Popular Posts

Friday, March 29, 2013

ឱ!ព្រៃឈើ

http://limchamroeun.blogspot.com



(បទបថ្យាវត្ត)
  .   ឱ!ព្រៃឈើអើយអ្នកល្អអស្ចារ្យ                ខ្ញុំពិតចង់អារចង់កាប់អ្នកណាស់
        ព្រោះអ្នកដូចមាស.ពេជ្រ.ដុល្លារក្រាស់     ដើមថ្មីដើមចាស់សុទ្ធជាប្រយោជន៍។
  ២.   ខ្ញុំពិតមិនភ័យព្រួយស្លាប់ជាខ្មោច            កេរ្តិ៍ឈ្មោះអសោចគេសើចនិន្ទា
        ទាន់ខ្ញុំនៅរស់ត្រូវតែស្ទុះស្ទា                   មិនឲ្យវេលាកន្លងឥតន័យ។
  ៣.  ព្រោះខ្ញុំមានកូនប្រពន្ធចាំឆី                    ម្ហូបបាយ.សាច់.ត្រីធ្វើជាអាហារ
        ម្យ៉ាងចង់កើនទ្រព្យកិត្តិយសសក្តា           ឡាន.ផ្ទះវីឡាសម្ញែងគ្នីគ្នា។
  ៤.   ការពិតជាក់ស្តែងខ្ញុំរឹតវេទនា                  អ្នកដែលធូរធាមានបានថៅកែ
        ឯខ្ញុំអ្នកកាប់នៅតែធ្វើស្រែ                      ខ្វះខាតឥតល្ហែសារភាពខុសហើយ។
  ៥.   សុក្រំ.នាងនួន.បេង.ផ្ចឹក.ធ្នុងអ្ហើយ            ថ្ងៃមុខថ្ងៃក្រោយសន្យាឈប់ខុស
        សូមអ្នកប្រណីអភ័យផងចុះ                   ពួកខ្ញុំស្រីប្រុសនឹងប្រឹងការពារ។
  ៦.   ផ្សព្វផ្សាយអប់រំសហគមន៍ផងគ្នា             រក្សាធានាបរិស្ថានធម្មជាតិ
        ឲ្យបានគង់វង្សយូរលង់ឥតឃ្លាត              ដល់កូនចៅញាតិថែទ្រព្យដូនតា។
  ៧.  ឈប់ឈ្លក់វង្វេងពុលនិងដុល្លារ               បាត់បង់មនស្ការបំផ្លាញជាតិឡើយ
        ពិសេសព្រៃឈើកំពុងក្សត់ខ្សោយ           ហាក់យំដង្ហើយឲ្យយើងសង្រ្គោះ។
  ៨.   អភិរក្សបរិស្ថានឲ្យល្បីកេរ្តិ៍ឈ្មោះ             ទឹក.ដី.ព្រៃ.ជ្រោះសេវាទេសចរណ៍
        ឧស្សហ៍កម្មគ្មានផ្សែងដ៍ល្អ                     ប្រសើរបវររុងរឿងជាតិខ្មែរ។    
       
លីម ចំរើន ២៧.២០១៣
ម៉ោង.៨ៈ៥៥ នាទីយប់
 

តើខ្ញុំគិតអ្វី?

http://limchamroeun.blogspot.com



(បទបថ្យាវត្ត)
  .   ព្រលឹមស្រាងៗខ្ញុំស្វាងពីគេង                 ចិត្តហាក់ឃ្លោងឃ្លេងអារម្មណ៍មិនថ្លា
        តើខ្ញុំគិតអ្វីសូមជួយស្តីថា?                     គ្មានអ្វីទេណាក្រៅកូន,ប្រពន្ធ។
  ២.   ព្រោះត្រួវឃ្លាតកាយហាក់ឆ្ងាយពេកពន់   ដូចបៀបទុក្ខធ្ងន់ព្រួយលាក់ក្នុងចិត្ត
        ធ្វើការដីថ្មីសៀមប៉ាងមិនជិត                  អារម្មណ៍អាណិតខ្វាយខ្វល់គ្រួសារ។
  ៣.  មិនដឹងឥលូវកូនខ្ញុំយ៉ាងណា?                 ស្រែកយំរកប៉ាយ៉ាងណាទៅណ៎!
        នឹកគិតម្តងៗចិត្តខ្ញុំកករ                          ដូចលេបគ្រួសថ្មស្លាក់ជាប់កន្លើត។
  ៤.   ទោះចង់តវ៉ាមាត់ហាមិនកើត                  ការងារល្អឆើតល្អសំបកក្រៅ
        សូមកូនកុំយំប្រពន្ធកុំក្តៅ                       ក្តីសោកហ្មងសៅគង់រសាត់ឆ្ងាយ។
  ៥.   បងនិងវិលវិញទុក្ខម្នេញពិតស្រាយ          សប្បាយជុំកាយក្នុងក្រុមគ្រួសារ
        សោយសុខមង្គលអារម្មណ៍ស្រស់ថ្លា       ក្រោយបំពេញការងារចប់សព្វគ្រប់។

លីម ចំរើន ២៧.០៣.២០១៣
 

ឈប់យំទៅកូន

http://limchamroeun.blogspot.com



(បទបថ្យាវត្ត)
  .   សៀមប៉ាង.ស្ទឹងត្រែងនឹកសែនខ្លោចចិត្ត  ព្រោះអីអាណិតកូនប្រុសកូនស្រី
        ត្រូវឃ្លាតមុខពុកទាំងមិនដឹងអី           ទោះឃ្លាតពេលខ្លីតែមួយសប្តាហ៍។
  ២.   មិនដឹងឥលូវកូនយំយ៉ាងណា?          នឹកពុកខ្លោចផ្សាធ្លាប់ថ្នាក់ថ្នមថែ
        បញ្ចុកអាហារបំពេរគេងក្បែរ              ពិតយ៉ាប់អ្នកម៉ែពួកកូនស្លាប់ហើយ។
  ៣.  ឈប់យំទៅកូនមាសឪពុកអ្ហើយ        ទ្រូងពុកឥតស្បើយបៀបជាប់ទុក្ខា
        គេងកើយឱបព្រួយស្រក់ទឹកនេត្រា     ម្នាក់ឯងឯកាគ្មានអ្នកណាដឹង។
  ៤.   សូមកូនប្រុសស្រី.ប្រពន្ធកុំខឹង            ពុកនឹងវិលវ៉ឹងដល់ពេលកំណត់
        ជួបជុំគ្រួសារសប្បាយប្រាកដ            ឆ្ងាយសោកជូរចត់សោយសុខមង្គល។   
       
លីម ចំរើន ២៥.០៣.២០១៣

 

កូនកុំយំអី

http://limchamroeun.blogspot.com



(បទបថ្យាវត្ត)
  .   ឱ!កូនប្រុសស្រីកូនមាសឪពុក           ពុកត្រូវឃ្លាតមុខមួយរយៈខ្លី
        បំពេញការងារនៅតំបន់ថ្មី                 សៀមប៉ាង.ទឹកដីជាប់ដែនសីមា។
  ២.   កូនកុំយំអីអាណិតម៉ែណា                 គាត់យ៉ាប់កាយនិងផ្លូវចិត្តផង
        ពួកកូនត្រូវឆ្លាតកុំនំាសៅហ្មង            មិនយូរនួនល្អងពិតជួយពុកវិញ។
  ៣.  តែមួយសប្តាហ៍កូនកុំទុក្ខម្នេញ           ព្រួយសោកចិត្តជ្រេញគង់រសាត់ឆ្ងាយ
        ប្រពន្ធបងអើយអូនកុំខ្វល់ខ្វាយ          ប្តីពិតសុខកាយមិនបញ្ហាទេ។
  ៤.   សូមអូននិងកូនសោយសុខទាំងទ្វេ     បងព្រាត់រស់ទេគ្មានរឿងអ្វីឡើយ
        ពិតឆាប់ជួបវិញទុក្ខព្រួយស្រាកស្បើយ      លទ្ធផលចុងក្រោយសោយសុខមង្គល។

លីម ចំរើន ២៥.០៣.២០១៣

Sunday, March 24, 2013

គេងយោលអង្រឹង

http://limchamroeun.blogspot.com


(បទពាក្យ៨ទំនើប)
  .  គេងយោលអង្រឹងទន្ទឹងមើលម៉ោង              ភ័យភិតប្រហោងចិត្តហាក់មិននៅ
       ភ្នែកប្រឹងសម្លឹងសញ្ជឹងគិតទៅ                    មើលតាមដងផ្លូវក្រែងឃើញ អ៊ីត.ដូ។
  . ព្រោះតែរូបខ្ញុំគេចម៉ោងការងារ                    មិនសូវស្ទុះស្ទានាមជា អ៊ឹម.អូ
       ចាប់បក្សពួកក្រុមជាមួយ ស៊ី.អូ                    ហើយប្រឹងស្រែកថ្ងូរថានឿយហត់ណាស់។
  . មានតែពួកខ្ញុំទើបយល់ការពិត                    ជួនខ្លះប្រឌិតបំផ្លើសតែផ្តាស់
       មានហត់មាននឿយមានស្រួលយ៉ាប់ខ្លះ        ភាគច្រើនខ្ជិលណាស់ពេលដែលថ្ងៃក្តៅ។
  .  ទាំងគេទាំងខ្ញុំ អ៊ឹម.អូ, ស៊ី.អូ                        សូមច្រៀងស្រែកថ្ងូរអារម្មណ៍សោកសៅ
       តើថ្ងៃណាទៅទើបផុតល្ងង់ខ្លៅ                    មេឃ,ត្រជាក់ក្តៅឈប់គេចការងារ។

លីម ចំរើន ២០.០៣.២០១៣