Popular Posts

Saturday, June 30, 2012

ខ្ញុំជាប៊ិច


(បទក្របចក្រវាឡមេ១២ថ្មី)

                        ១.      ខ្ញុំជាប៊ិច  រេចក្បាលរុយ ស្អុយកេរ្តិ៍ឈ្មោះ ព្រោះនរណា?
                             ប្រើខ្ញុំចារ ហាមិនខ្មាស់ ផ្លាស់គំនិត​ គិតទុច្ចរិត
                             សាងទង្វើ ធ្វើមិនសម ក្រមសីលធម៌ ញ័រក្នុងចិត្ត
                             ប្រាថ្នាគិត ស្និទ្ធតែប្រាក់ ដាក់សែនឲ្យ ក្រោយសញ្ញេរ។
                   ២.      ខ្ញុំជាប៊ិច គេចមិនបាន ប្រាណជាប់ដៃ ក្រៃអភ័ព្វ
                             ម្ចាស់បានទ្រព្យ ងាប់តែខ្ញុំ ធំសោយទុក្ខ មុខគេជេរ
                             ត្បិតម្ចាស់គិត ពិតមិនអី ភ័យឃ្លាតឆ្ងាយ កាយសុខទ្វេ
                             បើសញ្ញេរ ទេរគំនិត ចិត្តពិសពាំ នាំខ្ញុំយំ។
                   ៣.      ខ្ញុំជាប៊ិច លិចលង់ខ្លួន ពួនកើតទុក្ខ មុខសែនខ្មូរ
                             ខ្មាស់ម្ចាស់ប្រូ ប្តូរសុំប្រាក់ ដាក់ហោប៉ៅ ក្រៅសង្គម
                             សេសទឹកប៊ិច ភ្លេចក្រិតក្រម សមឬទេ គេសើចយំ
                             ស្អុយរងំ ជ្រំទង្វើ ធ្វើទុច្ចរិត គិតក្រោយខ្នង។
                   ៤.      ខ្ញុំជាប៊ិច ធ្មេចទ្រាំឈឺ ឮនិន្ទា ជាទំលាប់
                             ពិតចង់គាប់ ងាប់ក៏ដោយ ឲ្យពីរោះ ឈ្មោះល្បីម្តង
                             កុំប្រើខ្ញុំ ផ្តុំគំនិត គិតខុសផ្លូវ នៅសៅហ្មង
                             ម្ចាស់កុំប៉ង ចងឲ្យយ៉ាប់ ស្លាប់អ្នកក្រ ល្អតែឯង។
                   ៥.​​      ខ្ញុំជាប៊ិច ភ្លេចមិនបាន ប្រាណឲ្យគិត ចិត្តអាសូរ
                             អ្នកក្រថ្នូរ សូររងំ យំរងគ្រោះ ព្រោះសញ្ញេរ ជេរក្តែងក្តែង
                             ឈប់ទៅម្ចាស់ ផ្លាស់គំនិត ចិត្តបំពាន ហ៊ានឥតក្រែង
                             ខ្មាស់គេឯង តែងចារផ្តាស់ ម្ចាស់ឈប់អន់ សន្តោសខ្ញុំ។

លីម ចំរើន
៣០.០៦.២០១២

http://limchamroeun.blogspot.com