(បទបន្ទោលកាក) របៀបទី២
១ . ស្រីល្អរូបរាង មិនល្អជាជាងល្អចិត្ត
មារយាទល្អពិត ចេះរាប់ញាតិមិត្តប្រុសស្រី។
២ . ស្រីល្អរូបរាង មិនល្អជាជាងចេះស្តី
ពីរោះមានន័យ ញញឹមប្រឹមប្រីយស្រទន់។
៣ . ស្រីល្អរូបរាង មិនល្អជាជាងចិត្តធ្ងន់
ខន្តីជាទុន មេត្តាជាមន្តមង្គល។
៤ . ស្រីល្អរូបរាង មិនល្អជាជាងចេះយល់
មិននាំអំពល់ បញ្ហារវល់ដល់ប្តី។
៥ . ស្រីល្អរូបរាង មិនល្អជាជាងភក្តី
ស្មោះស្ម័គ្ររូបប្តី គ្មានចិត្តពីរបីសាវា។
៦ . ស្រីល្អរូបរាង មិនល្អជាជាងបញ្ញា
ចេះដោះបញ្ហា ប្រឹងប្រែងធ្វើការព្យាយាម។
៧ . ស្រីល្អរូបរាង មិនល្អជាជាងចេះត្រៀម
មិនខ្ជិលដេកស្ងៀម ប្រើល្បិចលាក់លៀមខាតលក្ខណ៍។
៨ . ស្រីល្អរូបរាង មិនល្អជាជាងចាំជាក់
ច្បាប់ស្រីបញ្ជាក់ បដិបត្តិជាក់លាក់ខ្ជាប់ខ្លួន។
លីម ចំរើន
២៥.០៤.២០១២
http://limchamroeun.blogspot.com
No comments:
Post a Comment