Popular Posts

Monday, April 16, 2012

ក.ខ.គ...!

(បទពាក្យ៧)
  ១.    កុក ចាស់ថាតែភ្លេចជុង                            ខ្លា មិនល្ងង់បោះបង់សាច់
          គោ សត្វស្លូតស៊ូប្តូរផ្តាច់                            ឃ្មុំ ខ្ពើមអាចម៍មិនដូចរុយ។
  ២.    ងាវ ឆ្ងាញ់ឈាមគេចូលចិត្ត                       ចាប តូចល្អិតមិនស្គាល់លុយ
          ឆ្មា ឆ្ងាញ់ណាស់កណ្តុរនុយ                    ជីងចក់ រុយសត្រូវគ្នា។
  ៣.   ឈ្លើង ខ្លាំងណាស់ល្បិចបឺតឈាម          ញញឹមស្ងៀមអាចចិត្តមារ
          ដំរី សត្វហាក់មហិមា                                ​ ឋានីយ ជាទីរថភ្លើង។
  ៤.    ឌឺ អាចនាំអាប់យស                                 ឍាល ការគ្រោះខែលនៃយើង
         ណាំង ស្បែកធំល្ខោនអាងភ្លើង               តោ ខុសឈ្លើងសត្វមំសា(សត្វស៊ីសាច់)
  ៥.    ថើប សម្រើបស្ទើរហើបជើង                      ទា ខ្ពើមទ្រើងមិនប្រាថ្នា
         ធ្នូ បុរាណប្រើប្រហារ                                នាឡិកា ផ្ទៀងវេលា។
  ៦.    បាល់ គេទាត់លេងសប្បាយ                      ផ្កា ទាំងឡាយឃ្មុំនឹកនា
         ពស់ សត្វពិសគេខ្លាចវា                            ភេ គ្រប់គ្រាប្រាថ្នាត្រី។
  ៧.   មាន់ សត្វស្លាបរងាវឮ                               យក្ស គេព្រឺបើជួបភ័យ
         រៃ ល្បីច្រៀងមិនខ្វល់ឆី                               លា ធៀបន័យខ្សោយចំណេះ។
  ៨.    វត្ត ស្រែបុណ្យខ្មែរត្រូវការ                           សេះ នេះណាអូសរទេះ
         ហង្ស រោមមាសមិនប្រផេះ                       ឡាន បញ្ឆេះទើបបើកបាន។
  ៩.    អស់វាចាថ្លែងបន្ត                                     អស់អក្សរតែងសូត្រអាន
         អស់រាស្រខ្មែរសូមសុខសាន្ត                     អស់សន្តានខ្ញុំសូមលា។

នៅៈថ្ងៃសុក្រ ​ទី១៣ ខែមេសា ឆ្នាំ២០១២ (ម៉ោងៈ ១១ៈ៣៥ នាទីព្រឹក)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣


http://limchamroeun.blogspot.com

ព្រះគុណម៉ែ

(បទក្របចក្រវាឡមេ៩)

  ១. ព្រះគុណម៉ែ កែមិនបាន ប្រាណគួរចាំ               ពុកសូមផ្តាំ សាំកុំមាន ហ៊ានដឹងគុណ
       កូនប្រុសស្រី អ្វីអាចភ្លេច គេចទៅមុន               តែកុំស៊ុន ធ្ងន់មិនគិត ពិតគុណម៉ែ។
  ២. ទោះខុសត្រូវ នូវទង្វើ ធ្វើមិនសម                     ម៉ែវាយដំ ខំប្រដៅ ក្តៅហូរហែរ
       កូនកុំខឹង ប្រឹងបំភ្លេច គេចកែប្រែ                      ជេរដៀលឆ្កែ ម៉ែអាត្មា ថាមើលងាយ។
  ៣. ធ្វើនេះខុស ​ប្រុសស្រីយល់ គល់បញ្ហា               ម៉ែនេះណា ថ្លាដួងចិត្ត ពិតស៊ូស្ពាយ
       ពពោះកូន សូន្យមិនខ្លាច អាចនិយាយ             តាំងព្រេងនាយ ទាយសុខុម ឆុតណាស់។
  ៤. គួរដឹងគុណ ធ្ងន់នៃម៉ែ ថែរហូត                        មិនរបូត លោតប្រែចិត្ត ពិតស្មោះច្បាស់
       និងសុខសាន្ត បានធូរធារ ជាបុណ្យណាស់        ព្រះជាម្ចាស់ អាណិត ពិតជួយថែ។
  ៥. រកអ្វីកប ស្របផ្តល់ផល សល់ផ្គាប់ចិត្ត              ឆ្ងាយងងឹត ពិតពីព្រោះ រស់មានម៉ែ
       ញាតិស្រលាញ់ ក្នាញ់អាណិត គិតហូរហែរ        ទេព្តាស្នេហ៍ ថែលុះសូន្យ កូនដឹងគុណ។


