Popular Posts

Saturday, October 8, 2011

រឿង សត្វកណ្តុរព្រៃ.ឆ្មាអប្រិយ និងម្ចាស់ផ្ទះឆោតល្ងង់

កាលព្រឹកថ្ងៃសៅរ៍មួយ ខ្ញុំមិនបានទៅធ្វើការនៅកន្លែងទេ។ខ្ញុំក្រោកពីដំណេកតាំងពីព្រលឹមរៀបចំខ្លួននិង ឥវ៉ាន់រុញទៅឲ្យប្រពន្ធលក់នៅផ្សារបន្លែដូចសព្វមួយដង។ ប៉ុន្តែមុនទៅដល់ផ្សារ ប្អូនស្រីរបស់ខ្ញុំបានប្រាប់ ខ្ញុំថា យប់ម៉ិញដេកអត់លក់ស្រួលសោះ ព្រោះតែថ្លង់ជាមួយឆ្កែអ្នកជិតខាងនោះនាំគ្នាដេញខាំសត្វកណ្តុរមួយស្រែក ដោយការឈឺចាប់គួរព្រឺខ្លាចណាស់​។ ​ពេលព្រឹកឡើងខ្ញុំឃើញមានសត្វកណ្តុរធំមួយងាប់នៅមុខតូបហាងអ៊ុត សក់ខ្ញុំមែន។ ក្រោយនាងនិយាយប្រាប់ខ្ញុំរួចមក ពាក្យសត្វកណ្តុរហាក់នៅដក់ជាប់ក្នុងត្រចៀកនិងអារម្មណ៍ របស់ខ្ញុំស្ទើរបំភ្លេចមិនបានសោះ។ ខ្ញុំក៏មិនដឹងដែរថាមកពីមូលហេតុអ្វីឲ្យច្បាស់នោះទេ...?
            ខ្ញុំក៏រៀបចំឥវ៉ាន់រុញមកក្រៅរបងផ្ទះបំរុងទៅផ្សារហើយ តែមិនអស់ចិត្តនិងសម្តីរបស់ប្អូនស្រីខ្ញុំ ប្រាប់ក៏ បានចោលភ្នែកក្រឡេកសម្លឹងមើល ទៅកាន់ខាងមុខតូបរបស់នាង បានឃើញ​​សត្វកណ្តុរធំមួយងាប់ ដូចពាក្យ នាងប្រាប់ខ្ញុំមែន។ ខ្ញុំដកដង្ហើមធំ ហ៊ឺ...យ៉ាងវែងហាក់ដូចសង្វេគ និងធុញថប់ក្នុងចិត្ត រឹតតែគិតរឿងទាំងអស់នេះ ថែមទៀតជាមួយការមិនដឹងមូលហេតុ​ថា​ មកពីអ្វី...? ​ហើយក៏បន្តរុញឥវ៉ាន់ឲ្យប្រពន្ធទៅលក់នៅផ្សារទៅ ប៉ុន្តែ ចៃដន្យអ្វី..មិនដឹង? ដល់ពាក់កណ្តាលផ្លូវពីផ្ទះទៅផ្សារ មុខផ្ទះមួយមានយីហោជាអក្សរខ្មែរធំៗ ឈ្មោះថាៈ យៀប ហុង លក់គ្រឿងអគ្គីសនីគ្រប់ប្រភេទនិងមានទទួលជួសជុលគ្រឿងអេឡិចទ្រនិច។ ខ្ញុំក៏បានប្រទះជួបសត្វកណ្តុរ ឈ្មោលកញ្ចាស់ធំមួយទៀតងាប់បះជើងឡើងលើ​ មាត់បែកឈាម ធ្លាយពោះវៀនចេញមកក្រៅ ជាមួយឈាម ប្រលាក់ថ្នល់នៅឡើយទេ។ ខ្ញុំឃើញទិដ្ឋភាពទាំងអស់នេះអាចឲ្យខ្ញុំគិតយល់ស្មានបានថាសត្វកណ្តុរមួយនេះក៏ មានវាសនាមិនល្អដូចកណ្តុរងាប់នៅមុខតូបប្អូនខ្ញុំអម្បិញម៉ិញនេះដែរ។ គឺងាប់ដោយសារឆ្កែខាំព្រោះនៅជាប់ផ្ទះ យៀប ហុង នោះក៏មានឆ្កែកាចៗ មួយ,ពីរចាំការពារផ្ទះនេះដូចគ្នា។ ក្រោយពីបានឃើញព្រឹត្តិការណ៍គួរឲ្យចម្លែក ក្នុងចិត្តទាំងអស់នេះមកថ្ងៃនោះខ្ញុំដូចជាមានអារម្មណ៍មិនសូវស្ងប់សោះគិតរវើរវាយនាយអាយ ច្រើនជាពន់ពេក មិនដឹងគិតស្អីជាស្អីថាឲ្យត្រូវទេ។ នេះប្រហែលជាខ្ញុំខ្វាយខ្វល់រឿងធ្វើរបាយការណ៍ប្រចាំខែនៅកន្លែងធ្វើការងារ ខ្លាំងពេកហើយមើលទៅទើបខ្ញុំមានសំពាធក្នុងអារម្មណ៍ខ្លាំងដូចនេះ។
            ដល់ពេលរាត្រីកាលឈានចូលមកដល់បន្តិចម្តងៗ ហាក់បញ្ជាក់ថាថ្ងៃចាស់ជិតផ្លាស់ចូលដល់ថ្ងៃថ្មីហើយ ក្រោយហូបបាយល្ងាចជាមួយប្រពន្ធកូនរួចមក។ ថ្ងៃនោះខ្ញុំហាក់ដូចជាអស់កំលាំងណាស់ចូលដេកតាំងពីក្បាល ព្រលប់ម៉ោងមិនទាន់ដល់ ៨យប់ ស្រួលបួលផង ខ្ញុំក៏ដេកលក់បាត់ទៅហើយបើតាមសម្តីប្រពន្ធខ្ញុំបានប្រាប់។
តើប្រិយមិត្រអ្នកអានទាំងឡាយអាចជឿបានទេ...? ថាតើមានអ្វីកើតឡើងគួរឲ្យអស្ចារ្យចម្លែកក្នុងសុបិននោះ...? គឺគ្មានអ្វីក្រៅពីសាច់រឿងទាក់ទងអំពី សត្វកណ្តុរ ដូចដែរខ្ញុំបានជួបឃើញការពីព្រឹកថ្ងៃសៅរ៍នោះទេ។ រឿងនេះខ្ញុំ សុំលើកដំណើររឿងប្រាប់ប្រិយមិត្រអ្នកអានតាមសុបិនរបស់ខ្ញុំដូចខាងក្រោមតទៅនេះ៖
            កាលគ្រាមួយនោះ មានសត្វកណ្តុរព្រៃមួយល្បីល្បាញ់ណាស់មានអំនួតអួតអាង ខាងប៉ិនលបលួចស៊ី ចំណីឆីតាមចិត្តគ្មានអ្នកណាម្នាក់ហ៊ានតតាំងប្រឆាំង និងវាឡើយ។ សំរាប់ក្នុងហ្វូងកណ្តុរដូចគ្នាវាប្រៀបបីដូចជា ស្តេចកណ្តុរអញ្ចឹង ទោះបីជាសត្វកណ្តុរព្រៃទើបមករស់នៅក្នុងផ្ទះបុរាណខ្មែរមួយនេះក្រោយគេក៏ដោយ។ វានេះ ហើយមានចិត្តដាច់ហ៊ានខ្លាំងណាស់ខាងបំផ្លាញសម្បត្តិក្នុងផ្ទះនេះ ធៀបដូចជាគ្រប់របស់ ចំណីចំណុក ឲ្យតែស៊ី បានគឺវាលួចទាំងអស់ទៅ ចិញ្ចឹមចែកចាយ បក្សពួកញាតិមិត្ររបស់វាដោយឥតខ្មាស់អៀន ឬភ័យខ្លាច សត្វឆ្មា កញ្ចាស់ក្នុងផ្ទះនោះសោះឡើយ ទោះបីជាវាដឹងថាមានកូនឆ្មាក្មេងៗ រង់ចាំបន្តវេនកាងក្នុងផ្ទះនេះក៏ដោយចុះ។
វាធ្វើនេះហាក់បីដូចជាចាត់ទុកពួកក្រុមឆ្មាទាំងអស់នោះ គឺជាឆ្មាឈឺ.ឆ្មាក្រដាស់ឬទីងមោងគ្មានវិញាណអញ្ចឹង។ នៅក្នុងផ្ទះនោះទាំងមូលគ្មាននរណាបានសុខសោះ ទុកអ្វីក៏មិននៅ​ក៏មិនគង់ទេ។ គឺត្រូវបានសត្វកណ្តុរព្រៃចិត្ត ហ៊ាននោះលួចបំផ្លាញស៊ីខូចខាតទាំងអស់។ ទោះបីជារបស់ប្រើប្រាស់ក៏ដោយក៏សត្វកណ្តុរព្រៃ​ និង​ បរិវារ​នាំគ្នា កាត់ស៊ីបំផ្លាញចោលអស់ស្ទើរគ្មានសេសសល់ មិនថាតែសត្វកណ្តុរស្រុកទេមិនបានសុខ។ សូម្បីតែម្ចាស់ផ្ទះគ្រប់ គ្នាក៏អស់សង្ឃឹមនិងទាល់គំនិតដែរ ព្រោះតែការំខានដោយសត្វកណ្តុរព្រៃនេះ។ ម្យ៉ាងក៏រឹតតែខ្វាយខ្វល់ចិត្តថែម ទៀតនៅពេលដែលមើលឃើញពួកឆ្មាកម្ជិលទាំងចាស់ទាំងក្មេងទាំងអស់នោះ មិនសូវប្រឹងធ្វើការងារចាំតែស៊ី ស្រាប់ៗហាក់គ្មានសិទ្ធិអំណាចអ្វីបន្តិចសោះ ក្នុងការចាប់សម្លាប់បក្សពួក​ ក្រុមញាតិរបស់សត្វកណ្តុរនោះទេ។
តែផ្ទុយទៅវិញ ឆ្មាទាំងអស់នោះប៉ិនណាស់តែម្យ៉ាងខាងប្រខាំគ្នាដណ្តើមមេញីឬចំណីគ្នាគ្មានគំនិតអ្វីគិតសំភីចាត់ ចែងកម្ចាត់ ពួកកណ្តុររំខានក្នុងផ្ទះទាំងអស់នោះឡើយ។​ បើរដូវរកញីវិញមិនថាឆ្មាកូនឆ្មាឪវាសម្តែងឫទ្ធិប្រណាំង គា្នយំ ហ្ងោង!ហ្ងោង!ៗកាត់ស្បៃអន្ធកាលគួរឲ្យព្រឺខ្លាចស្ទើររាល់រាត្រី។ ជួនកាលខ្លះទៀតពួកឆ្មាចាស់ក្មេងទាំង អស់នោះត្រូវប្រខាំគ្នារវាងឆ្មាខាងក្រៅ ឬឆ្មាបងប្អូនឯងព្រោះតែអំណាចក្នុងផ្ទះ និងកាងមីឆ្មាញីៗទាំងអស់នោះ។ តែដល់ពេលកណ្តុរព្រៃកំពូលល្បិចចូលផ្ទះ បែរជាល្ងីល្ងើភ្លីភ្លើគ្រប់គ្នាគ្មានអ្នកណាទទួលខុសត្រូវសោះគិតតែផល ប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួចភ្លេចតួនាទីថាជាសត្វឆ្មាចាប់កណ្តុរអស់ទាំងនោះសោះសូន្យ។​ ហាក់បីដូចជាមាន អាថ៌កំបាំងអ្វីមួយនៅពីក្រោយខ្នងក្នុងសាច់រឿងនេះដែរម្ចាស់ផ្ទះមិនដឹង​ ព្រោះគេមិនចេះស្តាប់ភាសាសត្វ យើង​ក៏មិនដឹងថាមានរឿងអ្វីមួយឲ្យច្បាស់ឬយ៉ាងណាដែរ? បានជាឆ្មាទាំងអស់នោះមិនចាប់សត្វកណ្តុរសោះ​ឬដូចជា ធ្វើខ្វាក់ភ្នែកមិននាំគ្នា កម្ចាត់សត្វកណ្តុរទាំងអស់នោះឡើយ។ តែតាមការពិតគ្រប់សត្វកណ្តុរទាំងអស់នៅក្នុងផ្ទះ បុរាណខ្មែរនោះ សុទ្ធតែដឹងច្បាស់ថា មូលហេតុមាន កណ្តុរច្រើនដូចនេះ ព្រោះតែការធ្វេសប្រហែសមិនយកចិត្ត ទុកដាក់​ការពារផ្ទះពីសំណាក់សត្វឆ្មាទាំងនោះ ​គិតតែស៊ីដេកៗឈ្លោះគ្នាដណ្តើមអំណាចលាភសក្ការៈគ្នា គិតតែ ប្រយោជន៍ ផ្ទាល់ខ្លួនឆ្កួតនិងកាមគុណ​ មីញីក្តិត ស ល្អរូបមិន មែនសណ្តានរបស់ខ្លួន​ គឺមកពីស្រុកក្រៅ។​
            ដូចនេះហើយទើបឆ្មាឪកញ្ចាស់ នៅក្នុងផ្ទះនេះមិនហ៊ានឡូឡាតតាំង ប្រឆាំងនិង​ពួកសត្វកណ្តុរព្រៃ អប្រិយទាំងអស់នោះទេផ្សំជាមួយកណ្តុរនៅផ្ទះល្ងង់ឆោតចាញ់ការបោកបញ្ឆោតបើកដៃផ្តល់ឱកាសឲ្យទៀតទើប សត្វកណ្តុរព្រៃនោះអាចដណ្តើមអំណាចក្នុងផ្ទះធ្វើឫកដូចជាស្តេចក្រាញ់។ ម្យ៉ាងរឿងមួយទៀតគួរ ឲ្យយើងស្វែង យល់ពីប្រវត្តិ សត្វកណ្តុរព្រៃកាចមួយនេះដែរនោះមានដូចតទៅ៖​ តាមការពិតសត្វកណ្តុរព្រៃនោះ កាលពីដើម ឡើយមានពូជពង្សារបស់គេក៏ជាសត្វកណ្តុរស្រុកនៅក្នុងផ្ទះបុរាណខ្មែរមួយនេះដែរ។ តែដោយសារនៅសម័យ នោះស្រុកទេសមានសង្រ្គាមដណ្តើមអំណាចគ្នា នៃអ្នកដឹកនាំប្រទេសទើបធ្វើឲ្យផ្ទះបុរាណខ្មែរមួយនេះរងនូវ ការ ខូចខាតជាដំណំស្ទើរផុតពូជសត្វកណ្តុរស្រុក​ សល់តែកណ្តុរស្រុកពីរបីក្បាលប៉ុណ្ណោះ។ នៅមានជីវិតចិត្តកាច ហ៊ានត្រូវបានសត្វកណ្តុរព្រៃផ្ទះផ្សេងទៀតសង្រ្គោះកទៅចិញ្ចឹមបំប៉នបណ្តុះមនោគមវិជ្ជាផ្សេងៗ ឲ្យមានគំនិត មិនល្អជាមួយផ្ទះបុរាណខ្មែរ ដែរដូនតាខ្លួនធ្លាប់រស់នៅរាប់ជំនាន់មកហើយ សង្ឃឹមរងចាំមានឱកាសល្អបោកប្រើ ប្រាស់កេងប្រវ័ញ្ចចំណេញប្រយជន៍ ព្រោះសត្វកណ្តុរមួយនេះមានចិត្តហ៊ានស្តាប់បង្គាប់ប្រើបានងាយ វាឆ្កួតនិង​ អំណាច។ រីឯផ្ទះបុរាណខ្មែរមួយនោះទៀតសោធនក៏រងការខូចខាត់មិនតិចទេស្ទើររលាយសូន្យពីផែនដី។​ ប៉ុន្តែ ដោយសារការសាមគ្គីគ្នារវាងបងប្អូនញាតិមិ្រតម្ចាស់ផ្ទះ​ នាំគ្នាកសាងបានផ្ទះថ្មីមួយនោះម្តងទៀតយ៉ាងលំបាក។ ទោះជាវាមិនបានល្អដូចដើមមួយ១០០ភាគរយ ក៏វាគួរសមដែរមានផ្ទះមួយរស់នៅសមរម្យដូចអ្នកជិតខាង​មិន រលាយរូបលុបបាត់ពីផែនដីយើងនេះ។តែការកសាងផ្ទះបុរាណចាស់មួយនេះឡើងវិញក៏ត្រូវពឹងពាក់អ្នកជិតខាង​ជាច្រើនផងដែរ ហើយម្ចាស់ថ្មីផ្ទះបុរាណខ្មែរនេះទៀតសោធន។ហាក់បីដូចជាមានជាប់លក្ខខណ្ឌជាច្រើនដោយ​ សម្ងាត់ក្រោយរឿងនេះមិនអាចនិយាយបានមិនដឹង ទើបបណ្តោយឲ្យអ្នកក្រៅលួចមកបង្កប់គ្រប់គ្រងផ្ទះមួយនេះ ស្ទើរគ្រប់ផ្នែកសុទ្ធតែគ្នាគេទាំងអស់។ ទោះបីជាអ្នកក្រៅទាំងអស់នោះចង់បានអ្វីក៏ម្ចាស់ផ្ទះក្មេងខ្ចីល្បីនោះលួច​លាក់បើកដៃក្រោយខ្នងឲ្យអ្នកក្រៅចូលលួចយកទ្រព្យសម្បត្តិ មានតម្លៃនៅផ្ទះបុរាណខ្មែរនោះ តាមចិត្តហាក់មិន ហ៊ានតវ៉ា ប្រឆាំងអ្វីជាមួយគេទេ។ មិនតែត្រឹមនេះទេគេលួចលាក់កុហកបងប្អូន កូនចៅនៅក្នុងផ្ទះនោះជាច្រើន​ លើកជាច្រើនគ្រាទៀត ដូចជា៖​​ ជួនពេលខ្លះឃើញអ្នកក្រៅទាំងអស់នោះចូលមកយកសម្បត្តិនៅផ្ទះបុរាណនេះ ស្រស់ៗដោយឥតអៀនខ្មាស់ ឬខ្លាចញញើតម្ចាស់ផ្ទះនិងសមាជិកទាំងអស់នោះឡើយ។ ម្យ៉ាងមួយទៀតពេល​មានអ្នកផ្ទះខ្លះមិនពេញចិត្តនូវទង្វើអស់ទាំងនេះ​បងប្អូនទទួលរងគ្រោះ ​ដឹងការពិតពីកលល្បិចដ៏ពិសពុល និង បំណងរបស់អ្នកក្រៅចង់រំលោភយកផ្ទះបុរាណនេះ។ ពួកគេធ្វើការតវ៉ាតែគ្មានបានផលសោះបានត្រឹមតែរងទុក្ខ វេទនានិងឈ្លោះទាំងបងប្អូនជាតិឯង ព្រោះតែអ្នកគ្រប់គ្រងផ្ទះគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួកក្រុមញាតិ ខ្លួនប៉ុណ្ណោះមិនសូវគិតពីផលប្រយោជន៍រួមទេ។
            នៅពេលបានឱកាសល្អដឹងថា ម្ចាស់ផ្ទះបុរាណខ្មែរឈ្លោះគ្នាឯងសមបំណងហើយ ពួកអ្នកជិតខាងទាំង អស់នោះមានចិត្តមិនស្មោះបានបង្កលទ្ធភាពឲ្យសត្វកណ្តុរព្រៃដើមកំណើតសត្វកណ្តុរស្រុក វង្វេងជាតិកំណើត មួយនេះចូលមកផ្ទះបុរាណខ្មែរមុនគេ។ដើម្បីកកូរកកាយរំខានដល់ម្ចាស់ផ្ទះ និងបើកផ្លូវឲ្យកណ្តុរព្រៃដទៃទៀត។ កាច់សំបុកថ្មីចាស់ ជាច្រើនបង្កើនបង្កើតពូជកណ្តុរព្រៃដែលពីមុនធ្លាប់រស់នៅផ្ទះអ្នកជិតខាងសោះ ឲ្យមករស់នៅ រកស៊ីក្នុងផ្ទះបុរាណនោះយ៉ាងរំភើយ សំបូរសប្បាយគ្រប់បែបយ៉ាងក្អេងក្អាងកាងលើសត្វកណ្តុរស្រុកម្ចាស់ផ្ទះ ធ្លាប់រស់នៅយ៉ាងសុខសាន្ត តាំងពីដូនតាច្រើនជំនាន់រួចមកហើយនោះទៀតផង។ ដណ្តើមចំណីកណ្តុរស្រុកកេង ចំណេញប្រវ័ញ្ច កំលាំងសត្វកណ្តុរស្រុកម្ចាស់ផ្ទះ ឲ្យលំបាកវេទនា ស៊ីអត់ ស៊ីឃ្លាន រកចំណីបំរើ បក្សពួកក្រុម សត្វកណ្តុរព្រៃក្រៅស្រុកទាំងអស់នោះថែមទៀត។ បណ្តាលឲ្យសត្វកណ្តុរព្រៃទំាងពួងនោះរីកមុខរីកមាត់សំបូរ​សប្បាយបែកសាច់បែកឈាមនៅក្នុងផ្ទះនោះបង្កើតកូនចៅបង្កើនកំលាំងឥតឈប់ឈរព្រោះបានសត្វកណ្តុរព្រៃ កំណើតសត្វកណ្តុរស្រុកបើកដៃកាងអំណាចឲ្យ គ្មានសត្វកណ្តុរស្រុកណាមួយហ៊ានតតាំងប្រឆាំងតវ៉ាបានទេ។
            ដូចនេះមានតែស៊ូទ្រាំឲ្យសត្វកណ្តុរព្រៃដទៃកេងចំណេញលើក្បាលស្រស់ៗ ប្លន់ស្រូវអង្ក ត្រីសាច់ដែររក បានតាមទំនើងចិត្តគ្មានកោតក្រែងម្ចាស់ផ្ទះឬសត្វកណ្តុរស្រុកទេ។ មានដែរសត្វកណ្តុរស្រុកខ្លះទៀតទ្រាំទ្ររ និង ការកៀបសង្កត់ជិះជាន់កេងចំណេញប្លន់ចំណីពីពួកសត្វ​កណ្តុរព្រៃទាំងអស់នោះមិនបាននាំគ្នាស្រែកតវ៉ា​ ប៉ុន្តែ ហាក់គ្មានបានផលគ្មានអ្នកជួយដោះស្រាយឲ្យឡើយ។ តែផ្ទុយទៅវិញសត្វកណ្តុរទាំងឡាយនោះតែងបាត់ខ្លួន កាលណាហ៊ានតវ៉ាប្រឆាំងខ្លាំង ត្រូវមេសត្វកណ្តុរព្រៃបញ្ជាបក្សពួក បរិវារឲ្យចាប់យកទៅសម្លាប់ឬចាប់យកបោះ ឲ្យឆ្មាកញ្ចាស់កម្ជិលអាំងផេះប្រើច្បាប់ព្រៃសម្លាប់ធ្វើជាចំណីឆីលេងតាមចិត្តប្រាថ្នាដូចល្បែងកំសាន្ត។ ដល់យូរៗ ទៅសត្វកណ្តុរព្រៃមេបានដៃអាងយ៉ាងកាងក្នុងផ្ទះ មិនខ្ចីខ្វល់រឿងអ្វីឡើយ។ ម្យ៉ាងដោយបានទទួលជំនួយពី សត្វកណ្តុរព្រៃសញ្ជាតិក្រៅនៃផ្ទះក្រៅជួយពីក្រោយផងបានដៃ កើនអំនួតអួតលែងខ្លាចឆ្មា ខ្លាចមនុស្ស លួចស៊ី លាក់លួចដូចមុនទៀតហើយ គឺសម្ញែងខ្លួន និងអំណាចឲ្យម្ចាស់ផ្ទះ ជាមួយពពួកសត្វកណ្តុរស្រុកឃើញយ៉ាង សម្បើម ហាក់ផ្ទះនេះវាជាអ្នកមានសិទ្ធិមានអំណាចគ្រប់គ្រងខ្លាំងជាងមនុស្សទៅទៀត។ ពេលខ្លះវា ចេញមក ស៊ីចំណីទាំងថ្ងៃយប់ទាំងព្រឹកបង្ហាញខ្លួនស្រស់ៗ ស្ទើររត់បុកឆ្មានិងម្ចាស់ផ្ទះបុរាណខ្មែរនោះក៏សឹងមានដែរ។
ម្យ៉ាង បែបអាងឫទ្ធិអំណាច នៃម្ទាស់ផ្ទះក្រៅដែលមានសិទ្ធិអំណាចល្បិចខ្ពស់លើម្ចាស់ផ្ទះបុរាណខ្មែរនោះស្រាប់ ផងក៏មិនដឹងទើបកណ្តុរព្រៃវង្វេងកំនើតព្រហើនដូចនេះ។
            បើនិយាយពីមនុស្សជាសមាជិកផ្ទះបុរាណខ្មែរនេះវិញ ធ្វើការតវ៉ាឥតឈប់ឈរស្ទើររាល់ថ្ងៃ ពីការរងទុក្ខ វេទនាទទួលយកដោយអយុត្តិធម៌ ពីអ្នកក្រៅមកប្លន់យកដីស្រែ,ចំការច្បារដំណាំ នៃអ្នកជិតខាងផ្ទះក្រៅរំលោភ បំពានមិនខ្លាចច្បាប់វិន័យដែលមានចែងក្នុងផ្ទះបុរាណខ្មែរមួយនេះទេ។ ទោះបីច្បាប់ទាំងអស់នោះធ្លាប់បានប្រើ ប្រាស់តាំងពីរយូរមកហើយ ទាំងច្បាប់ចាស់ច្បាប់ថ្មីក៏ដោយ។តែផ្ទុយទៅវិញម្ចាស់ថ្មីក្មេងខ្ចីនោះមិនគិតប្រយោជន៍ រួមទេថែមទាំងបានតាក់តែងច្បាប់ថ្មីការពារផលប្រយោជន៍អ្នកផ្ទះក្រៅ ផ្តល់សិទ្ធិ ដីស្រែ, ចំការជាច្រើនហិតាឲ្យ ធ្វើការអភិវឌ្ឍន៍នៅកន្លែង ហើយប៉ះពាល់ដល់ប្រយោជន៍បាវព្រាវខ្ញុំបំរើក្នុងផ្ទះ អ្នកតូចអ្នកតាច មិនគិតជួយរក យុតិ្តធម៌ដោះស្រាយឲ្យទេ។ គិតតែការពារប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួកក្រុមញាតិដែលធ្វើតាមខ្លួន ចំណេញ ប្រយោជន៍លុយកាក់ច្រើនអនេក។ ឯអ្នកបំរើក្នុងផ្ទះបុរាណខ្មែរទាំងអស់នោះវិញគ្មានបានទទួលផលប្រយោជន៍ ណាស់ណាសោះទេ ពីការអភិវឌ្ឍន៍នេះ។ តែច្រើនទទួលបានតែទុក្ខវេទនាយំស្រែកទឹកភ្នែកគ្មានសិទ្ធិតវ៉ាប្រឆាំងឬហ៊ានចេញមុខព្រោះតែខ្លាចបាត់ខ្លួនធ្លាក់ ដំណែងអំណាចទើបអ្នកទាំងអស់នោះ ខ្លះបានត្រឹមតែទ្រាំបើកភ្នែក មើលអ្នកបំរើតូចតាចទាំងអស់នោះរងការបំពាន ដោយអយុត្តិធម៌គ្មានអ្នកជួយដោះស្រាយឲ្យយុតិ្តធម៌ទេ បាន ត្រឹមតែហីអើៗ តាមគេបញ្ជាទៅ។ ជួនពេលខ្លះទៀតក៏មានដែលការជួយដោះស្រាយរកយុត្តិធម៌ឲ្យ តែបានបន្តិច បន្តួតទេរឿងបញ្ហាដីស្រែ, ចំការ,ទាំងអស់នេះ។ម្យ៉ាងព្រោះតែអាចទទួលរងការកៀបសង្កត់ផ្សេងៗ​ពីអ្នកខាងក្រៅ ដ៏ទៃទៀត ដែលគេមានចិត្តអាណិតអាសូរដល់អ្នកបំរើតូចទាប ឆោតល្ងង់រងទុក្ខលំបាកដោយអយុត្តិធម៌កន្លង មក។ ឬបែបម្ចាស់ផ្ទះថ្មីក្មេងខ្ចីនោះ ចង់រក្សាមុខមាត់​,កេរ្តិ៍ឈ្មោះកិត្តិយស របស់ខ្លួនទើបខំជួយដោះស្រាយបញ្ហាឲ្យអ្នកតូចអ្នកទាបជាសមាជិកក្នុងផ្ទះបុរាណខ្មែរមួយនេះក៏មិនដឹង...?
            អស់រយៈពេលកន្លងទៅយូរខែឆ្នាំ ម្ចាស់ផ្ទះបុរាណខ្មែរនោះឈ្លក់វង្វង និងអំណាច យសបុណ្យសក្កិ កាង ក្នុងផ្ទះមួយនេះមិនបានគិតការពារឲ្យបានរឹងមំាពីការបំពានរបស់អ្នកជិតខាងផ្ទះកន្លងមកទេ។តែងតែលួចបញ្ជូន កូនចៅញាតិមិត្ររបស់គេមករស់នៅប្រកបមុខរបរស៊ី ដណ្តើមការងាររបស់ម្ចាស់ស្រុកទាំងស្រុងហូរហែកន្លងមក ឡើយ។ ធ្វើឲ្យពួកអ្នកក្រៅទំាងអស់នោះបង្កបង្កើនបានគ្នាច្រើន បែកគំនិតគិតចង់រំលោភយកផ្ទះបុរាណខ្មែរនោះ ដោយងាយស្រួល។ ទោះបីជាម្ចាស់ផ្ទះនោះចង់បណ្តេញឲ្យគេទៅនៅផ្ទះគេវិញក៏មិនងាយស្រួលឡើយ ព្រោះ កំលាំងគ្នាឯងមានតិចតួចហើយបែកបាក់សាមគ្គីភាពគ្នាទៀត។ ម្យ៉ាងដោយខ្លួនឯងម្ចាស់ផ្ទះឆោតល្ងង់ខ្វះគំនិត គិតឲ្យបានវែងឆ្ងាយ គិតតែស៊ីចាយ សប្បាយលុយខ្ចីគេ មកសម្ញែញគេឯងហាក់អួតថាខ្លួនគ្រាន់បើ គ្រប់គ្រងក្នុង ផ្ទះមានអំនួតក្រៃពេកឥតកោតក្រែងគិតខុសថាមានតែអញទេដែរពូកែគ្រប់គ្រងផ្ទះគេដទៃមិនកើតទេ។ ទោះបីជា បងប្អូនកូនចៅផ្តល់គំនិតឲ្យក៏ដោយ គឺអស្មិមានះអញត្រូវទាំងអស់មិនថានរណាលំបាកប៉ុន្មានក៏ខ្លួនមិនសូវខ្វាយ ខ្វល់ទេគិតតែអំណាចក្រាញមិនចុះចេញពីកៅអី។ បំណងតែម្យ៉ាងគឺដើម្បីតែគ្រប់គ្រងការពារក្រុមញាតិរបស់ខ្លួន មួយក្តាប់តូចខ្លាចខូចខាត់បាត់បង់ផលប្រយោជន៍។ ដោយមិនខ្ចីខ្វល់អាណិតអាសូរដល់អ្នកបំរើតូចតាចស្ថិតនៅ ក្រោមដំបូលផ្ទះតែមួយលំបាកវេទនាឡើយ។ ដល់យូរទៅមួយថ្ងៃជាមួយថ្ងៃ មួយខែជាមួយខែ មួយឆ្នាំជាមួយឆ្នាំ ជាច្រើនខែឆ្នាំកន្លងផុតទៅមិនខ្ចីនៅរង់ចាំ ផ្លាស់វេនគ្នាយ៉ាងរហ័សឥតឈប់ឈរ ផ្សំជាមួយការឆោតល្ងង់របស់ ខ្លួនផង។ បំណុលក៏កើនឡើងជាលំដាប់ឥតស្រកស្រាកស្រាន្ត អ្នកជិតខាងផ្ទះក្រៅគិតតែគាប់សង្កត់ជាញឹកញាប់ ទារឲ្យសងលុយគេវិញផងដែរ បូកជាមួយការលង់ខ្លួនជ្រុលហួសទៅហើយនោះគេក៏គ្មានជម្រើស។
            ដូចនេះមានតែបណ្តោយឲ្យទៅតាមយថាកម្ម ផ្តល់ផ្ទះបុរាណខ្មែរនោះទៅឲ្យអ្នកជិតខាងផ្ទះក្រៅតាម សម្រួលឥតលក្ខខណ្ឌ ហើយព្រមទទួលធ្វើជាម្ចាស់ផ្ទះទីងមោង តែគ្មានសិទ្ធិអំណាចខ្លាំងក្លាដូចពេលមុនទេ។ ធ្វើអ្វីតែតាមគេបញ្ជាញាក់ខ្សែឲ្យទៅឆ្វេងគឺទៅខាងឆ្វេង,ឲ្យទៅខាងស្តាំគឺទៅស្តាំគ្មានសិទ្ធិប្រឆាំងតវ៉ា។ ព្រោះតែ ចង់ថែរក្សាជីវិតផ្ទាល់ខ្លួននិងក្រុមញាតិទ្រាំបើកភ្នែកមើលអ្នកក្រោមបង្គាប់កាលពីមុនទទួលរងទុកលំបាកវេទនាត្រូវអ្នកខាងក្រៅប្រមាថមើលងាយវាយដំច្រំធាក់ឥតត្រាប្រណី ដូចជាញាតិមិត្របងប្អូនគេអ្នកនៅក្រៅឡើយ។ ដល់ចំណារតៗមកទៀតអ្នកក្រៅគេបណ្តុះគ្នាគេនូវចំណេះដឹងសព្វការបានរឹងមាំហើយនោះ ម្ចាស់ផ្ទះបុរាណខ្មែរ ឆោតល្ងង់ដ៏កំសត់ត្រូវបានអ្នកផ្ទះក្រៅនោះដកសេចក្តីទុកចិត្ត ចាប់លើកបណ្តុបគ្នាគេកាន់ដំណែងនិង អំណាច ជំនួសវិញ។ ព្រោះម្ចាស់ផ្ទះចាស់នោះអស់តម្លៃនិងប្រើប្រាស់ទៀតហើយ សព្វការទាំងអស់ក្នុងផ្ទះគេក៏អាចគ្រប់ គ្រងដោយខ្លួនឯងយ៉ាងស្រួលដោយមិនបាច់ប្រើមនុស្សឥតបានការវង្វេងជាតិកំនើត និងអាត្មានិយមនេះទៀត ទេ ម្យ៉ាងបង្កាកុំឲ្យថ្ងៃក្រោយខ្លាចម្ចាស់ផ្ទះបុរាណម្នាក់នេះក្បត់គេវិញបាន។ ឯសត្វកណ្តុរព្រៃដ៏គួរឲ្យខ្លាចពីមុន ក៏ត្រូវអស់សិទ្ធិអំណាចដូចម្ចាស់ផ្ទះបុរាណនេះដូចគ្នា។ ព្រោះត្រូវសត្វកណ្តុរព្រៃខាងក្រៅបែកគំនិតប្រមូលផ្តុំគ្នា គេបានច្រើនធ្វើការប្រឆាំងតវ៉ាខាំបង្រ្កាបសត្វកណ្តុរដ៏អភ័ព្វដែរធ្លាប់ក្អេងក្អាងក្នុងផ្ទះពីមុនមក ឲ្យបាក់ស្បាតបាត់ បង់អំនួតធ្លាប់មានពីមុនមកយ៉ាងអាម៉ាស់ជាទីបំផុតដូចជាម្ចាស់ផ្ទះបុរាណខ្មែរម្នាក់នោះដែរ។ សូម្បីតែក្រុមពួកឆ្មា ចាស់ក្មេងឥតបានការទាំងអស់នោះក៏មិនបានរស់នៅសុខស្រួលក្នុងផ្ទះបុរាណខ្មែរនោះទេ ក៏ត្រូវរស់នៅរសាត់ អណ្តែតតែលតោលក្លាយទៅជាឆ្មាអនាថាគ្មានទីពឹង អាណិតស្រលាញ់ដូចពេលមុនដែរ។ ព្រោះតែទង្វើដែល គ្មានមារយាទកម្ជិលអាំងផេះរបស់ខ្លួននិងក្រុមឆ្មាចិញ្ចឹមបំបង់បាយឥតប្រយោជន៍ទាំងអស់នោះ។
ក្រោយពីហេតុការណ៍ទាំងអស់នេះកើតឡើងមក ទាំងសត្វកណ្តុរព្រៃ,សត្វឆ្មាអប្រិយ,និងម្ចាស់ផ្ទះឆោត ល្ងង់ទទួលរងនូវភាពអាម៉ាស់ ជាមួយវិប្បដិសារីក្នុងអារម្មណ៍ ធ្វើជាអ្នកបំរើគេវិញដោយគ្មានជម្រើសផ្លូវដើរល្អ ជាងនេះ ផ្សំគិតជាច្រើនផងដល់ធ្លាក់ខ្លួនឈឺស្លាប់រកទីបំផុតគ្មាន។ បន្សល់ទុកនូវកេរ្តិ៍ឈ្មោះអាក្រក់ក្នុងប្រវត្តិ សត្វ កណ្តុរ, ប្រវត្តិសត្វឆ្មា, និងប្រវត្តិមនុស្សអ្នកគ្រប់គ្រងខ្វះមនសិការ ស្រលាញ់ទ្រព្យសម្បត្តិផ្ទះបុរាណខ្មែររបស់ ខ្លួន។ថែមទាំងបានបំផ្លាញមរតកដូនតាបន្សល់ទុកមកឲ្យជាច្រើនជំនាន់មកហើយគួរឲ្យសោកស្តាយជាទីបំផុត។ រីឯផ្ទះបុរាណខ្មែរដ៏អភ័ព្វនេះក៏ត្រូវបានអ្នកជិតខាងផ្ទះក្រៅចិត្ត អាក្រក់ទាំងអស់នោះគ្រប់គ្រងបានទាំងស្រុង និង ទាញយកផលប្រយោជន៍បានប្រាក់ចំណូលជាច្រើនបំផុតរៀងរាល់ឆ្នាំ តាមរយៈអ្នកទេសចរណ៍ដែលចូលមក ទស្សនាផ្ទះបុរាណខ្មែរនេះ។ វាកើនឡើងជាលំដាប់ជាមួយឧស្សាហ៍កម្មគ្មានផ្សែង យ៉ាងសំបូរសប្បាយសាយកូន ចៅសោយសុខប្រយោជន៍មិនចេះរីងស្ងួតយ៉ាងសុខសាន្ត។ ហើយថែមទាំងធ្វើឲ្យអ្នកដទៃ អាចភ្លេចបាត់អស់ លែងស្គាល់ប្រវត្តិម្ចាស់ពិតនៃផ្ទះបុរាណខ្មែរមួយនេះទៀតផង។ មិនតែប៉ុណ្ណោះក៏មានអ្នកខ្លះ ទៀតអាចយល់ ច្រឡំថាជារបស់ម្ចាស់ផ្ទះក្រោយនេះផងដែរ។ព្រោះតែគេគ្រប់គ្រងបានល្អ ទាំងការពិតអ្នកជិតខាង គ្រប់គ្រង ផ្ទះក្រោយនេះមិនមានជាប់សាច់ឈាមវប្បធម៌អ្វីបន្តិចសោះជាមួយអ្នកផ្ទះបុរាណខ្មែរមួយនេះឡើយ។ រឿងទាំអស់នេះពិតជាភាពអយុត្តិធម៌ណាស់ សម្រាប់កូនចៅជំនាន់ក្រោយ ខ្លះដែរវង្វេងជាតិកំណើតមិនបានធ្វើការ សិក្សាស្វែងយល់ឲ្យបានច្បាស់ពីប្រវត្តិម្ចាស់ពិតនៃផ្ទះបុរាណខ្មែររបស់ខ្លួនកំពុងរស់នៅនេះឡើយ។
សរុបមកវិញសុបិនមួយនេះពិតជាមានតម្លៃណាស់សំរាប់ខ្ញុំ និងមនុស្សទូទៅទុកជាគតិក្នុងការសិក្សាអប់រំ ខ្លួន។ ម្យ៉ាងក៏អាចឈានឆ្ពោះទៅធ្វើជាអ្នកដឹកនាំគេ គ្រប់ផ្នែកទាំងអស់នៅក្នុងសង្គមឬក្នុងជីវភាពរស់នៅប្រចាំថ្ងៃ កុំមានកំហុសឆ្គងស្តាយក្រោយសោយសោកនូវវិប្បដិសារីក្នុងជីវិត។ព្រោះតែទង្វើអគតិរបស់ខ្លួនចំពោះអ្នកក្រោម​ បង្គាប់​​ ល្មោភ,អំណាចបុណ្យសក្កិប្រយោជន៍ផ្ទាល់ខ្លួន  ដូចជាតួអង្គទាំងអស់ក្នុងសុបិនរបស់ខ្ញុំមួយនេះទៀត។​
បែរមកចេះគិតពិចារណ៍ថ្លឹងថ្លែងរកហេតុផល ស្គាល់ខុសត្រូវ​មិនចាញ់បោកបញ្ឆោតទុកចិត្តអ្នកដទៃងាយៗ ផ្តល់ តម្លៃគេខ្លាំងជាងញាតិរបស់ខ្លួនដូចនេះឡើយ។ ដូច្នេះសាច់រឿងក្នុងសុបិនខ្ញុំសូមបញ្ចប់ត្រឹមហ្នឹង ហើយក៏សុំចែក រំលែកអត្ថបទមួយនេះដល់ប្រិយមិត្រអ្នកអានត្រឹមប៉ុណ្ណេះឯងហោង។


នៅៈថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០១១ (ម៉ោងៈ ២២ៈ៤៥ នាទីយប់)

លីម ចំរើន
ទូរសព្ទ័លេខៈ០១២ ៥១៩ ១៣៧
០១១ ៣៧៨ ១៧១


http://limchamroeun.blogspot.com