Popular Posts

Thursday, May 31, 2012

មនុស្សអាក្រក់

http://limchamroeun.blogspot.com/
(បទក្របចក្រវាឡមេ១២ថ្មី)

                        ១.      មនុស្សអាក្រក់ ល្អក់ក្នុងចិត្ត ពិតមុខក្រាស់ ផ្លាស់មិនចេញ
                             ជេរនៅស្ញេញ ដេញមិនឆ្ងាយ កាយហាក់រម្យ ទមលាក់ល្បិច
                             ធៀបប្រុសព្រាន ឃ្លានតែស្រី ឆីកាមគុណ ធ្ងន់កលកិច្ច
                             ចិត្តប៉ងក្តិច ច្បិចដូចឃ្មុំ ទំក្រេបផ្កា សាវាក្បត់។
                   ២.      មនុស្សអាក្រក់ ដក់គំគួន ពួនព្យាបាទ ផ្លាតចិត្តព្រះ
                             ប្រាថ្នាឈ្នះ លះសុចរិត គិតទង្វើ ធ្វើជូរចត់
                             មិនខ្លាចបាប​ ឆ្អាប់ដោយកម្ម ត្រាំចិត្តមារ ជាប្រាកដ
                             ប៉ិនបែនបត់ ស្បថបំភាន់ ជាន់បំពាន ហ៊ានគ្រប់យ៉ាង។
                   ៣.      មនុស្សអាក្រក់ សក់ជ្រៀកល្អិត គិតគ្រប់ស្នៀត ឆ្លៀតឱកាស
                             គិតច្រើនណាស់​ ផ្លាស់ទំលាប់ ធ្លាប់ធ្វើល្អ បវរសាង
                             កេងប្រវ័ញ្ច ផ្ចាញ់ផ្ចាលគ្នា មារចិត្តយក្ស ជាក់ក្អេងក្អាង
                             ឫកប្រឹងកាង តាងទង្វើ ធ្វើជាប់ស្អិត គិតកំបាំង។
                   ៤.      មនុស្សអាក្រក់ បក់មិនប៉ើង ឡើយឃើញជាក់ លាក់ចិត្តមារ
                             គ្រប់មនុស្សម្នា ជាការពិត ឋិតក្នុងខ្លួន ពួនដូចខ្មាំង
                             ចាំសម្លាប់ ចាប់អ្នកខ្សោយ ឲ្យខ្វាយខ្វល់ ផលវាខ្លាំង
                             យ៉ាប់តតាំង ច្បាំងប្រហារ អាក្រក់មនុស្ស នោះច្រើនក្រៃ។


លីម ចំរើន
២៩.០៥.២០១២

ថើបមួយខ្សើត

បទក្របចក្រវាឡមេ១២ថ្មី)
       
  ១.ថើបមួយខ្សើត ស្រើតអារម្មណ៍ ក្រំរសាត់ បាត់ទៅឆ្ងាយ
  ហាក់សប្បាយ កាយវង្វេង លេងល្បិចស្នៀត ឆ្លៀតកេសកៀវ
  ដៃមិនស្ងៀម ត្រៀមក្រសោប ឱបស្រស់ស្រី ភ័យតែស្រៀវ
  ប៉ិនខាងរាវ ស្ទាវចរិត គិតឥតព្រឺ គឺឆ្កួតកាម។
  ២.ថើបមួយខ្សើត ភ្លើតភ្លើនចិត្ត គិតច្របល់​ ខ្វល់មិនហាម
  ប្រឹងឆ្កួតតាម កាមកើនក្រាស់ ផ្លាស់ទង្វើ ធ្វើពាលា
  មិនបានគិត ស្និទ្ធតែថ្ពាល់ ពាល់បំពាន ហ៊ានបំពារ
  អាចឈ្លោះគ្នា គ្រាគេខឹង​ នឹងមានគ្រោះ ព្រោះមួយខ្សើត។


លីម ចំរើន
២៥.០៥.២០១២