(បទបន្ទោលកាក) របៀបទី១
១. ឫកអ្នកផឹកស្រា វោហារភ្លេចក្រែងតែងអួត
ផឹកច្រើនដូចឆ្កួត ដេកក្អួតគេខ្ពើមមិនក្បែរ។
២. ឯអ្នកខ្លះទៀត ចោរម្សៀតស្តីថាប៉ោឡែ
អ្នកផងមិនស្នេហ៍ ថៅកែសេដ្ឋីសុំខ្មាស់។
៣. អ្នកខ្លះខ្សត់ទេ ស្តីវេរអួតឆ្នើមបញ្រ្ចាស់
ក្មេងសឹងភ្លេចចាស់ ឬផ្លាស់ចាស់ថោកជាងក្មេង។
៤. ចិត្តស្លូតប្រែកាច កំណាចចិត្តហ៊ានអ្នកលេង
ខួរក្បាលវង្វេង ឃ្លោងឃ្លេងភ្លេចដឹងខុសត្រូវ។
៥. ឥតខ្លាចអ្នកណា មិនថាបងប្អូនម៉ែឪ
ប្រែថោកអាស្រូវ សល់នៅសោកស្តាយក្រោយស្វាង។
៦. ទោះចង់បកក្រោយ គ្មានឡើយអ្វីមកសំអាង
ហេតុទង្វើសាង ត្រេងត្រាងស្រវឹងព្រោះស្រា។
៧. ខ្ញុំមិនប្រតិដ្ឋ ការពិតជាក់ស្តែងច្បាស់ការណ៍
ឫកអ្នកផឹកស្រា វោហារសម្បើមឥតក្រែង។
៨. បើបានអានហើយ សូមឆ្លើយទប់ចិត្តខ្លួនឯង
កុំអាងខែងរែង សម្ញែងយកស្រាធ្វើលេស។
៩. ទោះបីអ្នកប្រាជ្ញ ប្រែអាចគំនិតមិនផេះ
ឆ្កួតស្រាដូច្នេះ ចំណេះអាចប្រែជាសូន្យ។
១០. បើផឹកឲ្យក្រែង គេឯងប្រពន្ធនិងកូន
តម្លៃកុំសូន្យ ដូចក្បូនគ្មានអាងពឹងអ្វី។
លីម ចំរើន (៣០.០៣.២០១២) ម៉ោង៤ៈ៣០នាទីល្ងាច
http://limchamroeun.blogspot.com
No comments:
Post a Comment