Popular Posts

Saturday, June 23, 2012

ឫកអ្នកមាន

http://limchamroeun.blogspot.com

(បទក្របចក្រវាឡមេ១២ថ្មី)

                        ១.      ឫកអ្នកមាន ឃ្លានតែប្រាក់ ដាក់សម្ញែង ស្តែងអ្នកក្រ
                             ខ្លះមិនល្អ កករចិត្ត គិតពិសពុល យល់មិនបាន
                             ក្រៅសោភា ងារហាក់ហំ ចំអ្នកមាន ហ៊ានហួសស្មាន
                             ឱកាសបាន ប្រាណមិនស្ងៀម ត្រៀមល្បិចស្នៀត ឆ្លៀតប្រចាំ។
                   ២.      ឫកអ្នកមាន ញៀនសម្លុត ហុតអង្កៀម ឈាមអ្នកក្រ
                             ទោះអង្វរ ត្រដរខ្យល់ ខ្វល់សោកព្រួយ ជួយនាំសាំ
                             អ្នកមានខ្លះ ច្បាស់មិនគិត ចិត្តមេត្តា ថាផលកម្ម
                             ធ្វើប្រចាំ ចាំប្រវញ្ច័ ខ្លាញ់អ្នកអត់ ខ្សត់វេទនា។
                   ៣.      ឫកអ្នកមាន ស្ពានចម្លង ឆ្លងចិត្តយក្ស ជាក់សាហាវ
                             ដូចជើងប៉ាវ កាវក្រសោប ឱបប្រយោជន៍ ខ្មោចចិត្តមារ
                             ឫកនេះណា ចារជាប់ចិត្ត ស្អិតជាប់ខ្លួន ពួនគ្រប់គ្នា
                             ចាំវេលា គ្រាចំណេញ ចេញប្រល័យ វ៉ៃប្រហារ។
                   ៤.      ឫកអ្នកមាន ហ៊ានឈប់ទៅ នូវទង្វើ ធ្វើអាស្រូវ
                             អាសូរទៅ ត្រូវអាណិត ចិត្តខន្តី ក្តីមេត្តា
                             ដល់អ្នកខ្សត់ អត់ចំណី ឆីគ្រប់គ្នា ជាអាហារ
                             កុំផ្តាសា ថាមើលងាយ វាយឫកឆ្មើង ឡើងហួសមេឃ។
                   ៥.      ឫកអ្នកមាន រៀនរស់គិត​ ពិតតម្លៃ ថ្លៃបំផុត
                             ឈប់សម្លុត ហុតបឺតឈាម ត្រៀមល្បិចស្នៀត ឆ្លៀតខ្លាំងពេក
                             ក្រែងអភ័ព្វ ជាប់កម្មចាស់ ផ្លាស់រងទុក្ខ មុខសង្វេគ
                             ផ្តើមព្រួយស្លេក ដេកមិនស្ងប់ ឡប់ខ្វល់ខ្វាយ ឆ្ងាយមង្គល។

លីម ចំរើន
១៦.០៦.២០១២

ឫកអ្នកក្រ

http://limchamroeun.blogspot.com

(បទក្របចក្រវាឡមេ១២ថ្មី)

                        ១.      ឫកអ្នកក្រ ត្រដរខ្យល់ ខ្វល់រកប្រាក់ ដាក់សម្ញែង
                             អួតគេឯង ស្តែងអ្នកមាន រៀនល្បិចស្នៀត ឆ្លៀតដូចគេ
                             ខ្លះក្រពិត ចិត្តលោភលន់ ធ្ងន់ប្រមាណ ប្រាណគ្នាន់គ្នេរ
                             ចិត្តវៀចវេ ទេរចរិត គិតទង្វើ ធ្វើផ្តេសផ្តាស់។
                   ២.      ឫកអ្នកក្រ សអាចខ្មៅ ខ្លៅព្រោះលុយ ស្អុយទង្វើ
                             មារយាទភ្លើ ល្ងើវង្វេង ឃ្លេងឃ្លោងចិត្ត គិតបញ្ច្រាស់
                             ភ្លេចខុសត្រូវ នូវទំលាប់ ធ្លាប់ធ្វើល្អ កករផ្លាស់
                             ជួនជាក់ច្បាស់ ខ្លះវេទនា ជាឧបករណ៍ ល្អគេលេង។
                   ៣.      ឫកអ្នកក្រ ល្អផូរផង់ ត្រង់សុចរិត ចិត្តប្រពៃ
                             ច្រើនភក្តី ភ័យដំនៀល ដៀលមើលងាយ វាយដូចក្មេង
                             ក្រខ្លះហំ សមគោរព ភប់សរសើរ ស្មើបទភ្លេង
                             គេប៉ិនលេង ភ្លេងញ័រញាក់ ជាក់ច្រើនបទ កត់មិនអស់។
                   ៤.      ឫកអ្នកក្រ កករពិត ចិត្តខ្លះឆ្កួត អួតសព្វយ៉ាង
                             ខ្លះក្អេងក្អាង សាងមារយាទ ឃ្លាតថ្លៃថ្នូរ ប្តូរចិត្តស្មោះ
                             ព្រោះឆោតល្ងង់ លង់ល្បិចឆ្លៀត ស្នៀតអ្នកមាន ហ៊ានដូរដោះ
                             ចុងក្រោយខ្សោះ អស់តម្លៃ ថ្លៃប្រែថោក បោកតគ្នា។
                   ៥.​​      ឫកអ្នកក្រ តអក្ខរា ចារបំភ្លឺ គឺច្រើនក្រៃ
                             មានសាបប្រៃ ថ្លៃនិងថោក សោកសប្បាយ ឆ្ងាយពណ៌នា  
                                    ជាអ្នកក្រ ល្អក្នុងចិត្ត គិតប្រពៃ ន័យធៀបគ្នា
                              សុខហូរហៀរ គ្រាស្មោះត្រង់ ផ្ចង់គំនិត ពិតមង្គល។

លីម ចំរើន
២៣.០៦.២០១២

ឆ្ងាញ់ឆ្កួតក្តិត

http://limchamroeun.blogspot.com

(បទក្របចក្រវាឡមេ១២ថ្មី)

                        ១.      ឆ្ងាញ់ឆ្កួតក្តិត ពិតវេទនា គ្រាពេលក្រោយ ឲ្យទុក្ខភ័យ
                             គឺឆ្កួតស្រី អ្វីក៏អស់ ខ្សោះចិត្តកាយ ណាយជីវិត
                             ឆ្កួតប្រាថ្នា ការងារល្វើយ នើយប្រឹងធ្វើ ល្ងើល្ងង់ល្ងិត
                             វក់វីចិត្ត ស្អិតជាប់កាយ បាយលែងឃ្លាន ហ៊ាន់លះបង់។
                   ២.      អ្នកខ្លួនមួយ ព្រួយកើតទុក្ខ មុខឡើយស្លេក ដេកមិនបាន
                             ចិត្តរុញច្រាន ប្រាណជ្រើមជ្រួល ខ្មួលត្របាញ់ ក្នាញ់តម្រង់
                             ប្រឹងស្វែងរក មកសប្បាយ កាយភ្លេចខ្វល់ ឆ្ងល់ប្រឹងចង់
                             អារម្មណ៍ស្រង់ ត្រង់ស្រើបស្រាល ដាលលូតដុះ ខុសឥតគិត។
                   ៣.      អ្នកមានគ្នា​ ជាសង្សារ ថ្លាចិត្តកាយ ខ្វាយខ្វល់គ្មាន
                             ខ្លះភ្លេចរៀន ឃ្លានកាមគុណ ពន្ធប្រុសស្រី ឆីរួមរឹត
                             កាត់កេរ្តិ៍ខ្មាស់ ផ្លាស់ទង្វើ ធ្វើធ្លាប់ត្រូវ ទៅខុសពិត
                             ព្រោះក្ត.ក្តិត គិតស្រមៃ ក្រៃមិនស្វាង កាងរែកពន្ធ។
                   ៤.      ប្តីសាវា ការពេញច្បាប់ យ៉ាប់ដូចគ្នា គ្រាវង្វេង
                             បីដូចភ្លេង លេងឲ្យស្តាប់ ស្លាប់ចិត្តកាយ ណាយប្រពន្ធ
                             ជួនភ្លេចកូន សូន្យនឹកនា គ្រាបានក្តិត ស្និទ្ធផ្គាប់ផ្គន់
                             ភ្លេចស្រាលធ្ងន់ គន់ខុសត្រូវ នូវទង្វើ ធ្វើមិនសម។
                   ៥.      ទាំងនេះគឺ ឮគ្រប់គ្នា ជាការពិត ក្តិតផ្តល់គ្រោះ
                             ដល់ប្រុសងោះ ព្រោះឆ្ងាញ់ក្តិត ពិតផ្តល់ទុក្ខ មុខក្រៀមក្រំ
                             ពេលអ្វីៗ ន័យគ្មានពិត ចិត្តខុសខក បកមិនសម
                             សោកវាយដំ ខំរឹតចុក សុខរសាត់ បាត់មង្គល។

លីម ចំរើន
២៤.០៦.២០១២

ស្រមោចភ្លើង

http://limchamroeun.blogspot.com

(បទក្របចក្រវាឡមេ១២ថ្មី)

                        ១.      ស្រមោចភ្លើង ជើងទោះខ្លី ល្បីខ្លាំងខាំ ចាំប្រហារ
                             រាល់ហេតុការណ៍ ណាបំពាន ហ៊ានរំខាន ប្រាណយាយី
                             សត្វមិនខ្លាច  កាចឥតងោះ មោះមុតចិត្ត គិតនាទី
                             ប្រឹងវក់វី គ្នីគ្នាផ្តុំ ធំតូចរុំ ជុំប្រល័យ។
                   ២.      ស្រមោចភ្លើង ជើងទោះខ្លី ល្បីគួរស្ញើប ស្រើបខាំឈឺ
                             អ្វីហ៊ានឌឺ គឺឈឺចាប់ យ៉ាប់មិនខាន ប្រាណស្រមៃ
                             ទោះសត្វល្អិត ពិតពូកែ ខ្មែរស្គាល់ច្បាស់ ណាស់រាល់ថ្ងៃ
                             សាមគ្គីក្រៃ ក្ស័យមិនខ្លាច អាចលះបង់ ត្រង់ប្រយោជន៍។
                   ៣.      ស្រមោចភ្លើង ជើងទោះខ្លី ល្បីស្មោះស្មគ្រ័ ហាក់ចិត្តមួយ
                             តែងលើកស្ទួយ ជួយគ្នីគ្នា ជាទង្វើ ធ្វើគួរស្ងោច
                             ខុសសត្វរៃ ល្បីប៉ិនច្រៀង ល្អៀងគំនិត គិតអសោច
                             ខាតប្រយោជន៍ ខ្លោចដួងចិត្ត ពិតវេទនា គ្រាយ៉ាប់ក្រោយ។
                   ៤.      ស្រមោចភ្លើង ជើងទោះខ្លី ល្បីសាមគ្គា ជាទំលាប់
                             បីដូចទ័ព្ធ ងាប់មិនព្រឺ ឌឺវាខាំ ផ្តាំឲ្យហើយ
                             ទោះបីមនុស្ស នោះធំក្រៃ ដៃជើងមាន ហ៊ានក៏ដោយ
                             វានិងឲ្យ សោយឈឺចាប់ ​យ៉ាប់ដូចគ្នា ជាមេរៀន។

លីម ចំរើន
០៧.០៦.២០១២
http://stgchamroeun.wordpress.com