Popular Posts

Sunday, April 15, 2012

ជីវិតឆ្កែអង្គែស៊ី


(បទភុជង្គលីលា)
      ១.    ជីវិតឆ្កែអង្គែស៊ី                          រុយជប់លៀងស៊ី                 វក់វីសប្បាយ។
     ២.    សត្វមមង់ហើរមិនឆ្ងាយ              រីករាយក្អាកក្អាយ                ឡែបខាយដៀលឆ្កែ។
     ៣.   ខ្លួនស្បែកដំបៅហូរហែរ              ជ្រុះរោមគេស្នេហ៍               មានតែមើលងាយ។
     ៤.    បីដូចកើតឃ្លង់ព្រេងនាយ            ឆ្កែចាស់ទូលស្ពាយ             មិនងាយសះស្បើយ។
     ៥.    ម្ចាស់ប្រែស្អប់ខ្ពើមកន្តើយ            ឈប់ថើបកៀកកើយ           ឆ្លងឆ្លើយប្រឡែង។
     ៦.    ជីវិតឆ្កែដូចកំប្លែង                       ញាតិហាក់ឈប់ក្រែង          ជាក់ស្តែងព្រួតខាំ។
     ៧.   តើនេះឬហៅផលកម្ម?                ឆ្កែនឿយរាប់ឆ្នាំ                  ទ្រាំចាំថែផ្ទះ។
     ៨.    ពេលសត្រូវមករូតរះ                   ប្រខាំចាញ់ឈ្នះ                  ស៊ូលះបង់កាយ។
     ៩.    ចុងក្រោយម្ចាស់វាលែងស្តាយ      ទង្វើទាំងឡាយ                  បកស្រាយមិនចេញ។
     ១០.  ត្រូវម្ចាស់វាយជេរបណ្តេញ           ឆ្កែថ្មីហាក់ស្ញេញ                 បញ្ចេញគ្រហឹម។
     ១១.  គំរាមឲ្យខ្លាចគ្មានផ្ទឹម                  បាត់អស់សង្ឃឹម                 សល់ត្រឹមបៀមទុក្ខ។
     ១២. ម្ចាស់ឆ្អើមមិនចង់ឃើញមុខ          ទ្រូងក្តៅគគុក                    មិនទុកមិនស្តាយ។
     ១៣. បំភ្លេចគុណឆ្កែទាំងឡាយ            ឥតសោកខ្វល់ខ្វាយ            ដេញឆ្ងាយបោះបង់។
     ១៤.  ទោះបីចង់ឬមិនចង់                    ឆ្កែគ្មានអ្នកស្រង់                 ឯងអង្គឯកា។
     ១៥.  ឆ្កែអង្គែស៊ីខ្លោចផ្សា                    គ្មានអ្វីតវ៉ា                         វាសនាចុងក្រោយ។
     ១៦.  ខ្លួនចាស់ស្វិតស្គមជ្រុលហើយ      ទោះចង់បកក្រោយ             គ្មានឡើយឱកាស។
     ១៧. ខ្ញុំពិតឃើញឆ្កែយ៉ាប់ណាស់          ដំបៅស្អេកស្កះ                   ដេរដាស់គួរគិត។
     ១៨.  ទើបសង្វេគព្រួយខ្លោចចិត្ត           តឹងទ្រូងអាណិត                 ឆ្កែពិតកម្សត់។
     ១៩.  ត្រូវម្ចាស់វាយជេរជូរចត់              រស់នៅជនបទ                   ស៊ីអត់ស៊ីឃ្លាន។
     ២០. ទើបប្រឹងតែងនិទាន                   ថ្ងៃក្រោយកុំមាន                 ចិត្តហ៊ានល្មើសគុណ។

នៅៈថ្ងៃអាទិត្យ ​ទី១៥ ខែមេសា ឆ្នាំ២០១២ (ម៉ោងៈ ១១ៈ៣៥ នាទីព្រឹក)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣








http://limchamroeun.blogspot.com/