បទកាកគតិ)
១ . នរណាយល់ខ្ញុំ? ទុក្ខសោកពូនផ្តុំ មិនងាយគេយល់
គេច្រើនមើលងាយ និយាយអំពុល គ្មានស្វែងឬសគល់
ចំណងបញ្ហា។
២ . កើតពីពោះម្តាយ គ្រប់ស្ត្រីទាំងឡាយ គា្មនអ្នកប្រាថ្នា
ធ្វើស្រីលក់ខ្លួន ខុសក្បួនមាត្រា សីលធម៌ខេមរា
ឲ្យខូចបង់ទេ។
៣ . តើធ្វើយ៉ាងម៉េច? រៀនសូត្របានតិច ត្រូវចាញ់បោកគេ
ខូចខុសបង់កាយ យ៉ាប់ស្រាយព្រួយទ្វេ ជីវិតទន់ទេរ
រេដូចចុងស្រល់។
៤ . ជាម្តាយឬកូន ទោះបីស្លាប់សូន្យ ត្រូវស្រាយកង្វល់
ចិញ្ចឹមប្អូនបង ត្រសងខ្វាយខ្វល់ រកប្រាក់ផ្ញើផ្តល់
ផ្គត់ផ្គង់គ្រួសារ។
៥ . លះកេរ្តិ៍កាត់ខ្មាស់ ស៊ូរងកម្មក្រាស់ ទាសីតណ្ហា
បំរើប្រុសព្រាន ដែលមានដុល្លារ ចិត្តព្រើលសាវា
ក្បត់កូនប្រពន្ធ។
៦ . ក្បត់ទាំងខ្លួនឯង ធ្វើឫកសម្ញែង ហាក់ខ្លាំងពេកពន់
អាងលុយចាយផ្គើន ព្រហើនស្តីធ្ងន់ ភ្នែកប្រឹងគយគន់
ស្រីដូចសំរាម។
៧ . គ្មានក្តីអាណិត អាសូររឿងពិត ខ្ញុំយំរហាម
តស៊ូលេបលាក់ មិនខ្ជាក់ប្រឹងហាម មិនទោរទន់តាម
ពាក្យគេមើលងាយ។
៨ . ទ្រាំលាក់ម៉ែឪ កំបាំងអាស្រូវ មិនហ៊ាននិយាយ
ស៊ូយ៉ាប់ម្នាក់ឯង លីសែងទូលស្ពាយ ប្រឹងស្រាយសំពាយ
ចំណោទបញ្ហា។
៩ . តែខ្ញុំសុំចិត្ត មេត្តាអាណិត ពួកខ្ញុំផងណា
ឈប់សើចតិះដៀល ដំនៀលផ្តាសា ពួកខ្ញុំត្រូវការ
កិត្តិយសដូចគ្នា។
១០. បើមានឱកាស ខ្ញុំអាចប្រែផ្លាស់ ពិតស្បថស្មារលា
ឈប់ធ្វើខុសខូច ឲ្យដូចនិន្ទា ប្រឹងស្វែងវិជ្ជា
សាងជីវិតថ្មី។
នៅៈថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១១ (ម៉ោងៈ ១១ៈ៤៥ នាទីយប់)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/010 730 083
http://limchamroeun.blogspot.com
No comments:
Post a Comment