នៅៈថ្ងៃចន្ទ័ ​ទី០៨ ខែមេសា ឆ្នាំ២០១២ (ម៉ោងៈ ១១ៈ៣៥ នាទីយប់)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣


http://limchamroeun.blogspot.com

គ្រូពេទ្យ

(បទពំនោល)
   ១.    បើខ្ញុំឈឺគឺទៅណា?                    ទៅពេទ្យឬផ្សារ                  មេត្តាជួយប្រាប់ខ្ញុំផង។
  ២.    បើទៅពេទ្យដូចអ្នកផង                ហាក់នាំសៅហ្មង                តបស្នងសងផ្លូវចិត្តឈឺ។
  ៣.   បើអត់លុយពេទ្យហាក់ឌឺ             ជួយហាក់បញ្ឈឺ                ឃើញឮសាយសុសជាក់ស្តែង។
  ៤.    ពេទ្យខ្លះធ្វើហាក់កំប្លែង               សីលធម៌ដូចផ្សែង              សម្ញែងអួតសញ្ញាប័ត្រ។
  ៥.    ទង្វើខ្លះថោកជាងសត្វ                អ្នកជំងឺស្កាត់                      ភ្លេចបាត់អស់តួនាទី។
  ៦.    បានលុយហាក់ប្រឹងសំភី             ហៅចែកគ្នាស៊ី                   វក់វីហាក់ខំឧស្សាហ៍។
  ៧.   អ្នកឈឺឥតលុយវិញណា             ដូចគ្មានឈឺឆ្អា                    រត់ការព្យាបាលលឿនឡើយ។
  ៨.    ដល់ញាតិគេហុចលុយឲ្យ            បានដើរតាមក្រោយ            ខំដោយចិត្តហាក់ខ្នះខ្នែង។
  ៩.    ខ្ញុំស្តីមិនមែនកំប្លែង                    ជួបពិតខ្លួនឯង                   ជាក់ស្តែងប្រពន្ធឈឺពោះ។
  ១០.  សុំស្តីមិនឲ្យចំឈ្មោះ                   ខុសឆ្គងទាប់ខ្ពស់                កិត្តិយសពេទ្យខ្មែរនោះទេ។
  ១១.  ហេតុអ្វីខ្មែរឈឺទៅគេ                  គំនិតប្រែវេរ                       គ្នាន់គ្នេរបាត់ទំនុកចិត្ត។
  ១២. ទី១សីលធម៌ស្រុតពិត                 ពេទ្យលក់គំនិត                  ស្នេហ៍ស្និទ្ធគិតតែរឿងលុយ។
  ១៣. ទី២ចាយច្រើនសោរហ៊ុយ            ព្យាបាលស្ទូចលុយ             ដូចរុយវក់ឆ្ងាញ់លាមក។
  ១៤.  បុណ្យបាបលែងខ្លាចនរក            គិតតែបក្សពួក                   ប្រឹងលក់កិត្តិយសពេទ្យខ្មែរ។
  ១៥.  ទី៣ស៊ីលុយហួរហែរ                   តែមិនពូកែ                        វក់តែក្លីនិចខាងក្រៅ។
  ១៦.  ចាំបាច់ទាល់ដុល្លារហៅ              មិនស្រួលឆេះក្តៅ               កម្លៅមិនងាយមកជួយ។
  ១៧. ពេទ្យរដ្ឋមិនសូវលើកស្ទួយ           បោកតែជំនួយ                   រំអួយសុំគេឧបត្តម្ភ។
  ១៨.  ការងារហាក់ប្រឹងបន្លំ                  ធ្វើហាក់ដូចខំ                    សន្សំបុណ្យសក្តិដុល្លារ។
  ១៩.  មិនសូវអាសូរខេមរា                   ហាក់ខ្វះមេត្តា                    ករុណាមនុស្សផងគ្នា។
  ២០. បើខឹងពាក្យខ្ញុំនិន្ទា                      សូមកែគ្រប់គ្នា                   វេលាមិនហួសពេលឡើយ។
  ២១. បើខុសពិតខ្មែរថាឲ្យ                   ឯពេទ្យល្អហើយ                 ថ្ងៃក្រោយកេរ្តិ៍ឈ្មោះអមតៈ។

នៅៈថ្ងៃចន្ទ័ ​ទី០៨ ខែមេសា ឆ្នាំ២០១២ (ម៉ោងៈ ១១ៈ៣៥ នាទីព្រឹក)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣


http://limchamroeun.blogspot.com

Sunday, April 15, 2012

ជីវិតឆ្កែអង្គែស៊ី


(បទភុជង្គលីលា)
      ១.    ជីវិតឆ្កែអង្គែស៊ី                          រុយជប់លៀងស៊ី                 វក់វីសប្បាយ។
     ២.    សត្វមមង់ហើរមិនឆ្ងាយ              រីករាយក្អាកក្អាយ                ឡែបខាយដៀលឆ្កែ។
     ៣.   ខ្លួនស្បែកដំបៅហូរហែរ              ជ្រុះរោមគេស្នេហ៍               មានតែមើលងាយ។
     ៤.    បីដូចកើតឃ្លង់ព្រេងនាយ            ឆ្កែចាស់ទូលស្ពាយ             មិនងាយសះស្បើយ។
     ៥.    ម្ចាស់ប្រែស្អប់ខ្ពើមកន្តើយ            ឈប់ថើបកៀកកើយ           ឆ្លងឆ្លើយប្រឡែង។
     ៦.    ជីវិតឆ្កែដូចកំប្លែង                       ញាតិហាក់ឈប់ក្រែង          ជាក់ស្តែងព្រួតខាំ។
     ៧.   តើនេះឬហៅផលកម្ម?                ឆ្កែនឿយរាប់ឆ្នាំ                  ទ្រាំចាំថែផ្ទះ។
     ៨.    ពេលសត្រូវមករូតរះ                   ប្រខាំចាញ់ឈ្នះ                  ស៊ូលះបង់កាយ។
     ៩.    ចុងក្រោយម្ចាស់វាលែងស្តាយ      ទង្វើទាំងឡាយ                  បកស្រាយមិនចេញ។
     ១០.  ត្រូវម្ចាស់វាយជេរបណ្តេញ           ឆ្កែថ្មីហាក់ស្ញេញ                 បញ្ចេញគ្រហឹម។
     ១១.  គំរាមឲ្យខ្លាចគ្មានផ្ទឹម                  បាត់អស់សង្ឃឹម                 សល់ត្រឹមបៀមទុក្ខ។
     ១២. ម្ចាស់ឆ្អើមមិនចង់ឃើញមុខ          ទ្រូងក្តៅគគុក                    មិនទុកមិនស្តាយ។
     ១៣. បំភ្លេចគុណឆ្កែទាំងឡាយ            ឥតសោកខ្វល់ខ្វាយ            ដេញឆ្ងាយបោះបង់។
     ១៤.  ទោះបីចង់ឬមិនចង់                    ឆ្កែគ្មានអ្នកស្រង់                 ឯងអង្គឯកា។
     ១៥.  ឆ្កែអង្គែស៊ីខ្លោចផ្សា                    គ្មានអ្វីតវ៉ា                         វាសនាចុងក្រោយ។
     ១៦.  ខ្លួនចាស់ស្វិតស្គមជ្រុលហើយ      ទោះចង់បកក្រោយ             គ្មានឡើយឱកាស។
     ១៧. ខ្ញុំពិតឃើញឆ្កែយ៉ាប់ណាស់          ដំបៅស្អេកស្កះ                   ដេរដាស់គួរគិត។
     ១៨.  ទើបសង្វេគព្រួយខ្លោចចិត្ត           តឹងទ្រូងអាណិត                 ឆ្កែពិតកម្សត់។
     ១៩.  ត្រូវម្ចាស់វាយជេរជូរចត់              រស់នៅជនបទ                   ស៊ីអត់ស៊ីឃ្លាន។
     ២០. ទើបប្រឹងតែងនិទាន                   ថ្ងៃក្រោយកុំមាន                 ចិត្តហ៊ានល្មើសគុណ។

នៅៈថ្ងៃអាទិត្យ ​ទី១៥ ខែមេសា ឆ្នាំ២០១២ (ម៉ោងៈ ១១ៈ៣៥ នាទីព្រឹក)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣








http://limchamroeun.blogspot.com/

Monday, April 9, 2012

ជូនពរឆ្នាំថ្មី

http://limchamroeun.blogspot.com/


           

(បទពំនោល)

                   ១.    ខ្ញុំសូមជូនពរឆ្នាំថ្មី                           ខ្មែរជួបសិរី                ប្រុសស្រីទូរទាំងរដ្ឋា។
                ២.    រកស៊ីមានបានផ្លែផ្កា                       សំបូរហឺហារ                ត្រូវការមិនខ្វះប្រាក់ចាយ។
                ៣.   សុវត្ថិភាពជិតឆ្ងាយ                        គ្រប់គ្នាសប្បាយ                ខ្វល់ខ្វាយរលាយបាត់អស់។
                ៤.    ទុក្ខសោកកម្មពៀរកៀនកោះ            ត្រូវបានស្រាយអស់                ដូរដោះប្តូរវិញសុខសាន្ត។
                ៥.    ក្មេងចាស់ប្រុសស្រីគ្រប់ប្រាណ        រស់សុខក្សេមក្សាន្ត                ជួបបានតែក្តីមង្គល។
                ៦.    សត្រូវកុំឲ្យជួបជល់                        ប្រែមិត្តយោគយល់                និមលឈ្នះទាំងអស់គ្នា។
                ៧.   កើនយសកើតទ្រព្យហូរហៀរ           ខ្មែរឈប់ឈ្លោះគ្នា                សុខជាឈ្នះគ្រប់ទិសទី។
                ៨.    ព្រះនាងកិមិរាទេវី                          គ្រងបឋវី                នាទីទេព្តាឆ្នាំថ្មី។
                ៩.    លោកប្រោសប្រទានពរជ័យ            ដល់ខ្មែរគ្រប់វ័យ                ផុតភ័យមិនមានចន្លោះ។
                ១០.  ខ្មែរក្នុងខ្មែរក្រៅទាំងអស់                 ចិត្តខ្មៅប្តូរដោះ                ស្ម័គ្រស្មោះរួបរួមសាមគ្គី។                                                                                            

សំគាល់ៈ ពាក្យ បឋវី គឺអានថា (បៈឋៈវី)​   ប្រែថា ផែនដី ...។                                                             លីម ចំរើន ០៣.០៤.២០១២

កូនស្រីភ្ញាក់ឡើង



(បទពំនោល)
     ១.  កូនស្រីភ្ញាក់ឡើងណាពៅ          អាសូរម៉ែឪ                   រងនូវទឹកភ្នែករាល់ថ្ងៃ។
     ២. ព្រោះតែកូនស្រីថ្លើមថ្លៃ             បំផ្លាញតម្លៃ                  ស្រីថ្លៃមាសមេខ្លួនឯង។
     ៣. ដើរលេងសប្បាយឥតក្រែង       ស្នេហ៍ស្និទ្ធអួតស្តែង       សម្ញែងមិនខ្មាស់អ្នកផង។
     ៤.  កៀកអើយផ្អែមល្ហែមអូនបង      ​នៅមុខក្រោយខ្នង         តបស្នងសងគុណឪម៉ែ។
     ៥.  ធ្វើខ្លួនចរិតប៉ោឡែ                   ខ្វះញាតិគេស្នេហ៍          មានតែនិយាយដើមហុយ។
     ៦.  កិត្តិយសខូចខុសប្រែផុយ          ហាក់រលួយស្អុយ           ក្លិនហុយអសោចគ្រួសារ។
     ៧. គ្មានចិត្តអាសូរម៉ាក់ប៉ា               ទ្រូងសែនខ្លោចផ្សា        ហួសថ្លាថ្លែងបៀមទុក្ខព្រួយ។
     ៨.  ពិតជាត្រូវការជំនួយ                 ឲ្យកូនស្រីស្ទួយ             សោះជួយព្រួយសោកនៅមុខ។
     ៩.  សូមឲ្យប៉ាម៉ាក់ផុតទុក្ខ               ទ្រូងក្តៅគគុក               នៅមុខរលាយសោះសូន្យ។
     ១០.ឱកូន!កូនស្រីអើយកូន             សូមធ្វើជាក្បូន              សណ្តូនចំលងម៉ែឪ។ `
     ១១.នាំទុក្ខសូមកុំឲ្យនៅ                 លុបលាងអាស្រូវ           ម៉ែឪមានកិត្តិយស។
     ១២.គ្រួសារយើងបានខ្ពង់ខ្ពស់         កូនស្រីពីរោះ                មានឈ្មោះកូនកតញ្ញូ។
     ១៣.អ្នកផងពិតយកគំរូ                  កូនឈប់មូទូ                 គិតគូកិត្តិយសគ្រួសារ។
     ១៤.អ្នកផងគេកោតរអា                 កូនស្រីបញ្ញា                 រក្សាតម្លៃខ្លួនឯង។
     ១៥.ម៉ែពុកមិនមែនកំប្លែង               ការពិតជាក់ស្តែង           ត្រូវក្រែងថែវង្សត្រកូល។               

លីម ចំរើន
០៩.០៤.១២




http://limchamroeun.blogspot.com

ក្រឡានស្ទឹងត្រែង

 
(បទពំនោល)

      ១.    ឱ!ខេត្តស្ទឹងត្រែងខ្ញុំអ្ហើយ              ខ្ញុំព្រាត់អ្នកហើយ           គួរឲ្យស្រណោះអាល័យ។
     ២.    ខ្ញុំនឹកអ្នកណាស់ពេកក្រៃ             ចងចាំស្រមៃ                 រាល់ថ្ងៃចងជាប់ក្នុងប្រាណ។
     ៣.   ស្រណោះក្លិនឈ្ងុយក្រឡាន        ភូមិហាងខូបាន           គ្រប់ប្រាណប្រាថ្នាស្នេហ៍ស្និទ្ធ។
     ៤.    បើបានញ៉ាំម្តងជាប់ចិត្ត                ស្កាត់ទីឆ្ងាយជិត            ប៉ងគិតទិញផ្ញើគ្នីគ្នា។
     ៥.    ខ្ញុំមិនមែនអួតពណ៌នា                 ក្រឡានគឺជា                 វិជ្ជាតំណរគ្រួសារ។
     ៦.    ក្រឡានស្ទឹងត្រែងនេះណា          មិនផ្អែមទេណា             ពិសាពិតប្លែកអារម្មណ៍។
     ៧.   ទុក្ខព្រួយលាក់ទុកក្រៀមក្រំ          ក្រឡានអ្នកស្អំ              បន្លំបន្លប់បាត់ព្រួយ។
     ៨.    បើមកស្ទឹងត្រែងសូមជួយ            ភ្លក់ក្រឡានមួយ           ដូចស្ទួយលើកកិត្តិយសខេត្ត។
     ៩.    ពិសាឆ្ងាញ់ហើយបានឆ្អែត           ចិត្តហាក់អណ្តែត           ព្រោះហេតុក្រឡានខុសគេ។
     ១០.  មិនផ្អែមមិនប្រៃខ្លាំងទេ                រស់ឆ្ងាញ់ឥតរេ          មិនជេរក្រឡានស្ទឹងត្រែង។                
លីម ចំរើន ០៩.០៤.២០១២



http://limchamroeun.blogspot.com