Popular Posts

Wednesday, July 27, 2011

លាមកនិងរុយ លុយនិងមនុស្ស

(បទក្របចក្រវាឡមេពាក្យ១២ថ្មី)
        ១.​​​​​    ឫទ្ធិលាមក វក់សត្វរុយ ស្អុយមិនស្អប់ ខ្ចប់ស្រលាញ់
                រុយសែនឆ្ងាញ់ ក្នាញ់ជាប់ចិត្ត គិតមិនស្វាង កាងការពារ
                បើមនុស្សសត្វ ស្កាត់មកគៀក ងាកសម្លឹង ខឹងគ្រប់គ្រា
                ហៅគ្នីគ្នា ជាក្រុមពួក វក់ហើរឆ្វែរ ក្បែរខ្វាយខ្វល់។
        ២.    ឯឫទ្ធិលុយ នុយឲឃ្លាន ញៀនសព្វមនុស្ស ពុះពារស្វែង
                ធ្វើឥតក្រែង តែងកលល្បិច ច្បិចច្បាមលុយ ស្អុយច្រាស់ខ្យល់
                ធៀបមានខួរ ជួអាក្រក់ ល្អក់ក្នុងចិត្ត គិតច្របល់
                ដូចរុយខ្វល់ ដល់លាមក ឈ្លក់វង្វេង ឃ្លេងឃ្លោងចិត្ត។
        ៣.    គិតសព្វទៅ ផ្លូវទន្វើ ធ្វើនៃរុយ ឈ្ងុយលាមក
                ឯមនុស្សវក់ លក់កិត្តិយស ព្រោះតែលុយ នុយឲគិត
                អាចយើងធៀប ប្រៀបជនខ្លះ ច្បាស់ដូចរុយ ស្អុយជាក់ពិត
                ប្រឹងប្រព្រឹត្ត ស្អិតទង្វើ ធ្វើថោកទាប​ ប្រៀបធៀបគ្មាន។
        ៤.    លាមក,លុយ ស្អុយដូចគ្នា ជាការពិត គិតឲជ្រៅ
                លុយអាស្រូវ ផ្លូវមិនល្អ សប្រែខ្មៅ ខ្លៅញ៉ាមញៀន
                លុយស្មោគគ្រោក សូកឲឈ្នះ លះសុចរិត គិតបំពាន
                ស៊ីទាំងឃ្លាន គ្មានកោតក្រែង តែងល្បិចខូច ដូចសត្វរុយ។
               
        នៅៈថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១១ (ម៉ោងៈ ២២ៈ០៥នាទីថ្ងៃយប់)
http://limchamroeun.blogspot.com/

Friday, July 15, 2011

វីរៈយុទ្ធជន

(បទកាកគតិ)
    ១.    វីរៈយុទ្ធជន                សិរីពេកពន់                   កងទ័ព្ធជាញជ័យ
            អង់អាចក្លាហាន        សព្វឋានបូរី                   ការពារទឹកដី
                                            ព្រំដែនសីមា។
    ២.    ឥតមានតក់ស្លុត        ជីវិតស្លាប់ផុត                ចាកចោលលោកា
            ស្មោះស្ម័គ្រភក្តី          ថែដីដូនតា                    ព្រៃព្រឹក្សប្រាង្គប្រា
                                            សាទមិនឲបាត់។
    ៣.    ឥតខ្លាចចោរសៀម    ពិតមិននៅស្ងៀម           ត្រូវតែកំចាត់
            ព្រហើនពាធា            ការពារមធ្យ័ត                តែងប្រុងប្រយ័ត្ន
                                            ឥតបីប្រហែស។
    ៤.    ទោះបីខ្វះខាត           ទឹកចិត្តសង្វាត               មិនរត់គេចវេស
            នាមជាកងទ័ព្ធ           កាងជាប់ចាំកេស           បាញ់ដោយចំណេះ
                                            សម្លាប់សត្រូវ។
    ៥.    ឲតែឈ្លានពាន         មិនស្តាប់ព្រមាន            ឫកផ្គើនពេកកូវ
            ពិតមិនព្រមទុក         នៅមុខរាំងផ្លូវ                បាញ់ស្លាប់ចោរទៅ
                                            ឲស្គាល់ខ្មែរម្តង។          
                       
នៅៈថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១១ (ម៉ោងៈ ១២ៈ២៦នាទីថ្ងៃត្រង់)


http://limchamroeun.blogspot.com

ស្នេហ៍ហឺតស្នេហ៍ហៃ

(បទកាកគតិ)
    ១.  ស្នេហាស្នេហ៍ហឺត         ស្នេហ៍បានមួយខ្សឺត     ពិតនឹកអាល័យ
         ធ្វើឲចាស់ក្មេង               វង្វេងស្រមៃ                 ហាក់មានជើងដៃ
                                             ចាប់ទាញប្រាប់ផ្លូវ។
    ២.  ស្នេហាស្នេហ៍ហឺត         នាំចិត្តភ្លើនភ្លើត            ភ្លេចអស់ខុសត្រូវ
         អាប់យសគ្រួសារ           អាត្មាធ្លាក់ជ្រៅ             សិរីមិននៅ
                                             មង្គលឃ្លាតឆ្ងាយ។
    ៣. ស្នេហាស្នេហ៍ហៃ           វក់ខ្លាំងចង្រៃ                សល់ត្រឹមសោកស្តាយ
         ទុំមុនស្រគាល               គេដៀលដល់ម្តាយ       អាស្រូវខ្ចរខ្ចាយ
                                             អសោចច្រាស់ខ្យល់។
    ៤.  ស្នេហាស្នេហ៍ហៃ           កេរ្តិ៍ឈ្មោះធ្លាប់ថ្លៃ         ប្រែជាស្អុយវល់
         បើវក់លេងងប់               មិនឈប់ខ្វាយខ្វល់       ដូចខ្លែងពឹងខ្យល់
                                             ស្ងប់ខ្យល់ធ្លាក់ដី។
    ៥.  ស្នេហ៍ហឺតស្នេហ៍ហៃ     ត្រូវគិតរាល់ថ្ងៃ             កុំឆ្កួតខ្លាំងអី
         ស្នេហ៍ឲតាមក្បួន           បើខ្លួនដល់វ័យ             ស្នេហ៍ឲប្រពៃ
                                             រៀបការតាមច្បាប់។                    

នៅៈថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១១ (ម៉ោងៈ ៦ៈ​ ៣៥នាទីព្រឹក)


http://limchamroeun.blogspot.com