Popular Posts

Saturday, January 29, 2011

ប្រលោមខ្នាតខ្លី! រឿង សុបិនចម្លែកអស្ចារ្យ

ប្រលោមលោកខ្នាតខ្លី
       
        កត្តិកធ្លាក់ខ្យល់ រសាប់រសល់ រវើលរវាយ លើកដៃគងថ្ងាស់ រាងកាយបម្រាស់ ផ្អៀងផ្អងឆ្វេង,ស្តាំ រកាំចិត្ត ណាស់នឹកដល់រឿងចាស់គេចផ្លាស់មិនបានមាត់ថាឈប់គិតតែចិត្តវិញបាន ធ្លាក់ទៅក្នុងឋានសុបិនស្រេចហើយ ហាក់ឃើញថ្មីៗប្រាប់ន័យស្រស់ៗ។ តើគួរស្តីស្តោះជេរ ខឹងអ្នកណា? ព្រោះរឿងជីវិតគិតទៅខ្លោចផ្សា អាសូរ អាត្មាខេមរាប្រជា បើរឿងតែឯងមិនគួរពណ៌នា តែជារឿងទាំងអស់គ្នាគួរគិតបកស្រាយចងជាចំណោទចោទ សួរដោះស្រាយគ្រាន់​ បានសុខកាយសប្បាយអារម្មណ៍។​​ ម្យ៉ាងខ្ញុំក៏ហំសមកើតមកជាខ្មែរស្នេហ៍តែការពិតស្តីមិន ប្រឌិតឈ្មោះពិត លីម ចំរើន។
        សូមផ្ញើសំណេរសួរព្រហ្មលិខិតអោយស្រាយការពិតប្រាប់មកខ្ញុំផង! តើហេតុអ្វីខ្មែរប្រុសស្រី ក្មេងចាស់ គ្រប់វ័យជួបតែក្តីទុក្ខច្រើនម្ល៉េះ? បើតាមខ្ញុំចាំចំណាំតាមរៀនខ្មែរច្រើនរាប់លាន ស្លាប់គ្រប់ជំនាន់ ព្រោះព្រហ្ម លិខិតឬទើបគេជិះជាន់កេរ្តិ៍ឈ្មោះល្បីលាន់ពាស់ពេញសាកល? សម័យ លន់ នល់ គេធ្វើរដ្ឋប្រហារទម្លាក់ សម្តេច តាពីសិទ្ធិអំណាច ក្រោយមក ប៉ុល ពត សម័យគួរខ្លាចសម្លាប់បាចសាចប្រជាជាតិឯង ឥតមានក្តីអាសូរ ឬមួយ កោតក្រែងល្បីគ្រប់ កន្លែងពេញផ្ទៃប្រទេស គឺប៉ិនខ្លាំងណាស់សម្លាប់ប្រហារឥតធម៌មេត្តារាស្រ្តខ្មែរស្លូតត្រង់។ តើ ដោយសារនរណា? ឬព្រហ្មលិខិតចារដាក់កំហិតកំណត់អោយខ្មែរច្រើនលានឆ្លងហែល​សមុទ្រទឹកភ្នែក ជូរចត់ ហូរហែកន្លងមកយ៉ាងនេះ? ឬក៏ជារបត់របបសង្គមនៃអ្នកគ្រប់គ្រង​ដណ្តើមអំណាចគ្នា?​ហើយសួរថាមិត្រ ខ្ញុំម្នាក់ ស្លាប់យ៉ាងវេទនា នៅលើស្ពានកោះពេជ្រជិះ​ជាន់​​ពន្លិចគរគ្នាដូចភ្នំជាមួយប្រជាជនខ្មែរមួយចំនួនទៀតស្លាប់ ជិត ៤០០រយនាក់។ នៅថ្ងៃ​ចន្ទ័ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១០កន្លងទៅថ្មីៗដោយសារមូលហេតុអ្វី? តើមាននរណា អាចជួយឆ្លើយប្រាប់​ចម្លើយអោយខ្ញុំបានទេ?​ តើព្រហ្មលិខិតអាចជួយបកស្រាយ​ហេតុ​ផលខ្ញុំបានទេ? តើព្រហ្ម លិខិតនោះឋិតនៅឋានណា?​ ខ្ញុំសុំជួបបានទេ? ដែលមនុស្ស រាល់គ្នាតែងតែខឹងឈ្លោះគ្នាទាមទារ​ ដៀលត្មេះ មកព្រហ្មលិខិតកប់ៗមាត់ថាៈ អយុត្តិធម៌ណាស់ ឬយុត្តិធម៌ណាស់? តើអ្នកណាជាអ្នកខុសទៅ? ព្រហ្មលិខិត ឬក៏មនុស្សខ្លួនឯង​ជា អ្នកទទួលកំហុស?
        ! អនិច្ចាវាសនាខួរក្បាលដ៏កំសត់របស់ខ្ញុំមួយនេះអ្ហើយ! ចុះហេតុអ្វីក៏យកវាមកប្រើគិត រឿងទាំងអស់នេះ ហាក់បីដូចជាឃើញច្បាស់និងភ្នែកអញ្ចឹង។អូ..!ទេ..!ទេ..! ខ្ញុំកំពុងដេកលក់ ខ្ញុំពិតមិនចង់គិតរឿងនេះទេ...!ទេ...! ខ្ញុំស្រែកមមើលមមាយតែម្នាក់ឯងរហូតទាល់តែភ្ញាក់ពី ដំណេកទាំងកណ្តាលអធ្រាត្រ ធ្វើឲមានការភ្ញាក់ផ្អើល ដល់កូនប្រពន្ធខ្ញុំដែលកំពុងលង់លក់ ក្នុងដំណេកនៅក្បែរនោះដែរ ភ័យស្លន់ស្លោភ្ញាក់ឡើងមកសួរនាំខ្ញុំ។ បងៗយ៉ាងម៉េចហើយ​?​ មានរឿងអ្វីកើតឡើងបានជាដេកមមើលមមាយស្រែកទេ!ទេ!ដូចនេះ? អូនភ័យណាស់!  (សម្តី​ប្រពន្ធខ្ញុំ) កូនខ្ញុំគេក៏ភ័យភ្ញាក់ដែរតែត្រូវម៉ែវាលួងលោមឲដេកវិញហើយ។​ ខ្ញុំក៏និយាយ​ប្រាប់ ប្រពន្ធវិញ ថាមិនមានអ្វីកើតឡើងធំដុំទេ។ បងមមើលមមាយដូចនេះព្រោះហត់នឿយ ការងារពេក​ ហើយក៏លួងលោម នាងអោយចូលគេងវិញទៅ។​ ខ្ញុំក៏មិនបានប្រាប់ការ​ពិតពីអ្វីដែល​កំពុង គិតនៅក្នុងសុបិនចម្លែករបស់ខ្ញុំឡើយ។ ក្រោយមក​ទៀតខ្ញុំក៏​ក្រោកដើរ​ទៅចង្រា្កនបាយរក​​ មើលទឹកផឹកមួយកែវដើម្បីបន្ធូរអារម្មណ៍អម្បាញ់មិញនេះ ព្រោះបេះដូង​​ខ្ញុំនៅលោតញាប់នៅឡើយទេ។ បន្ទាប់ពីផឹកទឹកមួយកែវបន្ធូរអារម្មណ៍រួចមក ខ្ញុំក៏រៀបចំ​កន្លែង ចូលដេកបន្តទៀត។
        តើមិត្រអ្នកអានជឿទេ? ..! ម្ចាស់ថ្លៃអើយ! នរណាទៅជឿបាននុះ!បើនៅពេលខ្ញុំដាក់ ក្បាលដេកលើ ខ្នើយបានបន្តិចក៏ដេកលក់តែម្តង ដូចជាត្រូវគេសណ្តំ នេះប្រហែលជានឿយ​ហត់ការងារច្រើនហើយ មើលទៅ កាលពីថ្ងៃ។ ប្រិយមិត្រអ្នកអានចង់ដឹងទេមានអ្វីកើតឡើង បន្ទាប់ពីខ្ញុំដេកលក់ទៅ?នៅក្នុងសុបិននោះ គឺមាន សាច់រឿងតគ្នាដូចក្នុងរឿងភាគចិនឬកូរ៉េ អញ្ចឹង។ សុបិននោះគឺនៅពេលដែលខ្ញុំលង់លក់ទៅក្នុងពិភពសុបិន បានទៅជួបនិងតាចាស់ ម្នាក់ស្លៀកពាក់(ខោខ្មៅអាវស) កំពុងបន្តឈររង់ចាំនៅច្រក់ទ្វារមួយ ដែលមានពន្លឺ ចាំង ច្បាស់ នូវស្លាកសញ្ញាបញ្ជាក់ថាៈ​ ច្រកទ្វារទៅកាន់ពិភព«ហេតុនិងផល»។ នៅពេលឃើញរឿង​ចម្លែកទាំងអស់ ដូចបានរៀបរាប់នេះ ខ្ញុំឆ្ងល់ក្នុងអារម្មណ៍ណាស់ ហើយក៏សម្រេច​ចិត្តដើរ​បន្តទៅរក ប្រភពពន្លឺ​ និងតាចាស់នោះ ​ព្រោះចង់ដឹងថា​ តើពិភព«ហេតុនិងផល»​មានអ្វី​អស្ចារ្យយ៉ាងណា? ប៉ុន្តែ នៅមុនពេលទៅជួបលោកតាដ៏ចម្លែក នោះនៅតាមផ្លូវខ្ញុំបានឃើញទិដ្ឋភាពនៃសង្គមមួយថាចម្លែកដូចជាមិនចម្លែក ថាពិតដូចជាមិនពិត ថាធ្លាប់ឃើញ ដូចជាមិនធ្លាប់ឃើញពីមុខសោះមានច្រើនបែប ច្រើនយ៉ាងណាស់ស្ទើររៀបរាប់មិនចេះអស់។ រឿងនេះមានដូច ជា៖ ជីវិតអស់ពួកអ្នកមាន និងជីវិតអស់ពួកអ្នកក្រខ្សត់ គឺមានសភាពខុសគ្នាឆ្ងាយណាស់ស្ទើរគ្រប់រូបភាពមិនគួរ ឲជឿបាន។មានន័យថាៈ ជីវិតអ្នកមាន គឺមានសំបូរបែបស្ទើរគ្រប់មុខ តាំងពីលុយកាក់ បុណ្យស័ក្តិយស ផ្ទះសម្បែង អាហារហូបចុក បរិបូណ៌ហូរហៀរគ្រប់យ៉ាង។ ឯនៅម្ខាងផ្លូវមួយនោះវិញបង្ហាញពីជីវិតអ្នកក្រ គឺខ្វះ ខាតមុខក្រោយស្ទើរគ្រប់មុខតាំងពីលុយកាក់ បុណ្យស័ក្តិយស ផ្ទះសម្បែង អាហារហូបចុក ខ្វះមិនស្វាងខ្ញុំឃើញ គួរឲសង្វេគរន្ធត់ចិត្ត។ ប្លែកពីអ្នកមានដូចពាក្យដែលគេតែងនាំគ្នានិយាយអញ្ចឹងអ្នកមាន មានណាស់កប់ពពក មិនដឹង ថាហេតុអ្វីក៏គេមានបានយ៉ាងនេះ...? តើគេរកស៊ីធ្វើអ្វីខ្លះ...? មានលុយសំរាប់ចាយវាយសព្វយ៉ាង ផ្ទះ ស្តុកស្តម...? មានឡានទំនើបៗប្តូរផ្លាស់ស្ទើរគ្រប់ម៉ូតចេញថ្មីមិនទាន់...?  តើព្រោះតែបុណ្យព្រេងវាសនារបស់ គេសន្សំទុក មកតាំងពីអតិតជាតិ...? ឬក៏គេទើបតែសន្សំតាមវិធីរកស៊ីផ្សេងៗដោយជំនាញរបស់គេនៅពេលមាន ឱកាសនៅក្នុង បច្ចុប្បន្ននេះ...?  រីឯអ្នកក្រវិញហេតុអ្វីក៏គេទ័លក្រលំបាកយ៉ាងនេះ...? ឬព្រោះតែអ្នកទាំងអស់ នោះមិនឆ្លាតគ្មាន សំណាងមិនចេះរកស៊ី មិនប៉ិនបោកកុហកកិបកេងលួចលាក់ ដូចពួកអ្នកមានទាំងអស់នោះ។ ខ្លះរកលុយបាន ដោយវិធីមិនល្អ...? ឬពួកគេមិនឆ្លាតចិត្តមិនដាច់ គ្មានខ្សែស្រឡាយអ្នកធំ ក្រុមបក្សពួកដូចពួក អ្នកខ្លះ។ បានជាត្រូវទទួលរងការមើលងាយ ពីសំណាក់ពួកអ្នកមានលុយ មានអំណាច ជិះជាន់ប្រវ័ញ្ចស៊ីលើ កំលាំងញើសឈាម ពួកអ្នកក្រ ឬអ្នកទន់ខ្សោយ...? បើនិយាយពីអ្នកមានអំណាចខ្លះនៅក្នុងសុបិន នៅពេល នោះវិញមានគ្រប់រូបភាព ច្រើនដូចគ្នា តួយ៉ាងដូចជាការប្រើល្បិច យកដីអ្នកក្រ អ្នកខ្សោយស្រស់ៗ គួរឲ ញញើតបំផុត។ ហាក់បីដូចជាគ្មាន អ្នកមានអំណាចណាហ៊ានចូលមកជួយដោះស្រាយរកយុតិធម៌ឲពលរដ្ឋ ឡើយ ហាក់បីដូចជាកាំបិត​ និងដង ត្រូវរ៉ូវគ្នាណាស់គឺ ត្រូវដងត្រូវផ្លែដើរតួកំបាំងស្អាតណាស់ក្នុងរឿងភូតកុហក ដូចរឿងចិនរឿងសាមកុកអញ្ចឹង។ ប្រើល្បិច គ្រប់ក្បាច់យកឈ្នះគ្នាឲតែមានឱកាស។ ឯអ្នកក្រ អ្នកខ្សោយ ត្រូវតែចាញ់រងទុក្ខវេទនាដោយអយុតិធម៌គ្មានសិទ្ធិ តវ៉ាទទួលរងទុក្ខតាមព្រេងតាមវាសនា។
        សរុបមកវិញបើនិយាយទៅគ្រប់ទិដ្ឋភាពក្នុងសុបិនដែលខ្ញុំបានឃើញតាមផ្លូវមុនទៅដល់ច្រក់ទ្វាពិភព(ហេតុ និងផល)ជួបតាចាស់នោះមានច្រើនណាស់រៀបរាប់មិនអស់ទេ។ បើថារឿងមិនពិតដូចជាពិតទោះបីខ្ញុំកុំពុងតែ ឋិតនៅក្នុងសុបិននោះក៏ដោយ។ គិតសព្វៗទៅចំណោទបញ្ហាទិដ្ឋភាពដែលខ្ញុំបានឃើញរៀបរាប់កន្លងមកនោះ រិតតែនាំឲខ្ញុំឆ្ងល់ខ្លាំងឡើងចង់រកចំលើយបកស្រាយឲបានច្បាស់នៅពិភព(ហេតុ​និងផល)បន្តទៅទៀត។ តើមក ពីមូលហេតុអ្វី..?តើព្រោះមនុស្សខ្លួនឯងអ្នកសាងទើបទទួលបានដូចនេះ..? ឬជាចំណាររបស់ព្រហ្មលិខិតកំណត់ ទុកមកឲមនុស្សលោកយើងនេះទទួលទៅតាមភ័ព្វព្រេងវាសនារបស់ពួកគេម្នាក់ៗ...? អូ!រវល់តែស្រមើលស្រមៃ គិតម្នាក់ឯងខ្លាំងពេកនៅពេលនោះខ្ញុំក៏បានមកដល់ទល់មុខតាចាស់ដ៏ចម្លែកល្មមដោយមិនដឹងខ្លួន។
        នៅពេលនោះគាត់ញញឹមមករកខ្ញុំដោយការរាក់ទាក់កក់ក្តៅជាទីបំផុត។ ចំ​ណែក​​ខ្ញុំវិញក៏បាន សម្តែងទង្វើ​ប្រកបដោយក្រមសីលធម៌តបទៅកាន់គាត់វិញដែរ។ បៀបធៀបបីដូចជាពួកយើងទាំងពីរធ្លាប់បានស្គាល់គ្នាតាំង​ពីយូរយាន​ណាស់មកហើយអញ្ចឹង។ អោយខ្ញុំសូមជម្រាប់សួរលោកតា! អើ..!ល្អហើយលើកដៃថ្វាយព្រះចៅ!​​​ តើចៅឈ្មោះអី?​ មកពីទីណា?​ ហើយទៅទីណាវិញ? អូ...!បាទលោកតាខ្ញុំ ឈ្មោះ លីម​​ ចំរើន​ មកពីឋាន​មនុស្សនៅស្រុកខ្មែរមកដល់ទីនេះ ចង់ទៅរកព្រហ្មលិខិតតើគាត់ជាអ្វី? ព្រមទាំងមានសំនួរ​ខ្លះពី ឋានមនុស្ស​និង សំនួរផ្ទាល់ខ្លួនផងចង់សួរនាំគាត់​រក«ហេតុនិង​ផល»។ ឥលូវពិតជាសំណាងខ្ញុំមែនបានជួប​លោកតាពេល​នេះ។ តើលោកតាស្គាល់ ព្រហ្មលិខិតជានរណាទេ? តើគាត់ នោះនៅទីណា? ខ្ញុំពិតជាចង់ជួបគាត់ណាស់​ ដើម្បីសួរ​សំនួរខ្លះរបស់មនុស្សលោកនៅស្រុកខ្មែរសរសេរ​សំបុត្រ មួយច្បាប់ផ្ញើមកគាត់សួរថាៈ ហេតុអ្វីបានប្រជាជនខ្មែរ ទទួលរងទុក្ខវេទនានិងសោកវិនាសកម្ម​បន្តបន្ទាប់គ្នា ពីជំនាន់មួយទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្ននេះដែល នៅតែឋិតផ្តិតក្នុងអារម្មណ៍ប្រជាជនខ្មែរគ្រប់រូបដូចនេះ? តើរឿង​នេះព្រោះព្រហ្មលិខិត ឬព្រោះ នរណា?ហេតុអ្វី?
តើហេតុអ្វីមុនពេលមកដល់ទីនេះ ខ្ញុំឃើញតាមផ្លូវគ្រប់សកម្មភាពដូចជាការពិតម្ល៉េះ...? មូលហេតុអ្វីបានជាមាន រឿង​ទាំងអស់នេះកើតឡើងធ្វើឲខ្ញុំសែនខ្លាច.សង្វេគគិតខ្លាំងដូចនេះ?
        អូ...!រឿងប៉ុណ្ណឹងទេ​! ចៅចំរើនទើបឯងបានមកដល់ទីនេះ? ចៅពិតជាសំណាងមែន ដែលបានកើតមកជា កូនខ្មែរ ហើយមាននិស្ស័យបានមកជួបតានៅទីនេះ។ ចៅមិនចាំបាច់​ទៅតាមរកនៅឯណាឆ្ងាយទៀតទេ។ តានេះហើយគឺព្រហ្មលិខិត ដែលចៅកំពុងតាម រកតើចៅដឹងទេ? តារង់ចាំនៅត្រង់ច្រក់ទ្ធារពិភព«ហតុនិងផល» នៅ​​ទីនេះអស់រយៈពេលជា យូរណាស់មកហើយ តែ​គ្មានអ្នកណាបានមកដល់ទីនេះសោះ​ ទើបតែឥលូវចៅពិត​ជាមាន​និស្ស័យជាមួយតាមែន។ តាឆ្ងល់ណាស់ដែលថាៈ​ មនុស្សខ្មែរទាំងអស់នោះយល់ «ហេតុនិង​ផល»​ច្បាស់ ទាំងអស់ទេ? នៅស្រុកខ្មែរឬដឹងដែរយល់ដែរហេតុការណ៍ព្រមជាមួយ ហេតុ​ផល?  តែធ្វើមិនដឹងមិនយល់? ឬក៏គេមិនយល់សោះដូចជាចៅចំរើនឯង? បែរជា​នរណា​គេ...??? ​ទាំង​អស់នុះបង្កភាពចលាចល នៅក្នុង ប្រទេសឯងស្រុកឯងជាតិខ្មែរដូចគ្នាសោះ។
        ម្យ៉ាងមានអ្នកខ្លះទៀតស្រុកខ្មែរបង្កផ្គរភ្លៀងទឹក ជនលិចតាមផ្លូវម្តងៗយ៉ាប់ដល់អ្នកធ្វើ ដំណើរគ្រប់​គ្នាអស់ ទៅហើយ មិនទាន់ស្ងប់ចិត្តទៀត។ ខ្លះនៅលួចឆ្លៀតឱកាសកេង ចំណេញ​​ផលប្រយោជន៍ផ្ទាល់ខ្លួន លើជាតិ សាសន៍ខ្មែរឯង​ និង បរទេសនាំ​អោយ​គេមើលងាយទៀត ហាក់បីដូចជាមិន ខ្ចីខ្វាយខ្វល់ពីកេរ្តិ៍ឈ្មោះ ជាតិសាសន៍ខ្មែរឯង ហើយប្រទេស ជាតិ​សោះបែរជាធ្វើដូចនេះ។ ឬក៏ពួកគេស្នេហាជាតិដែរ​ តែជាឆាកល្ខោន កំបាំងការពិត នៃអ្នកនយោបាយខ្លះ...? នៅពេលមានបញ្ហាក្នុងប្រទេសកើតឡើងទាមទារអោយ​​មកជួយ​ដោះ ស្រាយទាំងអស់គ្នាមិនមាននរណាហ៊ានចូលមកដោះស្រាយឡើយ អាងអីរត់ទៅស្រុក​ក្រៅយករួចខ្លួន​​ ហើយ បែរជាប្រឹងស្រែកផ្ញើតាមរលកធាតុអាកាស ឬប្រព័ន្ធផ្សព្វផ្សាយ ជេរ​គ្នាទៅវិញទៅមកមិនចេះ បង្អង់ដៃ បន្ធូរមាត់ អោយគ្នាសោះ...? មិនស្គាល់រាស្ត្រមិនស្គាល់ស្តេច មិនថាអ្នកណាអ្នកណីឈ្លោះគ្នា មិនចេះខ្មាស់ជនបរទេស ឬអ្នកជិតខាងឡើយ។ តាសូមសួរឯណា ទៅទំនួលខុសត្រូវហើយនិងសាមគ្គីភាពឯកភាពជាតិ? អ្នកនៅក្នុងផ្ទះក៏ អាងយ៉ាងបានដៃមិនអន់ ហើយអ្នកនៅក្រៅផ្ទះក៏មិនអត់ប្រើគ្រប់ឧបាយកលយកចាញ់ឈ្នះគ្នា។ តើអ្នករង​គ្រោះ បន្តជានរណា? ឬក៏ពួកគេចង់អោយដើរតាមគន្លងចាស់ទៀត? បើប្រទេសកំពុងតែសន្តិភាព ហើយនោះ?​ នេះគ្រាន់តែជាគំនិត តាតែម្នាក់ឯងសួរចៅចំរើនអោយជួយគិត​ជាមួយតា គ្រាន់ បានជាគំនិតពីរប៉ុណ្ណោះ។
        អូ...!អោយតាសូមអភ័យទោសផង កុំខឹងរវល់តែនិយាយបូរបាច់ច្រើនពេក ភ្លេចនាំចៅ ចំរើនឯង ទៅចូល មើលពិភព«ហេតុនិងផល»ទាំងអស់គ្នាថាៈ តើគម្ពីរប្រវត្តិសាស្ត្រការពិតកត់ បង្ហាញប្រាប់យ៉ាងណាខ្លះ? មកចូល តាមតាមក! បាទ!លោកតាព្រហ្មលិខិត! អូ...! លោកតា ពិភពនេះពិតជាចម្លែកស្រស់ស្អាត់អស្ចារ្យមែន ខ្ញុំពិតជា មិនធា្លប់បានឃើញសោះទេ ពីមុន មកនោះ។ អើ...!ណែ!លោកតា!លោកតាព្រហ្មលិខិត អោយខ្ញុំសុំសួរ សំណួរ មួយសិនបានទេ? អើ.!ម៉ោះសួរមក​ តាចាំឆ្លើយបានជាមកដល់ទីនេះទៅហើយ ឆ្ងល់អីឆាប់សួរភ្លាមៗ​ទៅក្រែង​តាដូរ​ចិត្តណា។ អូ...! ទេ!ទេ!លោកតាកុំអាលខឹងប្តូរចិត្តអីសំណួរខ្ញុំអញ្ចេះទេសូរថាៈ​​ តើហេតុអ្វីក៏ ពិភពមួយ នេះខ័ណ្ឌ ចែកដាច់គ្នាជាពីរដោយ«ពណ៌សនិងពណ៌ខ្មៅ»ដូចជាសំលៀកបំពាក់ លោកតាអញ្ចឹង?
        អូ...!ចំរើនចៅឆ្ងល់ប៉ុននេះទេអី? ទេ!ទេ!លោកតានេះគ្រាន់តែជាសំណួរទី១ទេតើ!​​ បើមានអ្វីប្លែក ខ្ញុំនឹងសួរ បន្តទៀតហើយណា។ មិនអីទេ! ចៅប្រុសគិតរក​សំណួរតាម សម្រួលចុះ តារីករាយណាស់ រង់ចាំឆ្លើយ គ្រប់ សំណួរចៅឯង។ ចម្ងល់មួយនេះពិតជាពិសេស មែន ត្រូវចំបេះដូងតាហាក់បីដូចជាចាក់ត្រូវឆ្នោតជាតិរង្វាន់ធំ កាលពីសង្គមអញ្ចឹង។ តាពិត ជាចង់បកស្រាយត្រង់ ចំណុចនេះអោយបានច្បាស់លាស់ណាស់។    ចំរើនចៅ អាយុប៉ុណ្ណេះ​ធ្លាប់បាន​​រៀនសូត្រខ្លះដែរ តាសូមសួរសំណួរចៅមួយយ៉ាងខ្លីសិនមុននិងតាបកស្រាយបន្ត អំពី រឿងចម្ងល់ចៅបន្តិចទៀត។
        បាទ!លោកតា សូមសួរមកចុះ!ចៅរង់ចាំឆ្លើយ? តាសូមសួរថាៈ តើពណ៌សនិងពណ៌ខ្មៅ យើងអាចយក បៀបធៀបអ្វីខ្លះ?​ ទាំងនៅក្នុងអក្សរសិល្បិ៍និងសង្គមជីវិតបច្ចុប្បន្ននេះតាមអ្វី ដែលចៅកំពុងស្វែងយល់ តាម គំនិតយោបល់ឯង។ បាទ!អើ..!ណែ..បើតាមខ្ញុំយល់ «ពណ៌ស និងពណ៌ខ្មៅ» យើងអាចប្រៀបធៀបដូចជា ពណ៌សតំណាងឲសភាវៈល្អនិងពណ៌ខ្មៅ តំណាងអោយសភាវៈអាក្រក់,ឬក៏តំណាងអោយត្រូវ និងខុស... ព្រមទាំងមានការប្រៀបន័យផ្សេងៗទៀត​​ តែពេលនេះខ្ញុំគិតមិនទាន់ទេ។ ឥលូវមានតែរង់ចាំការ បកស្រាយ របស់លោក តាព្រហ្មលិខិត ប្រាប់បន្តល្អជាង ព្រោះខ្ញុំនៅក្មេងប្រហែលជាការគិតមិនបានវែងឆ្ងាយគ្រប់ ជ្រុង ជ្រោយដូចមនុស្សចាស់ទេ។ បាន!ចំរើនចៅពិតជាគ្រាន់បើមែនចេះវែកញែកបកស្រាយ ល្អគ្រាន់បើ តាមកំរិត វប្បធម៌ដែលចៅយល់ មែនចៅមនុស្សយើងពិតមិនអាចមើល​ឆ្លុះគ្រប់ រឿងទាំងអស់ទេ តាក៏មិនប្រឆាំងអីដែរ ឆ្លើយបែបណាក៏បានអោយតែមាន«ហេតុនិងផល»​ សមស្រប ព្រោះថានរណាក៏ដឹងភាគច្រើនដែលថាៈ «សនិងខ្មៅ»តំណាងអោយ «ល្អនិង​អាក្រក់»​,«ត្រូវនិងខុស»...។ ទាំងនៅក្នុងជីវិតសង្គមរស់នៅរាល់ថ្ងៃ ឬក៏នៅ ក្នុងស្នាដៃសំណេរ ផ្សេងៗ«ពណ៌សនិងពណ៌ខ្មៅ»ទំាងពីរនេះ គឺជាគូនិងគ្នាវាមានអត្ថន័យទូលំទូលាយណាស់ ទៅតាមស្ថានភាព, ទីកន្លែងបរិបទ,ដែលមនុស្ស គេកំពុងប្រើឬកំណត់យកអោយតម្លៃ​ «ពណ៌សនិងពណ៌ខ្មៅ» នោះ។ សេចក្តីទាំងអស់ដូចបានរៀប រាប់បកស្រាយមកនេះគ្រាន់តែ ជា​ឧទាហរណ៍ងាយៗប៉ុណ្ណោះ ប៉ុន្តែវា ក៏អាចមានន័យធៀប ច្រើនទៀតដូចជាៈ ការប្រៀប ធៀបអោយ«ហេតុ និងផល»,«ខ្លាំង និងខ្សោយ»,«យុតិ្តធម៌ និងអយុត្តិធម៌»... ទៅតាមគំនិត បុគ្គលម្នាក់ៗដែលគេកំណត់យកវា។ជាក់ស្តែងដូចគ្រប់ទិដ្ឋភាពទាំងអស់តាមផ្លូវ មុនមកដល់ពិភពមួយនោះ ហើយចំរើនឯងកំពុងតែឆ្ងល់ដូចគ្នាហេតុអ្វីក៏មានរឿងដូចនេះកើតឡើង​​ យើងអាចធ្វើ ការប្រៀបធៀប«ពណ៌ខ្មៅនិងពណ៌ស»បានដែរ។​ តែតាសូមនិយាយត្រង់នេះបន្តិចថាមូលហេតុមានរឿងអស់នេះ កើតឡើងមិនមែនជាកំហុសនរណាទេ គឺមកតែពីមនុស្សខ្លួនឯងមិនយល់ «ហេតុនិងផល» អាត្មានិយមគិតតែ ប្រយោជន៍ខ្លួនឯង។ ឯអ្នកដែលគេធ្វើបាបកិបកេងចំណេញលើខ្លួននោះសោត ក៏បាក់ស្បាតមិនហ៊ានតវ៉ាប្រឆំាង ទៀត។នៅក្នុងសង្គមស្ទើរគ្មានស្ថាប័នណាឯករាជ្យផ្ទាល់ខ្លួនសោះ ហាក់បីដូចជាអំណាចស្ថិតនៅតែលើបុគ្គលម្នាក់ ឬបក្សពួកក្រុមខ្សែរស្រឡាយរបស់ពួកគេប៉ុណ្ណោះ។ ហើយបាននំាគ្នាខំទម្លាក់កំហុសទាំងអស់តែមកលើព្រហ្ម លិខិតដោះយករួចខ្លួនស្ទើរតែគ្មានការទទួលខុសត្រូវឡើយ។ តែតានិយាយនេះសំដៅលើតែពួកអ្នកធ្វើអាក្រក់នៅ
ក្នុងសង្គមទេ ហើយអ្នកគេធ្វើល្អ ត្រឹមត្រូវស្នេហាយុត្តិធម៌ សុចរិតក៏មានច្រើនដែរមិនមែនគ្មានសោះទេ។ ​តែវាហាក់បីដូចជា «ពណ៌ខ្មៅនិងពណ៌ស»​ ឬ «ទឹកនិងភ្លើង» មិនចេះយោគយល់គ្នាទៀត។​ តាក៏មិនដឹងទេថា តើពេលណាសង្គមទាំងពីនេះអាចរួបរួមបញ្ចូលគ្នាជាធ្លុងមួយបង្កើតបានសង្គមល្បីដ៏រឹងមាំបានឡើយ...បើគិតតែឈ្លោះ​គ្នាដូចនេះ។
        សរុបសេចក្តីមកវិញ​    តាសុំទាញយកភ្ជាប់សំណួរព្រមជាមួយគំនិត ដែលចំរើនកំពុងតែឆ្ងល់ខាងដើមមុន នេះ។ តើចៅបានយល់ខ្លះទេ? ហេតុអ្វីបានជាពិភពមួយនេះគេអោយ ឈ្មោះ​ថាពិភព «ហេតុ និងផល»​ ព្រមទាំងមានការខ័ណ្ឌចែកគ្នាជាពីរដាច់ដោយ «ពណ៌ស និងពណ៌ខ្មៅ»​អម​សង្ខាងផ្លូវ​ដូចនេះទេចៅ? បាទ! លោកតាពេលឥលូវនេះចៅបានគិតយល់ ច្រើនខ្លះហើយ។ បានជាពិភពនេះឈ្មោះថាៈ «ហេតុ និងផល» ព្រោះចង់បង្រៀនអោយ យើងប្រឹងគិតអោយខ្លាំង«ដឹងសដឹងខ្មៅ»,«ល្អនិងអាក្រក់»,«ហេតុនិងផល», កុំអោយ ឆាប់ជឿ រឿងអ្វីមួយដោយខ្វះការពិចារណា ផ្អៀងគំនិតតែម្ខាងៗ គឺដើរលើផ្លូវកណ្តាលត្រឹមត្រូវទេ លោកតា គំនិតខ្ញុំ។ បាទ!ត្រឹមត្រូវម្យ៉ាងដែលគំនិតឯង តាសុំយល់ស្របក៏ប៉ុន្តែតាព្រហ្មលិខិត សូមផ្តាំណាធ្វើជាមនុស្ស កុំឆាប់មានអំនួតលើខ្លួនឯងខ្លាំងពេក មនុស្សទាំងអស់ពិតជា មិនអាចទទួលជោគជ័យគ្រប់ពេលវេលា ទាំងអស់ នោះទេ។ ប្រសិនណាបើគេធ្វេសប្រហែស មើលងាយស្ថានភាពហេតុការណ៍គេពិតជាជួបនូវការខកចិត្តស្តាយ ក្រោយជាក់ជាមិនខាន ឡើយនៅថ្ងៃណាមួយ។ ឯអ្នកបរាជ័យវិញក៏មិនមែនចាញ់តែរហូតដែលប្រសិនណា បើគេព្រមទទួលយកការបរាជ័យពិតនោះ បើកចិត្តអោយទូលាយយកទុក ជាមេរៀនជីវិតដោយ ទឹកមុខញញឹម បង្ការកុំឲខុសដដែលៗដោយការតស៊ូព្យាយាមនៅពេលណាមួយនោះ។ គេពិតជាទទួលបានភាព ជោគ ជ័យជាក់ជាមិនខាន។ រីឯរឿងសំណួរដែលមនុស្ស ផ្ញើតាមចៅ អោយមកសួរតាថាៈ ហេតុអ្វីបានប្រជាជនខ្មែរ ទទួលរងទុក្ខវេទនានិងសោកវិនាសកម្ម បន្តបន្ទាប់គ្នា ពីជំនាន់មួយទៅមួយជំនាន់រហូត មកដល់បច្ចុប្បន្ន នេះដែលនៅតែឋិតផ្តិតក្នុងអារម្មណ៍ប្រជាជនខ្មែរគ្រប់រូបដូចនេះ? តើរឿង​នេះព្រោះព្រហ្មលិខិត ឬព្រោះ នរណា? ហេតុអ្វី? តាព្រហ្មលិខិតសូមឆ្លើយផ្តាំយ៉ាងខ្លីតាមចៅទៅវិញថាៈ រឿងនេះព្រោះមនុស្សខ្មែរ​ ទាំងអស់ ស្ថិតនៅក្រោមនឹមអំណាច អ្នកដឹកនាំដែលមិនសូវបានគិតនឹកនាដល់អោយបាន ច្បាស់លាស់ថាៈ គួរធ្វើអ្វីជា ប្រយោជន៍ជាតិឬរួមមិនមែនធ្វើអ្វីមួយគិតតែពីប្រយោជន៍ បុគ្គល ឬបក្ស​ពួកនិយមឡើយ តែផ្ទុយទៅវិញបែរជា នំាគ្នាឈ្លោះដណ្តើមអំណាចគ្នាទៅវិញទៅមក ដើម្បីសំរាប់តែបម្រើហិច្ឆតារបស់អ្នកនយោបាយរៀងៗខ្លួន។ ផាត់ពណ៌អោយគ្នា ខ្វះសាមគ្គីភាព ផ្ទៃក្នុងចុងក្រោយអ្នករងគ្រោះធ្ងន់ធ្ងរ គឺប្រជារាស្ត្រ,អ្នកតូចអ្នកតាចស្លូតត្រង់ ខំស្មោះស្ម័គ្រស្លាប់ ទៅឥតន័យគ្មានបានអ្វីជាការតបស្នងឲសមគួរសោះ។ មិនតែប៉ុណ្ណោះ ចុងក្រោយបែរ មកនាំគ្នា ទម្លាក់កំហុសគ្រប់យ៉ាងតែមកលើព្រហ្មលិខិត ខ្លួនឯងធ្វើខុស ក៏ព្រោះព្រហ្មលិខិត ចំណែករឿងធ្វើ ទៅត្រូវក៏ព្រោះព្រហ្មលិខិត ម្នាក់ៗមិនសូវមានអ្នកហ៊ាន ទទួលយកការពិតនូវអ្វីដែលខ្លួនកំពុងធ្វើសោះឡើយ។ នាំគ្នាឆ្លើយឲតែរួចពីមាត់មិនសូវបានគិត «ហេតុនិងផល»,«សនិងខ្មៅ».ថាៈ ពួកគេគួរដើរផ្លូវណា? ឬគួរធ្វើបែប ណាដើម្បីទទួល ជោគជ័យទាំងអស់គ្នាគ្មានអ្នកចាញ់។
        ត្រង់ចំណុចនេះឯងត្រូវចងចាំអោយបានច្បាស់ណា មានតែផ្លូវមួយគត់ឈ្នះទាំងអស់ គ្នាគឺសាមគ្គីភាព បរិច្ចាគ អោយគ្នាទៅវិញទៅមក៥០ភាគរយម្នាក់ៗ។ ឬប្រកាន់យកទ្រឹស្តី សម័យថ្មីនេះយុទ្ធសាស្ត្រឈ្នះ!ឈ្នះ! ទាំងអស់គ្នាគ្មានអ្នកចាញ់  ព្រោះពួកចៅមានឈាមជ័រ ដូចគ្នាទោះរស់នៅ​ទីណាក៏ដោយ កើតពីត្រកូលណា ក៏ដោយគឺ ជាខ្មែរដដែលគួរយើងចេះ សាមគ្គីគ្នាមាន មោទនៈភាពទាំងអស់គ្នាដោយបានកើតជាកូនខ្មែរត្រូវតែ ចេះជួយគ្នាទៅវិញ ទៅមក។តាអាចឧទាហរណ៍ៈ ប្រៀបធៀបងាយៗដូចជា«ពណ៌សនិងពណ៌ខ្មៅ» គឺជាប្រភេទ ពណ៌ដូចគ្នាមានប្រយោជន៍ដូចគ្នាសំខាន់ដូចគ្នា។ នៅពេលមនុស្សត្រូវការ ហើយបើមនុស្ស គេឆ្លាតទៀតនុះ។ គេអាចបង្កើតបានពណ៌ថ្មីមួយផ្សេងទៀត ដែលមានតម្លៃជាសាកល ធ្វើអោយគេទទួលស្គាល់ស្ងោចសរសើរ ព្រោះតែគំនិតរបស់យើងនឹកស្មានមិនដល់ចេះប្រឹង ច្នៃប្រឌិតដ៏ប៉ិនប្រសព្វ។ បើចៅមិនជឿចិត្តអាចយក «ពណ៌សនិងពណ៌ខ្មៅ»លាយស្មើគ្នាពាក់ កណ្តាលម្នាក់ល្បងមើល តើមានអ្វីកើតឡើងឬមានអ្វីប្លែក។ ចំណែក សង្គមមនុស្សក៏អាច អញ្ចឹងដែលបើប្រជាជនខ្មែរ មិនថាអ្នកមានឬអ្នកក្រ,បក្សកាន់អំណាចឬបក្សប្រឆាំង, ខ្មែរក្នុង ស្រុកឬខ្មែរក្រៅស្រុកទេ។  ពួកគេទាំងអស់អោយតែមានចិត្តទូលាយប្រកាន់ចរិត ចែករំលែក គ្នាតាម គ្រប់រូបភាពមិនថាអ្វីក៏ ដោយទោះបីតាមរយៈទឹកចិត្ត,សម្ភារៈ...ផ្សេងៗទៀត ទៅតាមលទ្ធភាពដោយ ស្ម័គ្រ ស្មោះ។ ប្រើយុទ្ធសាស្ត្រឈ្នះ!ឈ្នះ!ទាំងអស់គ្នាប្រកាន់ភា្ជប់សាមគ្គីភាព ជាតិសាសន៍ខ្មែរដូចគ្នា មានឧត្តគតិ ស្នេហាជាតិតែមួយ​គឺកសាងអភិវឌ្ឍន៍ស្នាដៃគ្រប់យ៉ាង សំរាប់ជាតិខ្មែរ,ប្រជាជនខ្មែរ ទាំងនៅក្នុងនិងក្រៅ ប្រទេសមិនប្រកាន់និន្នាការនយោបាយ ,វណ្ណៈ,ពណ៌សម្បុរជាតិសាសន៍ គិតប្រយោជន៍រួមជាធំទៅតាម លទ្ធភាពរៀងៗខ្លួន។ ដើម្បីទាំងអស់គ្នា​ឲសមឈ្មោះថាៈ កម្ពុជារាជាណាចក្រអច្ឆរិយៈ។ គ្មានចិត្តគុំគួន មើល បំណាំ គ្នារិះគន់ដើម្បីស្ថាបនាគ្មានគំនិតកាច់បំបាក់គា្នជួយគ្នាដោយស្ម័គ្រស្មោះ។ បើកចិត្តអោយ ទូលាយទទួល យកការពិតគឺ «ហេតុនិងផល» បើ​សិនណាខ្មែរអាចធ្វើដូចនេះបានមែននោះ មិនដឹងជាប្រទេសកម្ពុជា, ប្រជាជនខ្មែរ... ទូរទាំងពិភពលោកយើងនេះពិតជាបានល្បីល្បាញ កេរ្តិ៍ឈ្មោះមុខមាត់រន្ទឺសុសសាយប៉ុណ្ណាទេ។​
        ចំណែកឯរឿងប្រជាជនខ្មែររងទុក្ខវេទនាពីអតីតកាល ឬស្លាប់នៅលើស្ពានកោះពេជ្រ ថ្មីៗកន្លងទៅ នេះកើតឡើង ព្រោះតែអ្នកទាំងអស់នោះមិនបានគិតហេតុផលឬក៏អាចថាជា ការមើលស្រាលស្ថានការណ៍ពេក តែក៏ពិតជាគ្មាននរណាម្នាក់ប្រាថ្នាអោយរឿងនេះកើត ឡើងទេប្រសិនបើគេនោះមានឈាមជ័រជាខ្មែរពិត។ ប៉ុន្តែរឿងនេះយើងក៏មិនត្រូវធ្វើមិន ដឹងមិនលឺទៅកើតដែរ ព្រោះវាជាទំនួលខុសត្រូវរបស់អ្នកដឹកនាំមួយផ្នែកដែរក្នុងការដោះស្រាយបញ្ហាគួរតែចងចាំកត់ទុកជាមេរៀនប្រវត្តិសាស្ត្រកុំអោយខុសដដែលៗទៀត។ ហើយត្រូវ ដោះស្រាយ   រកមូលហេតុអោយបានច្បាស់លាស់នរណាជាអ្នកទទួលខុសត្រូវបំផុតធំ។ចំណែកប្រជាជន ខ្មែរអ្នកនៅក្រៅប្រទេសដែលដឹងរឿងច្រើនក៏ល្មមៗ បានហើយក៏ត្រូវមាន ក្រមសីលធម៌ផងកុំខ្លាំងដៃពេក ការ ដឹកនាំមនុស្សពេញមួយប្រទេសពិតមិនងាយស្រួសដូចយើងចាំតែថាទេ។ ពេលខ្លះយើងជាមេគ្រួសារក៏មិន ងាយ ដឹកនាំកូនចៅអោយល្អទាំងអស់តាមគន្លងធម៌ដែលយើងប៉ងបានដែរព្រោះតែយើងអាចមានសំពាធច្រើន។
        ដូច្នេះសមាជិកក្នុងគ្រួសារធំឬក៏តូចមួយ គួរយល់ដឹងអធ្យាស្រ័យជួយរកវិធីសាស្ត្រដោះ ស្រាយគា្នកុំរវល់ តែចិត្តខ្លាំងប្រឆាំងទទឹងទិសពេកក៏គេពិបាកដោះស្រាយដែរ ព្រោះអំរែកវាធ្ងន់អាចទាត់ចោលខ្លះហើយ។ បើមិន ស្តាប់ឪជាមេគ្រួសារមិនចេះជួយគ្នារកបានមកចាយ វាយសប្បាយតែឯង ដល់ពេលគេសង់ផ្ទះតាំងពីបាទដៃទទេ មករស់ស្រួលបានបន្តិច ឯងមក តាំងៗពីណាឡូឡា រករឿងមិនចង់អោយគេបានសុខ មិនចេះអាណិតយាយ , តាចាស់ៗរស់ នៅមិនបានសុខទៅនៅជាមួយគេ មិចចេះខ្មាស់គេខ្លះទេអី? កូនៗ,ចៅៗរាល់គ្នាបានប្រឹង ឈ្លោះគា្នណាស់។ បើចង់នៅផ្ទះសោយសុខដែរ ត្រូវកែប្រែមារយាទខ្លះទៅកុំអោយគេ ដៀលដល់ពូជ។ នាំគា្នសាមគ្គីទាំងក្នុងនឹងក្រៅផ្ទះជួយរកមធ្យោបាយគ្នា ដើម្បីធ្វើយ៉ាងណា ដោះស្រាយគំនាប ខាងក្រៅដែល ជាសំពាធ សំរាប់គ្រួសារយើងកុំអោយអ្នកក្រៅមើលងាយ គ្រួសារយើង,ពូជយើង តទៅទៀតថាៈ ប៉ិនខាង ឈ្លោះគ្នាអញ្ចឹងទើបឆេះផ្ទះកន្លងមកហើយ អ្នកជិតខាងព្រួតគ្នាធ្វើបាប។ វាពិតណាស់គឺ ពិតជាគា្មនរណា ម្នាក់ចង់ទុកកេរ្តិ៍ឈ្មោះអាក្រក់ នៅក្នុងប្រវត្តិសាស្ត្របន្តមកអោយកូន​​ចៅជំនាន់ក្រោយទេអ្នកដឹកនាំប្រទេស ក៏ដូចគ្នា។ ឬចង់ឈ្លោះគ្នាអោយឆេះផ្ទះម្តងទៀត? ពិតជាមិនអាចទេអ្នកដឹកនាំគេព្យាយាមណាស់ បញ្ជៀសមិន អោយដើរលើគន្លងចាស់ទៀតឡើយ។
