Popular Posts

Saturday, May 5, 2012

សត្វកណ្តៀរ



(បទពំនោល)

១.    នាមខ្ញុំជាសត្វកណ្តៀរ            ពីដើមគ្រប់គ្នា                    គ្រប់គ្រាគេតែងសរសើរ។
២.    ជាសត្វឧស្សាហ៍គ្រាន់បើ        ការងារប្រសើរ                   ដំណើរជាសត្វព្យាយាម។
៣.   គ្មានចិត្តបង្កសង្រ្គាម              ប្រើល្បិចបឺតឈាម             ចេះត្រៀមបីដូចឈ្លើងឡើយ។
៤.   ដល់ពេលដីថ្លៃកើនហើយ       ខ្ញុំមិនកន្តើយ                      កាងឲ្យកូនចៅសុខសាន្ត។
៥.    ទោះមនុស្សខ្ញុំក៏រំខាន             យាយីគ្រប់ប្រាណ              សព្វឋានឲ្យតែដីល្អ។
៦.    ប្រឹងពូនជំរកបវរ                   ឲ្យកូនបន្ត                         កំដរមុនពេលខ្ញុំស្លាប់។
៧.   សត្វកណ្តៀរមិនខ្លាចច្បាប់      ខ្ញុំប្រឹងប្រញ៉ាប់                   ខ្លាច់យ៉ាប់មនុស្សយកអស់។
៨.    ខ្ញុំកាងវ៉ាងទីកៀនកោះ            ស្ទើរគ្រប់ចន្លោះ                  ប្រឹងបោះដំបូកយកដី។
៩.    គ្នាខ្ញុំមានច្រើនសឹងអី             កណ្តៀរហាក់ល្បី                មិនភ័យហាក់មានអំណាច។
១០.  សត្វខ្ញុំអ្នកក្រឃើញខ្លាច          ហាក់ដូចបីសាច                 កោងកាចហាក់ប្លន់ដីស្រស់។
១១.  ព្រោះអ្នកក្រគ្មានអាងសោះ     ឬល្ងង់ត្រង់ស្មោះ                ជឿអស់ថាវាមិនអី។
១២. ចុងក្រោយខ្លះបាត់បង់ដី         ប្រឹងតវ៉ាស្តី                        គ្មានន័យកណ្តៀរច្រើនក្រៃ។
១៣. ទោះចង់កាប់ឈូសប្រល័យ    គង់អាចស្លាប់ក្ស័យ             ដោយដៃកណ្តៀរដូចគ្នា។
១៤.  ត្រូវចំណាយយូរវេលា            គេអាចឈ្លោះគ្នា                សុទ្ធជាកលល្បិចពួកខ្ញុំ ។
១៥.  ទម្រាម់កូនចៅខ្ញុំធំ                 បង្កើនពួកក្រុម                   ពូនផ្តុំរស់នៅអមតៈ។


លីម​ ចំរើន
២៥.០៤.២០១២




http://limchamroeun.blogspot.com

No comments: