាណខ្មែរមួយនេះទៀតផង។ មិនតែប៉ុណ្ណោះក៏មានអ្នកខ្លះ ទៀតអាចយល់ ច្រឡំថាជារបស់ម្ចាស់ផ្ទះក្រោយនេះផងដែរ។ព្រោះតែគេគ្រប់គ្រងបានល្អ ទាំងការពិតអ្នកជិតខាង គ្រប់គ្រង ផ្ទះក្រោយនេះមិនមានជាប់សាច់ឈាមវប្បធម៌អ្វីបន្តិចសោះជាមួយអ្នកផ្ទះបុរាណខ្មែរមួយនេះឡើយ។ រឿងទាំអស់នេះពិតជាភាពអយុត្តិធម៌ណាស់ សម្រាប់កូនចៅជំនាន់ក្រោយ ខ្លះដែរវង្វេងជាតិកំណើតមិនបានធ្វើការ សិក្សាស្វែងយល់ឲ្យបានច្បាស់ពីប្រវត្តិម្ចាស់ពិតនៃផ្ទះបុរាណខ្មែររបស់ខ្លួនកំពុងរស់នៅនេះឡើយ។
សរុបមកវិញសុបិនមួយនេះពិតជាមានតម្លៃណាស់សំរាប់ខ្ញុំ និងមនុស្សទូទៅទុកជាគតិក្នុងការសិក្សាអប់រំ ខ្លួន។ ម្យ៉ាងក៏អាចឈានឆ្ពោះទៅធ្វើជាអ្នកដឹកនាំគេ គ្រប់ផ្នែកទាំងអស់នៅក្នុងសង្គមឬក្នុងជីវភាពរស់នៅប្រចាំថ្ងៃ កុំមានកំហុសឆ្គងស្តាយក្រោយសោយសោកនូវវិប្បដិសារីក្នុងជីវិត។ព្រោះតែទង្វើអគតិរបស់ខ្លួនចំពោះអ្នកក្រោម​ បង្គាប់​​ ល្មោភ,អំណាចបុណ្យសក្កិប្រយោជន៍ផ្ទាល់ខ្លួន  ដូចជាតួអង្គទាំងអស់ក្នុងសុបិនរបស់ខ្ញុំមួយនេះទៀត។​
បែរមកចេះគិតពិចារណ៍ថ្លឹងថ្លែងរកហេតុផល ស្គាល់ខុសត្រូវ​មិនចាញ់បោកបញ្ឆោតទុកចិត្តអ្នកដទៃងាយៗ ផ្តល់ តម្លៃគេខ្លាំងជាងញាតិរបស់ខ្លួនដូចនេះឡើយ។ ដូច្នេះសាច់រឿងក្នុងសុបិនខ្ញុំសូមបញ្ចប់ត្រឹមហ្នឹង ហើយក៏សុំចែក រំលែកអត្ថបទមួយនេះដល់ប្រិយមិត្រអ្នកអានត្រឹមប៉ុណ្ណេះឯងហោង។


នៅៈថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០១១ (ម៉ោងៈ ២២ៈ៤៥ នាទីយប់)

លីម ចំរើន
ទូរសព្ទ័លេខៈ០១២ ៥១៩ ១៣៧
០១១ ៣៧៨ ១៧១


http://limchamroeun.blogspot.com

Thursday, October 6, 2011

ក្តីសុខដូចផ្សែង


(បទកាកគតិ)

    ១.  ក្តីសុខដូចផ្សែង             គ្មានរូបជាក់ស្តែង         ឲ្យឆ្កួតគ្រប់វ័យ

         ព្រោះមិនយល់ទុក្ខ         នៅមុខផ្តល់ភ័យ           សប្បាយសោយឆី

                                             ទាំងចាប់មិនបាន។

    ២.  គ្មានអ្វីឋិតថេរ                ក្តីសុខងាករេ                ពិបានប៉ានស្មាន

         ឆ្កួតក្នុងកាមគុណ           រែកពន្ធជាប់ប្រាណ       ចេះដឹងប៉ុន្មាន

                                             អាចភ្លើភ្លេចអស់។

    ៣. បើមិនជឿចិត្ត                ទំនេរជួយគិត               វិភាគដោយស្មោះ

         អ្នកពិតធុញជ្រេញ         ទុក្ខម្នេញស្អប់អស់        ប្រឹងប្រែងស្រាយដោះ

                                             ពេលវាផ្តល់ទុក្ខ។

    ៤.  កាមគុណនេះសោត      ល្បែងបោកបញ្ឆោត     មារកំបាំងមុខ

         ចាំឆក់ឱកាស                ជាក់ច្បាស់ផ្តល់ទុក្ខ       បុរាណផ្តល់ទុក្ខ

                                             ច្រើនរាប់អំណរ។

    ៥.  បើបានយល់ហើយ        កុំបីកន្តើយ                   អប់រំប្រាប់ត

         គ្រប់អ្នកវង្វេង                ចាស់ក្មេងឲ្យល្អ            ឈប់ឆ្កួតខ្វា,ក

         ​                                    ខ្លាចបាត់មង្គល។




នៅៈថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១១ (ម៉ោងៈ ២១ៈ៤៥ នាទីយប់)http://limchamroeun.blogspot.com

Sunday, October 2, 2011

សប្បាយទៅនាង

 
(បទកាកគតិ)
   .   សប្បាយទៅនាង         ទាន់នៅល្អរាង               អួតសាច់ខ្មៅ.ស
          ផ្សំខោខើចខ្លី               ស្រស់ស្រីបវរ                ឃើញប្រុសខ្វា.ក
                                            ចាយរូបសម្រស់។
   .   សប្បាយទៅនាង         លែបខាយឆិតឆៀង       ញ៉ែញ៉ងកំលោះ
          កុំឲ្យហួសវ័យ              ស្រស់ស្រីហួសអស់       ស្តាយសោកស្រណោះ
                                              មិនបានសប្បាយ។
   .     សប្បាយទៅនាង         កុំព្រឺខ្លាចរាង               ខូចខុសបង់កាយ
            កើតមកជាស្រី             កុំភ័យពាក្យម្តាយ         ណែនាំបកស្រាយ
                                              គ្រាប់តែខ្យល់មាត់។
   .     សប្បាយទៅនាង         ស៊ីផឹករាំច្រៀង             ត្រូវចេះឲ្យស្ទាត់
            ខ្លាចល្ងង់គេដៀល       ដំនៀលលាន់មាត់       កុំស្តាប់គេឃាត់
                                              ស្តាយយុវវ័យ។
   .     សប្បាយទៅនាង         គ្រប់យ៉ាងដូចភ្លៀង      ធ្លាក់ស្រោចផែនដី
            មិននៅឋិតថេរ             គ្មានទេផលន័យ          ប៉ុន្តែពៀរស្រី
                                              គង់សងទៀងច្បាស់។



នៅៈថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០១១ (ម៉ោងៈ ២១ៈ៤៥ នាទីយប់)

http://limchamroeun.blogspot.com