        ម្យ៉ាងមួយទៀតក៏គ្មានអ្នកសរសេរសំបុត្រមកសួរព្រហ្មលិខិត ឬស្តីជេរព្រហ្មលិខិតថាៈ អយុតិ្តធម៌ណាស់ ចំពោះគេ ហើយព្រហ្មលិខិតក៏មិនខុសរស់នៅដោយសុខសាន្ត ព្រោះមាន អ្នកទទួលកំហុសយល់ហេតុការណ៍ ដោយសេចក្តីពិតគឺ«ហេតុនិងផល»នេះឯង។​​ ដោយ​​ដើរប្រកាន់ផ្លូវកណ្តាលប្រើយុទ្ធសាស្ត្រ ឈ្នះ!ឈ្នះ! ទាំង អស់គ្នា រឿងព្រហ្មលិខិត យុត្តិធម៌ ឬអយុត្តិធម៌វាអាស្រ័យទៅលើមនុស្សជាអ្នកផ្តល់តម្លៃវា នេះគឺជា សត្យានុមតិមិនអាចប្រកែកបាន។
        តាព្រហ្មលិខិតបកស្រាយប៉ុណ្ណេះចៅចំរើនឯងម៉េចស្តាប់យល់បានច្រើនទេ? បាទ!បាទ! លោកតាចៅ ស្តាប់បានយល់ច្បាស់អស់ហើយរឿងនេះ គឺដើរផ្លូវកណ្តាលគិត«ហេតុនិងផល» មិនមើលងាយស្ថានភាព ហេតុការណ៍ដែលអាចកើតមានឡើងបានគ្រប់ពេលវេលា។ ប្រសិន បើយើងធ្វេសប្រហែសតែបន្តិចនោះយើង អាចនិងស្តាយក្រោយអស់មួយជីវិតជាមិនខាន។ ចំណែកការងារអ្វីក៏ដោយ តែងតែមានគូនិងគ្នាហាក់ ដូចជា ដៃឆ្វេងនិងដៃស្តាំ,អាក្រក់និងល្អ​, សនិងខ្មៅ...សុទ្ធតែមានតម្លៃសំខាន់ដូចៗគា្ន ពេលមនុស្សយើងត្រូវការមិន អាចខ្វះផ្នែកណា មួយបានឡើយ។ បើចង់សម្រចអោយបានលទ្ធផល១០០ភាគរយនោះ   ទាល់តែយើងចេះប្រើ
យុទ្ធសាស្ត្រឈ្នះ!ឈ្នះ!ទាំងអស់គ្នា គ្មានអ្នកចាញ់ចេះចែកគ្នា៥០ភាគរយម្ខាងៗ ទើបសុខសាន្តធ្វើអ្វីក៏បាន សម្រេច ទាំងអស់គ្នា ហើយក៏ពិតជាគ្មានអ្នកស្រលាញ់ព្រហ្មលិខិត ឬខឹង  ស្អប់តាព្រហ្មលិខិតទៀតឡើយ។
        អើ...!ល្អហើយចៅចំរើន បើចាំយល់អស់ហើយពេលក្រោកពីដំណេកកុំភ្លេចសរសេរទុក ផ្ញើប្រាប់មនុស្ស លោកនៅស្រុកខ្មែរ        ឬពិភពលោកបើគេជួបបញ្ហាដូចខ្មែរផងណា។ គ្រាន់អោយគេបានដឹងយល់ពីគំនិត និង អារម្មណ៍ របស់តាព្រហ្មលិខិតពេលនេះផង ឈប់នាំគ្នាដាក់កំហុសលើតាព្រហ្មលិខិតទៀត។   អាសូរតាចាស់ ណាស់ទៅហើយចង់រស់នៅសោយសុខមើលមុខកូនចៅខ្មែរ ស្រុកទេសសំបូរសប្បាយរុងរឿង ឈប់ឈ្លោះ គ្នាជាអមតៈ រហូត ទាល់តែមានអ្នកថ្មីមកជំនួសកន្លែងតាព្រហ្មលិខិតនេះណា។ បើមានឱកាស!និងមាននិស្ស័យ យើងអាចជួបគ្នានៅលើកក្រោយជាក់ជាមិនខានទៀតណាចៅចំរើន។ តាលាសិនហើយណាសូមរស់នៅអោយ បានសេចក្តីសុខក្នុងក្រុមគ្រួសារគ្រប់ពេលវេលា    ព្រមជាមួយប្រជា ជនខ្មែរទូទាំងសាកលលោក។ សូមអោយ ចេះសាមគ្គីស្រលាញ់គា្នជាតិខ្មែរគង់វង្សល្បីល្បាញសុសសាយជាអមតៈ។ ទេ..!ទេ..!ឈប់សិន! លោកតា ព្រហ្មលិខិត! កុំអាលប្រញ៉ាប់ទៅពេក ខ្ញុំសួរមិនទាន់អស់ចិត្តទេ..?  ពេលនោះខ្ញុំខំរត់តាមឃាត់គាត់ កុំអោយ ទៅតែមិនទាន់រហូត ដល់ខ្ញុំភ្ញាក់ពីដំណេកម្តងទៀត។ ជួនពេលដែលនាឡិកាទូរសព័្ទខ្ញុំរោទិ៍បន្លឺឡើងបញ្ជាក់ថាៈ ដល់ម៉ោងជិត៧ព្រឹកល្មម។ ខ្ញុំក៏ក្រោកឡើងទៅងូតទឹកសំអាតខ្លួនប្រាណទៅធ្វើការដូចសព្វមួយដង។ ខ្ញុំអស់ សំណើចហួសចិត្តខ្លួនឯង នេះគឺ ជាសុបិនចម្លែកអស្ចារ្យណាស់ ខ្ញុំសូម បញ្ចប់ត្រឹមនេះឯងហោង៕


នៅស្ទឹងត្រែងផ្តើមតែងចាប់ពីថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០១១  (១១​/៣០នាទីថ្ងៃ)
បញ្ចប់នៅថ្ងៃសៅរ៍ទី១៥ ខែមករា ឆ្នាំ២០១១ (១៦/៣០នាទីល្ងាច) បន្ថែមអត្ថន័យ ០៣ៈ០៨ៈ២០១១
តែងដោយៈ លីម​ ចំរើន
ទូរសព្ទ័លេខៈ ០១២ ៥១ ៩១​ ៣៧
​​​                                                                                 ០១១ ៣៧ ៨១ ៧១
Email: limchamroeun@gmail.com