Popular Posts

Friday, May 25, 2012

ស្ម័គ្រឈឺព្រមទាំងពីរប្រាណ

(បទបថ្យាវត្ត)
១.       ភ្នែកខ្ញុំប្រឹងធ្មេចបំភ្លេចរូបស្រី                    តែហាក់ឥតន័យធ្មេចឥតបានការ
          ព្រោះវង្សភក្រ័្តស្រីផ្តិតជាប់ចិន្តា                  ទោះចង់ប្រាថ្នាក៏លុបមិនបាន។
២.      បើរឹងបំភ្លេចទុក្ខមករំខាន                         ហាក់ធ្លាក់ក្នុងឋានស្នេហ៍ក្នុងសុបិន
          ពិតដូចមិនពិតត្រឡប់ត្រឡិន                   ម្តងឆៅម្តងឆ្អិនឲ្យខ្ញុំវង្វេង។
៣.      ទោះចង់រត់គេចមាត់ថាឈប់លេង             តែចិត្តឃ្លោងឃ្លេងកាត់មិនដាច់ឡើយ
          ព្រោះខ្ញុំឈានហួសពិបាកបកក្រោយ         ខ្ញុំ.នាងលេងហើយគ្មានអ្នកចង់ចាញ់។
៤.      ទាំងដឹងការពិតមិនគួរស្រលាញ់                តែចិត្តត្របាញ់ស្រលាញ់ជ្រុលហួស
          បើឈប់ឥលូវពិតគ្មានអ្វីជួស                    ក្រៅពីជំនួសសោយទុក្ខពីរប្រាណ។
៥.      ម្យ៉ាងព្រោះស្នេហ៍នេះទើបផ្តើមសុខសាន្ត    ពិតមិនចង់បានទឹកភ្នែកនោះទេ
          តើធ្វើម្តេចទៅទាំងខ្ញុំទាំងគេ                      ស្នេហ៍រួមរឹតទ្វេគ្មានអ្នកចង់ឈប់។
៦.      ក៏ដឹងដូចគ្នាស្នេហ៍ដូចថ្ងៃយប់                   ព្រលឹមព្រលប់ជួនអណ្តែតលិច
          ពិបាកខ្លាំងណាស់កាត់ចិត្តបំភ្លេច              បីដូចថ្ងៃលិចគ្មានអ្នកឃាត់វា។
៧.      ឯស្នេហ៍ពួកខ្ញុំអាចធៀបដូចគ្នា                  ជួនក្តៅរងានិន្ទាចុងក្រោយ
          ស្នេហ៍ខុសច្បាប់ក្បួនផុងខ្លួនទៅហើយ       ឱ!ម្ចាស់ថ្លៃអ្ហើយខ្ញុំជ្រើសផ្លូវណា?
៨.      ម្ខាងប្រពន្ធកូនម្ខាងជាសង្សារ                   តើចោលមួយណាឬទុកមួយណី?
          បើម្នាក់ម្ខាងៗសុទ្ធស្មោះភក្តី                     គ្រាន់មួយចាស់.ថ្មីតម្លៃដូចគ្នា។
៩.      ឬខុសពីរខ្ញុំចិត្តល្មោភពាលា                      ឆ្កួតកាមចិត្តមារអាត្មានិយម
          តាំងខ្លួនជាព្រានឫកដូចសត្វឃ្មុំ                 ប៉ងឲ្យស្រីយំទើបខ្ញុំអស់ចិត្ត។
១០.    នេះគឺទុក្ខធំដូចចំរៀងពិត                         ទុក្ខសោករួមរឹតព្រោះប្រពន្ធពីរ
          គ្មានទុក្ខអ្វីស្មើនៅលើធរណី                      កាយមួយចិត្តពីរលំបាកបែងចែក។
១១.    បើផ្គាប់ចិត្តម្ខាងម្ខាងពិតយំស្រែក              ទ្រូងខ្ញុំស្ទើរបែកពេលគិតម្តងៗ
          មិនគួរអ្វីខ្ញុំមិនស្រាយចំណង                    បែរប្រឹងរឹងចងលេងល្បែងស្នេហា។
១២.    មានប្រពន្ធហើយប្រឹងលួចសាវា                ឬកម្មពៀរចារបន្សល់ជាតិមុន?
          អាណិតជាងគេកូនហើយប្រពន្ធ                តែទុក្ខរឹងធ្ងន់ស្រីខ្ញុំស្រលាញ់។
១៣.   បើខ្ញុំនិងនាងពិតមិនព្រមចាញ់                  រឹងរឹតស្រលាញ់ដល់ថ្ងៃបែកគ្នា
          ស៊ូរកាត់កេរ្តិ៍ខ្មាស់រងពាក្យនិន្ទា                  ព្រោះស្នេហ៍ហូរហៀរដួសអស់មិនបាន។
១៤.    មានតែស្ម័គ្រឈឺព្រមទាំងពីរប្រាណ           ទើបស្នេហ៍ទៅបានបន្តខាងមុខ
          ទ្រាំលេបគ្រួសថ្មរង់ចាំសោយទុក្ខ              បីដូចជាប់គុកដែលឥតស្រមោល។
១៥.    សូមផ្តាំប្រុសស្រីកុំប្រឹងតាមបោល             ឈោងចាប់ស្រមោលស្នេហ៍ដូចសុបិន
          មានគូឥតគូកុំធ្វើឯងប៉ិន                          លេងល្បែងស្នេហ៍សិនខុសដូចពួកខ្ញុំ។


លីម ចំរើន
ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១២(ម៉ោងៈ ៣ៈ១០នាទីព្រឹក)

http://limchamroeun.blogspot.com

No comments: