Popular Posts

Friday, May 25, 2012

កុំត្រាប់តាមខ្ញុំ

(បទបថ្យាវត្ត)
            ១. ដឹងដែរឮដែរតែគេចមិនបាន              អារម្មណ៍រំខានបង្ខំឲ្យគិត
                ដូចមេឃស្រឡះផ្លាស់ប្រែងងឹត         ទុក្ខសោករួមរឹតខ្ញុំព្រួយម្នាក់ឯង។
            ២. ដឹងដែរស្នេហ៍នេះបីដូចជាផ្សែង         ឬដូចជាល្បែងគង់ចាញ់រហាម
                ហេតុអ្វីក៏ខ្ញុំនៅប្រឹងឆ្កួតតាម               មាត់ខ្ញុំប្រឹងហាមតែចិត្តមិនស្តាប់។
            ៣.មិនឃើញមុខម្តងចិត្តហាក់ប៉ងស្លាប់     ស្នេហ៍ខ្ញុំម្តេចយ៉ាប់សាងឡើងខុសគេ
                ប្រុសច្រើនគគោកខ្ញុំមិនស្នេហ៍ទេ       ឬកម្មបុព្វេស្នេហ៍ប្រុសមានម្ចាស់។
            ៤. ចំណែករូបគេក៏ស្នេហ៍ខ្ញុំណាស់          ស៊ូកាត់កេរ្តិ៍ខ្មាស់ឆ្លៀតជួបរាល់ថ្ងៃ
                បើធ្វើយ៉ាងនេះម្តេចដាច់អាល័យ        ឱព្រះម្ចាស់ថ្លៃខ្ញុំគិតយ៉ាងណា។
            ៥. បើបន្តទៀតពិតរងទុក្ខា                     ស្រក់ទឹកនេត្រាថ្ងៃមួយមិនខាន
                ឬមួយកម្មខ្ញុំតាមមករំខាន                 ខ្ញុំគួរទប់ប្រាណខ្លាចរងកម្មក្រាស់។
            ៦. តើធ្វើម្តេចទៅទើបខ្ញុំស្វាងច្បាស់?       ឈប់ស្នេហ៍ផ្តេសផ្តាស់ផ្លាស់ចិត្តស្រស់ថ្លា
                ជួយប្រាប់ខ្ញុំផងត្រូវធ្វើបែបណា          ឈប់ឆ្កួតស្នេហាស្រវាប្តីគេ។
            ៧. កុំត្រាប់តាមខ្ញុំសុខុមគ្មានទេ            ទុក្ខសោករឹតទ្វេឆ្កួតក្នុងសុបិន
                សូមស្រីគ្រប់ប្រាណកុំស្មានឯងប៉ិន     ស្នេហ៍ត្រូវគិតសិនខ្លាចខុសដូចខ្ញុំ។

លីម ចំរើន
(តែងសម្រាប់នារីម្នាក់)
១៩.០៥.២០១២ (ម៉ោងៈ ៩ៈ២០នាទីព្រឹក)


http://limchamroeun.blogspot.com

No comments: