Popular Posts

Friday, May 25, 2012

អាសូរខ្លះផង

(បទបថ្យាវត្ត)
       .ប៉ាស្ទើរស្រក់ឈាមបៀមទុក្ខក្នុងទ្រូង                  បីដូចអន្លូងសំពងក្បាលប៉ា
          កូនគេមានខ្សែរចាក់ថ្នាំបង្ការ                              កូនខ្ញុំលេសថាអត់ធ្វើការងារ។
       .កូនង៉ែតជិតខាងយំឆ្លើយឆ្លងគ្នា                          ខ្ញុំឮវេទនាសង្វេគចិត្តក្រៃ
          ឬកូនខ្ញុំថោកឯកូនគេថ្លៃ                                    មិនស្មើសត្វចៃឬឆ្កែស្រុកគេ។
       .កូនខ្ញុំកូនមនុស្សមិនមែនឆ្កែទេ                           តម្លៃក្រៃទ្វេក៏ត្រូវការរស់
          ធ្វើឲ្យសមរម្យសង្គមផ្តល់ឈ្មោះ                          តម្លៃកិត្តិយសគង់វង្សអមតៈ។
       .ល្មមឈប់ចែកទៅសង្គមវណ្ណៈ                           សំអាងពួកបក្សអាក្រក់ណាស់ណា
          ត្រូវការសង្រ្គោះចាយសុទ្ធដុល្លារ                         ចុះស្រែចំការគេអាងពឹងអ្វី?។
       .កូនខ្ញុំតើពេទ្យគេទុក្ខដូចស្អី?                              និងកូនដទៃអ្នកក្រវិញនោះ
          ក៏សុទ្ធតែខ្មែរគឺជាមនុស្ស                                   សូមពេទ្យខូចនោះអាសូរខ្លះផង។
     ៦.  ឈប់ខុសពាលាសាងរឿងសៅហ្មង                    អាក្រក់កន្លងជាតិខ្មែរដូចគ្នា
          គួរប្រឹងព្យាបាលមេត្តាឆាប់ជា                             កុំប្រឹងស្ទុះស្ទារឆ្ងាញ់តែដុល្លារ។
     ៧. រក្សាតម្លៃសីលធម៌ផងណា                                កុំឲ្យបាតផ្សារអ្នកផងនិន្ទា
          យើងជាតិតែមួយត្រូវប្រឹងជួយគ្នា                        ទើបសមមុខងារគ្រូពេទ្យគំរូ។
     ៨.  បានលុយឥតលុយសូមកុំរអ៊ូ                              ព្យាបាលស្បើយធូរគេគង់នឹកគិត
          ជូនខ្លះតិចតួចតាមសទ្ទាពិត                               សូមកុំតូចចិត្តអ្នកខ្លះក្រក្រី។
     ៩.  ពេទ្យគេធ្វើល្អខ្ញុំសូមអភ័យ                                មិនប៉ះពាល់អីមានតែគោរព
          ដឹងគុណគ្រប់គ្នាមិនថាថ្ងៃយប់                            សុខសាន្តលើសលុបជួបតែមង្គល។
     ១០.បើពេទ្យខូចខឹងមេត្តាស្វែងយល់                        ថ្ងៃក្រោយជួបជល់សិរីហូរហៀរ
          អស់អ្នកជំងឺឈប់ស្តីនិន្ទា                                   ពេទ្យខ្មែរគ្រប់គ្នាល្បីល្បាញរុងរឿង។

ស្ទឹងត្រែង ថ្ងៃ អង្គារទី៨ ខែឧសភា ឆ្នាំ២០១២
តែងចប់ ម៉ោង ២ៈ ២០ ព្រឹក

http://limchamroeun.blogspot.com

No comments: