Popular Posts

Saturday, June 23, 2012

ឫកអ្នកក្រ

http://limchamroeun.blogspot.com

(បទក្របចក្រវាឡមេ១២ថ្មី)

                        ១.      ឫកអ្នកក្រ ត្រដរខ្យល់ ខ្វល់រកប្រាក់ ដាក់សម្ញែង
                             អួតគេឯង ស្តែងអ្នកមាន រៀនល្បិចស្នៀត ឆ្លៀតដូចគេ
                             ខ្លះក្រពិត ចិត្តលោភលន់ ធ្ងន់ប្រមាណ ប្រាណគ្នាន់គ្នេរ
                             ចិត្តវៀចវេ ទេរចរិត គិតទង្វើ ធ្វើផ្តេសផ្តាស់។
                   ២.      ឫកអ្នកក្រ សអាចខ្មៅ ខ្លៅព្រោះលុយ ស្អុយទង្វើ
                             មារយាទភ្លើ ល្ងើវង្វេង ឃ្លេងឃ្លោងចិត្ត គិតបញ្ច្រាស់
                             ភ្លេចខុសត្រូវ នូវទំលាប់ ធ្លាប់ធ្វើល្អ កករផ្លាស់
                             ជួនជាក់ច្បាស់ ខ្លះវេទនា ជាឧបករណ៍ ល្អគេលេង។
                   ៣.      ឫកអ្នកក្រ ល្អផូរផង់ ត្រង់សុចរិត ចិត្តប្រពៃ
                             ច្រើនភក្តី ភ័យដំនៀល ដៀលមើលងាយ វាយដូចក្មេង
                             ក្រខ្លះហំ សមគោរព ភប់សរសើរ ស្មើបទភ្លេង
                             គេប៉ិនលេង ភ្លេងញ័រញាក់ ជាក់ច្រើនបទ កត់មិនអស់។
                   ៤.      ឫកអ្នកក្រ កករពិត ចិត្តខ្លះឆ្កួត អួតសព្វយ៉ាង
                             ខ្លះក្អេងក្អាង សាងមារយាទ ឃ្លាតថ្លៃថ្នូរ ប្តូរចិត្តស្មោះ
                             ព្រោះឆោតល្ងង់ លង់ល្បិចឆ្លៀត ស្នៀតអ្នកមាន ហ៊ានដូរដោះ
                             ចុងក្រោយខ្សោះ អស់តម្លៃ ថ្លៃប្រែថោក បោកតគ្នា។
                   ៥.​​      ឫកអ្នកក្រ តអក្ខរា ចារបំភ្លឺ គឺច្រើនក្រៃ
                             មានសាបប្រៃ ថ្លៃនិងថោក សោកសប្បាយ ឆ្ងាយពណ៌នា  
                                    ជាអ្នកក្រ ល្អក្នុងចិត្ត គិតប្រពៃ ន័យធៀបគ្នា
                              សុខហូរហៀរ គ្រាស្មោះត្រង់ ផ្ចង់គំនិត ពិតមង្គល។

លីម ចំរើន
២៣.០៦.២០១២

No comments: