Popular Posts

Monday, April 16, 2012

គ្រូពេទ្យ

(បទពំនោល)
   ១.    បើខ្ញុំឈឺគឺទៅណា?                    ទៅពេទ្យឬផ្សារ                  មេត្តាជួយប្រាប់ខ្ញុំផង។
  ២.    បើទៅពេទ្យដូចអ្នកផង                ហាក់នាំសៅហ្មង                តបស្នងសងផ្លូវចិត្តឈឺ។
  ៣.   បើអត់លុយពេទ្យហាក់ឌឺ             ជួយហាក់បញ្ឈឺ                ឃើញឮសាយសុសជាក់ស្តែង។
  ៤.    ពេទ្យខ្លះធ្វើហាក់កំប្លែង               សីលធម៌ដូចផ្សែង              សម្ញែងអួតសញ្ញាប័ត្រ។
  ៥.    ទង្វើខ្លះថោកជាងសត្វ                អ្នកជំងឺស្កាត់                      ភ្លេចបាត់អស់តួនាទី។
  ៦.    បានលុយហាក់ប្រឹងសំភី             ហៅចែកគ្នាស៊ី                   វក់វីហាក់ខំឧស្សាហ៍។
  ៧.   អ្នកឈឺឥតលុយវិញណា             ដូចគ្មានឈឺឆ្អា                    រត់ការព្យាបាលលឿនឡើយ។
  ៨.    ដល់ញាតិគេហុចលុយឲ្យ            បានដើរតាមក្រោយ            ខំដោយចិត្តហាក់ខ្នះខ្នែង។
  ៩.    ខ្ញុំស្តីមិនមែនកំប្លែង                    ជួបពិតខ្លួនឯង                   ជាក់ស្តែងប្រពន្ធឈឺពោះ។
  ១០.  សុំស្តីមិនឲ្យចំឈ្មោះ                   ខុសឆ្គងទាប់ខ្ពស់                កិត្តិយសពេទ្យខ្មែរនោះទេ។
  ១១.  ហេតុអ្វីខ្មែរឈឺទៅគេ                  គំនិតប្រែវេរ                       គ្នាន់គ្នេរបាត់ទំនុកចិត្ត។
  ១២. ទី១សីលធម៌ស្រុតពិត                 ពេទ្យលក់គំនិត                  ស្នេហ៍ស្និទ្ធគិតតែរឿងលុយ។
  ១៣. ទី២ចាយច្រើនសោរហ៊ុយ            ព្យាបាលស្ទូចលុយ             ដូចរុយវក់ឆ្ងាញ់លាមក។
  ១៤.  បុណ្យបាបលែងខ្លាចនរក            គិតតែបក្សពួក                   ប្រឹងលក់កិត្តិយសពេទ្យខ្មែរ។
  ១៥.  ទី៣ស៊ីលុយហួរហែរ                   តែមិនពូកែ                        វក់តែក្លីនិចខាងក្រៅ។
  ១៦.  ចាំបាច់ទាល់ដុល្លារហៅ              មិនស្រួលឆេះក្តៅ               កម្លៅមិនងាយមកជួយ។
  ១៧. ពេទ្យរដ្ឋមិនសូវលើកស្ទួយ           បោកតែជំនួយ                   រំអួយសុំគេឧបត្តម្ភ។
  ១៨.  ការងារហាក់ប្រឹងបន្លំ                  ធ្វើហាក់ដូចខំ                    សន្សំបុណ្យសក្តិដុល្លារ។
  ១៩.  មិនសូវអាសូរខេមរា                   ហាក់ខ្វះមេត្តា                    ករុណាមនុស្សផងគ្នា។
  ២០. បើខឹងពាក្យខ្ញុំនិន្ទា                      សូមកែគ្រប់គ្នា                   វេលាមិនហួសពេលឡើយ។
  ២១. បើខុសពិតខ្មែរថាឲ្យ                   ឯពេទ្យល្អហើយ                 ថ្ងៃក្រោយកេរ្តិ៍ឈ្មោះអមតៈ។

នៅៈថ្ងៃចន្ទ័ ​ទី០៨ ខែមេសា ឆ្នាំ២០១២ (ម៉ោងៈ ១១ៈ៣៥ នាទីព្រឹក)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣


http://limchamroeun.blogspot.com

No comments: