Popular Posts

Saturday, June 23, 2012

ឫកអ្នកមាន

http://limchamroeun.blogspot.com

(បទក្របចក្រវាឡមេ១២ថ្មី)

                        ១.      ឫកអ្នកមាន ឃ្លានតែប្រាក់ ដាក់សម្ញែង ស្តែងអ្នកក្រ
                             ខ្លះមិនល្អ កករចិត្ត គិតពិសពុល យល់មិនបាន
                             ក្រៅសោភា ងារហាក់ហំ ចំអ្នកមាន ហ៊ានហួសស្មាន
                             ឱកាសបាន ប្រាណមិនស្ងៀម ត្រៀមល្បិចស្នៀត ឆ្លៀតប្រចាំ។
                   ២.      ឫកអ្នកមាន ញៀនសម្លុត ហុតអង្កៀម ឈាមអ្នកក្រ
                             ទោះអង្វរ ត្រដរខ្យល់ ខ្វល់សោកព្រួយ ជួយនាំសាំ
                             អ្នកមានខ្លះ ច្បាស់មិនគិត ចិត្តមេត្តា ថាផលកម្ម
                             ធ្វើប្រចាំ ចាំប្រវញ្ច័ ខ្លាញ់អ្នកអត់ ខ្សត់វេទនា។
                   ៣.      ឫកអ្នកមាន ស្ពានចម្លង ឆ្លងចិត្តយក្ស ជាក់សាហាវ
                             ដូចជើងប៉ាវ កាវក្រសោប ឱបប្រយោជន៍ ខ្មោចចិត្តមារ
                             ឫកនេះណា ចារជាប់ចិត្ត ស្អិតជាប់ខ្លួន ពួនគ្រប់គ្នា
                             ចាំវេលា គ្រាចំណេញ ចេញប្រល័យ វ៉ៃប្រហារ។
                   ៤.      ឫកអ្នកមាន ហ៊ានឈប់ទៅ នូវទង្វើ ធ្វើអាស្រូវ
                             អាសូរទៅ ត្រូវអាណិត ចិត្តខន្តី ក្តីមេត្តា
                             ដល់អ្នកខ្សត់ អត់ចំណី ឆីគ្រប់គ្នា ជាអាហារ
                             កុំផ្តាសា ថាមើលងាយ វាយឫកឆ្មើង ឡើងហួសមេឃ។
                   ៥.      ឫកអ្នកមាន រៀនរស់គិត​ ពិតតម្លៃ ថ្លៃបំផុត
                             ឈប់សម្លុត ហុតបឺតឈាម ត្រៀមល្បិចស្នៀត ឆ្លៀតខ្លាំងពេក
                             ក្រែងអភ័ព្វ ជាប់កម្មចាស់ ផ្លាស់រងទុក្ខ មុខសង្វេគ
                             ផ្តើមព្រួយស្លេក ដេកមិនស្ងប់ ឡប់ខ្វល់ខ្វាយ ឆ្ងាយមង្គល។

លីម ចំរើន
១៦.០៦.២០១២

No comments: