(បទកាកគតិ)
១. ខ្ញុំជាសត្វហ៊ីង ពោះធំកំពីង កំប៉ោងអស្ចារ្យ
សត្រូវមកក្បែរ ខ្ញុំប្រែក្រឡា បំប៉ោងកាយា
មាឌហាក់សម្បើម។
២. ទោះធំតូចល្អិត ហ៊ីងហាក់ខ្លាំងពិត ពួកអួតឬទ្ធិឆ្នើម
សម្ញែងគេឯង ឥតក្រែងស្លាប់ហើម អ្នកខ្លះរអើម
ខ្ពើមខ្លាចគ្រប់គ្រា។
៣. ហ៊ីងខ្ញុំខ្លាំងស្រែក យំលឺហាក់ប្លែក ហាក់ផ្អើលមេឃា
ហាក់បញ្ជាភ្លៀង ធ្លាក់ទៀងវេលា ហាក់មានឬទ្ធា
ខ្លាំងក្លាម្យ៉ាងដែរ។
៤. សត្វហ៊ីងហាក់កាច អ្នកក្រុងហាក់ខ្លាច ហាក់ពេញស្រុកខ្មែរ
តែផ្ទុយជនបទ នឿយហត់ហូរហែរ ក្នាញ់ហ៊ីងតាមស្រែ
ដេញចាប់អាំងឆី។
៥. អ្នកគួរកោតខ្ញុំ ក្បាលពោះប៉ោងធំ ពូកែស៊ឹងអី
តូចធំយំអួត អំនួតហួសស្តី ខ្លាំងហាក់គ្មានអ្វី
ប្រៀបស្មើខ្ញុំឡើយ។
២៣.១១.២០១១
លីម ចំរើន
http://limchamroeun.blogspot.com
No comments:
Post a Comment